ភ្នំពេញ៖ លោក ស៊ូឌីម៉ាន់ ហាសេង (Sudirman Haseng) ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ចប់អាណត្តិការទូត នៅកម្ពុជា បានបញ្ជាក់ប្រាប់សម្ដេចតេជោ ហ៊ុន សែន ថា រយៈពេល ៤ឆ្នាំ ដែលបានបំពេញបេសកកម្មការទូត នៅកម្ពុជា លោកមើលឃើញអំពីការរីកចម្រើន ជាលំដាប់របស់កម្ពុជា ជាពិសេសលើសុខសន្ដិភាពស្ថិរភាព និងការរីកចម្រើនយ៉ាងលឿន ។
ការថ្លែងបញ្ជាក់របស់ទូតឥណ្ឌូនេស៊ី ចប់អាណត្តិបែបនេះ ធ្វើឡើង ក្នុងឱកាសចូលជួបសម្តែងការគួរសម និងជម្រាបលា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣នេះ នាវិមានសន្តិភាព។
ក្នុងជំនួបនោះ លោកទូត បានជូនពរដល់កម្ពុជា ឲ្យទទួលបាននូវភាពជោគជ័យ ក្នុងការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម នាពេលខាងមុខនេះ។
លោកទូតក៏បានអរគុណ ដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានសម្រេចដាក់ឈ្មោះផ្លូវ ២ខ្សែ ដោយយកឈ្មោះថ្នាក់ដឹកនាំមណ្ឌូនេស៊ី ក្នុងនោះមាន វិថីស៊ូកាណូ (Jalan Soekarno) និងវិថីអាលីអាឡាតាស់ (Jalan Ali Alatas) ជាឈ្នោះផ្លូវ នៅរាជធានីភ្នំពេញ។
ក្នុងនាមរដ្ឋាភិបាលឥណ្ឌូនេស៊ី លោកបានអរគុណសម្ដេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា ដែលនេះជាការបង្ហាញឲ្យឃើញ ពីការយកចិត្តទុកដាក់ក្នុងទំនាក់ទំនង មិត្តភាពយូរអង្វែងរបស់ឥណ្ឌូនេស៊ី និងកម្ពុជា។
លោកបានជម្រាបជូនថា ឈ្មោះថ្នាក់ដឹកនាំទាំងពីរនេះ គឺមានទំនាក់ទំនងល្អ ជាមួយប្រជាជនកម្ពុជា។
លោកបន្តថា នេះអាចជាភស្តុតាងគ្រប់គ្រាន់ សម្រាប់អ្នកជំនាន់ក្រោយបានរៀនសូត្រ អំពីទំនាក់ទំនងដ៏ស្អិតរមួតរវាងកម្ពុជា និងឥណ្ឌូនេស៊ី ដែលធ្វើឲ្យទំនាក់ទំនង ទ្វេភាគីកាន់តែរឹងមាំ។
ជាមួយគ្នានោះដែរ លោកទូតសង្ឃឹមថា ក្រោយពីការបើកព្រំដែនឡើងវិញ ការហោះហើរត្រង់នឹងចាប់ផ្តើម នៅក្នុងពេលឆាប់ៗខាងមុខធ្វើឲ្យប្រជាជន មានទំនាក់ទំនងទៅវិញទៅមក សម្រួលដល់ការធ្វើដឹកជញ្ជូន ទេសចរណ៍ ពាណិជ្ជកម្ម រួមទាំងវិស័យផ្សេងផ្សេងទៀត ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានអរគុណចំពោះការវាយតម្លៃខ្ពស់ ប្រកបដោយវិជ្ជមានដល់ ការរីកចម្រើនប្រទេសកម្ពុជា ។ សម្តេចតេជោ មានប្រសាសន៍ថា ជោគជ័យនៃការរៀបចំ កិច្ចប្រជុំកំពូលអាស៊ានកន្លងទៅនេះ មិនអាចកាត់ផ្តាច់ពីការជួយគាំទ្រ ពីប្រទេសភាគីឥណ្ឌូនេស៊ី និងបណ្ដាប្រទេសជាមិត្ត ជាពិសេស ឥណ្ឌូនេស៊ី បានគាំទ្រឲ្យប្រទេសទីម័រឡេស្តេ ចូលជាសមាជិកអាស៊ាន ដែលអាចនឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំនេះ ។
សម្តេចបានបន្តថា ឥណ្ឌូនេស៊ី បានចាប់ផ្ដើមកសាងទំនាក់ទំនង ជាមួយនឹងព្រះមហាក្សត្រ ព្រះបរមរតនកោដ្ឋ ហើយបន្តបន្ទាប់មក គឺទំនាក់ទំនងនេះបានពូនជ្រុំ ជាពិសេសឥណ្ឌូនេស៊ី ក៏បានចូលរួមចំណែក ស្វែងរកសន្តិភាពជូនកម្ពុជា តាមរយៈកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលនាំឲ្យកម្ពុជា មានសន្តិភាពមកដល់ពេលនេះផងដែរ ៕