រដ្ឋមន្ត្រីទេសចរណ៍៖ កម្ពុជា មានសុខសន្តិភាព និងអាចធានាសុវត្ថិភាព បានយ៉ាងល្អប្រសើរបំផុត ជូនភ្ញៀវទេសចរអន្តរជាតិ
ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងក្នុងមហាសន្និបាត អង្គការទេសចរណ៍ សហប្រជាជាតិ លើកទី២៦ថា ប្រទេសកម្ពុជាមានសុខសន្តិភាព និងអាចធានាសុវត្ថិភាពបានយ៉ាងល្អប្រសើរបំផុត ជូនភ្ញៀវទេសចរអន្តរជាតិ ដែលអញ្ជើញមកទស្សនា និងទទួលយកនូវបទពិសោធបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ជាមួយសក្តានុពលទេសចរណ៍ដ៏សម្បូរបែប ។

ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ ពីរាជរដ្ឋាភិបាលកម្ពុជា លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ អញ្ជើញចូលរួមមហាសន្និបាត អង្គការទេសចរណ៍សហប្រជាជាតិ លើកទី២៦ (UN Tourism- 26th General Assembly) ដែលប្រព្រឹត្តទៅពីថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅរាជធានីរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប់ប៊ីសាអូឌីត។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានធ្វើបទ អន្តរាគមន៍នៅក្នុងកិច្ចប្រជុំពេញអង្គ ដោយបានគូសបញ្ជាក់ជូន មហាសន្និបាត នូវកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ ដែលកម្ពុជាកំពុងមាន និងត្រូវបានធានាយ៉ាងពេញលេញ ស្របតាមពាក្យស្លោករបស់សម្តេចធិបតី “ទេសចរណ៍រីកដុះដាលក្នុងសន្តិភាព”។

ទន្ទឹមនឹងនេះ លោករដ្ឋមន្រ្តី ក៏បានជម្រាបអំពីសក្តានុពលទេសចរណ៍ដ៏សម្បូរបែប បេតិកភណ្ឌពេញផ្ទៃប្រទេស ដូចជាប្រាសាទអង្គរវត្ត វប្បធម៌ប្រពៃណីដ៏ចំណាស់ ទេសភាពដ៏ស្រស់ស្អាតគ្រប់រដូវកាល បដិសណ្ឋារកិច្ចដ៏កក់ក្តៅ ជាមួយស្នាមញញឹមដ៏ល្បីល្បាញ “ស្នាមញញឹមកម្ពុជា”។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ក៏បានបញ្ជាក់ជូនមហាសន្និបាត អំពីការរៀបចំកិច្ចប្រជុំកំពូលបណ្តាប្រទេស និយាយភាសាបារាំងលើកទី២០ នៅឆ្នាំ២០២៦ ខាងមុខ នៅខេត្តសៀមរាប ដោយលោករដ្ឋមន្រ្តី ក៏បានអញ្ជើញមហាសន្និបាត មកទស្សនាប្រទេសកម្ពុជា ដើម្បីស្វែងយល់ពីវប្បធម៌ និងសក្តានុពលទេសចរណ៍ ដ៏សម្បូរបែបរបស់កម្ពុជាផងដែរ៕
ដោយ៖ ដារាត់| ដើមអម្ពិល
