ភ្នំពេញ៖ ទម្រង់សិល្បៈទស្សនីយភាព ល្ខោនបុរាណខ្មែរ គ្រោងចេញសម្តែង តាមសហគមន៍ សំដៅជំរុញការស្តារឡើងវិញ នូវទម្រង់សិល្បៈវប្បធម៌ របស់កម្ពុជា នេះកុំឱ្យបាត់បង់ ដើម្បីទុកឱ្យមនុស្សជំនាន់ក្រោយៗទៀតបានស្គាល់ពីមរតកវប្បធម៌ ដែលបន្សល់ពីបុព្វបុរសខ្មែរយើង ។
នេះបើតាមការឱ្យដឹង របស់លោកស្រី ណម ណារីម អនុប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី១៩ ខែមករានេះ នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីកម្មវិធីនៃរដូវកាលវប្បធម៌ ដែលគ្រោងធ្វើនៅតាមសហគមន៍ ចាប់ពីខែកុម្ភៈ ដល់ខែមីនាខាងមុខនេះ ក្រោមកិច្ចសហការពីអង្គការសិល្បៈខ្មែរអមតៈ និងវិទ្យាស្ថានបារាំងកម្ពុជា ព្រមទាំងជំនួយពីទីភ្នាក់ងារ អភិវឌ្ឍន៍អន្តរជាតិស៊ុយអែត ហៅកាត់ ស៊ីដា (Sida) ។
លោកស្រី បន្តថា កម្មវិធីរដូវកាលវប្បធម៌នៅឆ្នាំ២០២៣នេះ នឹងផ្តល់ឱកាសដល់សិល្បករ ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ មានលទ្ធភាពបញ្ចេញ នូវគំនិតស្នាដៃ ក៏ដូចជាបង្កបរិយាកាសមួយ ដើម្បីជួយឱ្យទម្រង់សិល្បៈទស្សនីយភាព ល្ខោនបុរាណ មានភាពរស់រវើកឡើងវិញ តាមរយៈការសម្តែង នៅលើឆាកក្នុងកម្មវិធី រោងសម្តែង និងសហគមន៍នានា ។ លោកស្រី ថ្លែងថា «កម្មវិធីរដូវកាលវប្បធម៌នេះ ជាការជ្រោមជ្រែងមួយ ដែលជួយឱ្យទម្រង់ សិល្បៈទស្សនីយភាពនេះ រស់រានឡើងវិញ។ បើមិនមានការសម្តែងទេ ទម្រង់សិល្បៈទស្សនីយភាពនេះ អាចឈានទៅរកការបាត់បង់ នាពេលអនាគត» ។
លោកស្រី ថន សីម៉ា ដែលជាអ្នកដឹកនាំរៀបចំដំណើរ ទស្សនាចររដូវវប្បធម៍ នៃអង្គការសិល្បៈខ្មែរអមតៈ បានឱ្យដឹងថា ការនាំយកផ្ទាំង ទស្សនីយភាពសិល្បៈវប្បធម៌ របស់កម្ពុជា ទៅកាន់សហគមន៍ គឺជាចលនាបំផុសការគាំទ្រ ក៏ដូចជាបញ្ជ្រាបចំណេះដឹងដល់សាធារណជនឱ្យ បានស្គាល់ និងយល់ដឹងពីទម្រង់នៃសិល្បៈនីមួយៗ។ គោលដៅក្នុងខែកុម្ភៈ ដល់ខែមីនាខាងមុខនេះ នឹងធ្វើឡើងនៅ១២ទីតាំង នៃខេត្តចំនួន៤រួមមាន៖ កំពង់ធំ កំពង់ឆ្នាំង ព្រះវិហារ ប៉ៃលិន ក្រៅពីការសម្តែងនៅក្នុងរាជធានីភ្នំពេញ ដែលមាននៅវិទ្យាស្ថានបារាំងកម្ពុជា សាកលវិទ្យាល័យជាតិគ្រប់គ្រង Friends Future Factory និងActing Academy ។
សូមបញ្ជាក់ថា កម្មវិធីរដូវវប្បធម៌ បានដំណើរការជារៀងរាល់ឆ្នាំ ចាប់ តាំងពីឆ្នាំ២០១៨មកម្ល៉េះ ដែលមានគោលបំណងជំរុញការបញ្ចេញមតិ និងភាពច្នៃប្រឌិតទៅដល់ក្រុមយុវជន ជាពិសេសនិស្សិតសាកលវិទ្យាល័យ តាមរយៈការសម្ដែង សិក្ខាសាលា ការតាំងពិព័រណ៍ និងកិច្ចសន្ទនាពិភាក្សា ដោយផ្តោតសំខាន់លើការអភិវឌ្ឍសមត្ថភាពសិល្បករ ឱ្យក្លាយជាអ្នកអាជីព ក្នុងវិស័យសិល្បៈវប្បធម៌របស់កម្ពុជា ៕