លោក សុខ ពុទ្ធិវុធ ប្រធានសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា បង្ហាញអនុសាសន៍៥ចំណុច សម្រាប់អាណត្តិថ្មី សហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា
ភ្នំពេញ៖ នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ លោក សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) និងប្រធានសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា បានលើកបង្ហាញនូវអនុសាសន៍៥ចំណុចសំខាន់ៗ ក្នុងការបន្តដឹកនាំអាណត្តិថ្មី ពីឆ្នាំ២០២៦-២០៣០ របស់សហព័ន្ធកីឡា បាញ់កាំភ្លើងកម្ពុជា សម្រួចគោលដៅ អភិវឌ្ឍន៍ជំនាញកីឡានេះឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។

អនុសាសន៍របស់លោកប្រធាន បានធ្វើឡើងក្នុងឱកាសសហព័ន្ធកីឡាបាញ់ កាំភ្លើងកម្ពុជា បានរៀបចំមហាសន្និបាតបញ្ចប់អាណត្តិចាស់ទី៣ និងបន្តអាណត្តិទី៤ ឆ្នាំ២០២៦-២០៣០ កាលពីល្ងាចថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា “NOCC” ដោយមានការអញ្ជើញលោក វ៉ា វណ្ណៈ អគ្គនាយករងនៃអគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំ យុវជន និងកីឡា និងលោក ងិក សុខបញ្ញា តំណាង NOCC ។

លោក សុខ ពុទ្ធិវុធ បានប្តេជ្ញាដ៏មោះមុត ក្នុងការបន្តដឹកនាំអាណត្តិថ្មី ឆ្នាំ២០២៦-២០៣០នូវអនុសាសន៍៥ចំណុច រួមមាន៖ ជំរុញការអភិវឌ្ឍឱ្យខ្លាំង ស្មើមុខស្មើមាត់ ជាមួយបណ្តាប្រទេសក្នុងតំបន់ និងពិភពលោក, បង្កើនទំនាក់ទំនងល្អ ជាមួយសហព័ន្អកីឡាបាញ់កាំភ្លើងអន្តរជាតិ និងអន្តរជាតិ, បង្កើតក្លឹបឱ្យច្រើន ដើម្បីបង្កើនធនធានកីឡាករ កីឡាករិនី កាន់តែសម្បូរបែប, បង្កើតទីលានស្តង់ដាអន្តរជាតិ ឱ្យមានមានការហ្វឹកហាត់ផ្ទាល់-ហ្វឹកហាត់តាមប្រព័ន្ធ Online និងរៀបចំរចនាសម្ព័ន្ធដឹកនាំតាមផ្នែក និងជំនាញឱ្យត្រឹមត្រូវ បង្កើត ផេក ឬ វេបសាយ សហព័ន្ធ ព្រមទាំងបង្កើតសាលាបណ្តុះបណ្តាលថ្នាលវ័យក្មេងផងដែរ។

ជាមួយគ្នានេះលោក ស៊ិន សូផានណាក់ អគ្គលេខាធិការ សហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា បានជម្រាបជូន របាយការណ៍សង្ខេប ស្ដីពីសកម្មភាពការងារសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា អាណត្តិទី៣ ឆ្នាំ២០២២-២០២៦ ដែលសម្រេចបាននូវសមិទ្ធផលនានា រួមទាំងគោលដៅ និងផែនការសម្រាប់អាណត្តិថ្មីផងដែរ។ ចំពោះគោលដៅសំខាន់ៗរួមមាន៖ សាងសង់ទីលានស្តង់ដារអន្តរជាតិ៖ សុំគោលការណ៍ និង ការសហការជាមួយក្រសួងអប់រំយុវជន និង កីឡារ និង គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដើម្បីបង្កើតទីលានបាញ់កាំភ្លើងទំនើប ប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិក និងមិនប៉ះពាល់ដល់បរិស្ថាន សម្រាប់ ហ្វឹកហ្វាត់ និង ត្រៀមការប្រកួតកីឡាថ្នាក់ជាតិ និង អត្តរជាតិនានា។

បណ្តុះបណ្តាលយុវជនឆ្នើម ឬ ថ្នាលយុវជន បង្កើតក្រុមយុវជនសម្រាំង (អាយុចន្លោះ ១២–១៦ ឆ្នាំចាប់ពីពេលនេះ) ដើម្បីបង្វឹកឱ្យក្លាយជាកីឡាករមានសមត្ថភាពខ្ពស់បំផុត ដើម្បីចូលរួមប្រកួតថ្នាក់អន្តរជាតិ ដណ្តើមមេដាយជូនជាតិ មាតុភូមិ។ បេសកកម្មឆ្ពោះទៅ Los Angeles 2028៖ ជ្រើសរើសអត្តពលិកឆ្នើមបំផុត ហ្វឹកហាត់កម្រិតខ្ពស់ ដើម្បីមានឱកាសទៅប្រកួតអូឡាំពិក ឆ្នាំ២០២៨ នៅអាមេរិក ។ បណ្តុះបណ្តាលអាជ្ញាកណ្តាល និងមន្ត្រីបច្ចេកទេស។ វគ្គបណ្តុះបណ្តាលអន្តរជាតិ៖ បញ្ជូនគ្រូបង្វឹក និងអាជ្ញាកណ្តាលក្នុងស្រុកទៅរៀនវគ្គសិក្សារបស់សហព័ន្ធអន្តរជាតិ (ISSF) ដើម្បីទទួលបានវិញ្ញាបនបត្រទទួលស្គាល់ជាផ្លូវការ។

គួរបញ្ជាក់ថា មហាសន្និបាតនេះបានបោះឆ្នោតគាំទ្រគណៈកម្មាធិការប្រតិបត្តិអណត្តិថ្មី ២០២៦-២០៣០ សរុប២៧រូប ដឹកនាំដោយលោក សុខ ពុទ្ធិវុធ អមដោយអនុប្រធាន៦រូប គឺលោក វ៉ាត់ ចំរើន អ្នកឧកញ៉ា ទៀ ណារ៉ាវុធ លោក មៀច សុវិទ្ធិការ្យដេវីត លោក ហូ សិទ្ធីគុណ លោក លឹម ហួរនីតា និងលោក កែវ ហុកលី ខណៈលោក ស៊ិន សូផានណាក់ ជាអគ្គលេខាធិការ អមដោយអគ្គលេខាធិការរង ៥រូប និងលោក ពៅ តិចឡេង ជាអគ្គហេរញ្ញិក និងសមាជិក១២រូប៕
ដោយ៖លី ភីលីព

