កីឡា

លោក ណុប វណ្ណថារ៉ូ ៖ ការកាត់ក្តីលម្អៀង របស់អាជ្ញាកណ្តាល -ចៅក្រមឲ្យកីឡាករ -កីឡាការិនី បាក់ទឹកចិត្ត និងបាត់បង់ អនាគតរបស់ពួកគេ

ភ្នំពេញ ៖ លោក ណុប វណ្ណថារ៉ូ អគ្គលេខាធិការរង សហព័ន្ធកីឡាការ៉ាតេកម្ពុជា លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា និងលោក ទុយ វិច្ឆិកា ប្រធានការិយាល័យកីឡាទំនើប នៃក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចូលរួមពិធីបិទ វគ្គបណ្តុះបណ្តាល អាជ្ញាកណ្តាល -ចៅក្រមថ្នាក់ជាតិ ប្រចាំឆ្នាំ២០២២នៅទី២០ ខែមករា ឆ្នាំ២០២៣ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា (NOCC) រៀបចំដោយសហព័ន្ធ កីឡាការ៉ាតេកម្ពុជា ។

លោក ណុប វណ្ណថារ៉ូ បានមានប្រសាសន៍ថា សហព័ន្ធកីឡាការ៉ាតេកម្ពុជា ក្រោមការដឹកនាំ របស់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន សហព័ន្ធកីឡាការ៉ាតេកម្ពុជា បានជួយឧបត្ថម្ភ គាំទ្រ ទំនុកបម្រ៉ុង ថែបំប៉ន ទាំងស្មារតី សម្ភារៈ ថវិកា ជំរុញឲ្យវិស័យកីឡាការ៉ាតេកម្ពុជា មានសន្ទុះអភិវឌ្ឍន៍ ឈានទៅមុខជាជំហានៗ លើការអភិវឌ្ឍន៍ ធនធានមនុស្ស ទាំងបរិមាណ គុណភាព សមត្ថភាព និងគុណធម៌ ដែលជាកត្តាគន្លឹះ ជាត្រីវិស័យ សម្រាប់លើកស្ទួយសមត្ថភាព ការងារជំនាញ និងមានស្មារតី ទទួលខុសត្រូវនូវតួនាទី ភារកិច្ចរបស់ខ្លួន បានយ៉ាងល្អប្រសើរ ។

លោកបានបន្តថា ក្រោយ ពីសិក្សាវគ្គនេះ រួចហើយ អាជ្ញាកណ្តាល-ចៅក្រម ទំាងអស់ត្រូវតែប្រកាន់ នូវក្រមសីលធម៌ សម្រាប់ការកាត់ក្តី មិនត្រូវមានភាពលម្អៀងឡើយ ព្រោះការកាត់ក្តីលម្អៀង ធ្វើឲ្យកីឡាករ-កីឡាការិនី បាក់ទឹកចិត្ត និងបាត់បង់ អនាគតរបស់ពួកគេ ដូច្នេះអាជ្ញាកណ្តាល-ចៅក្រមធ្វើឲ្យឈរ លើការយុត្តិធម៌ដល់កីឡាករ-កីឡាការិនីទាំងអស់ ចាញ់ឲ្យចាញ់ និងឈ្នះឲ្យឈ្នះ ។

វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល-ចៅក្រមកីឡា ការ៉ាតេថ្នាក់ជាតិ ឆ្នាំ២០២២ មានសាលាគុន សមាគម ក្លិប ចំនួន១០ចូលរួម មានសិក្ខាកាមចំនួន ៣០នាក់ ក្នុងនោះនារី ចំនួន ២២នាក់ ។ គ្រូឧទ្ទេស នាវគ្គបណ្តុះបណ្តាលនេះ ដោយអ្នកគ្រូ ជា ថារី ជាអាជ្ញាកណ្តាល-ចៅក្រមការ៉ាតេ ពិភពលោក និងមានការ ចូលរួមផងដែរ ពីលោកគ្រូ ថាំង វិបុល និងលោកគ្រូ ដែក ភីយ៉ារ៉ា ដែលជាអាជ្ញាកណ្តាល -ចៅក្រម ការ៉ាតេអាស៊ី កម្រិត A ដែលទើបប្រឡង ជាប់នាពេលថ្មីៗ នៅប្រទេស អូសបេគីស្ថាន នាខែធ្នូ ឆ្នាំ២០២២ ៕

To Top