បរទេស ៖ លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ បានអំពាវនាវឱ្យបញ្ចប់ ការឈ្លោះប្រកែកគ្នា ដែលលោកហៅថា ជាជម្លោះដែល “គ្មានន័យ” ជុំវិញថា តើកីឡា ប្រដាល់ប្រពៃណី គួរត្រូវបានគេហៅថា Maay Thai ឬ គុនខ្មែរ ពេលដែលប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ក្នុងព្រឹត្តិការណ៍កីឡា អាស៊ីអាគ្នេយ៍ ក្នុងខែឧសភាខាងមុខ។
យោងតាមសារព័ត៌មានថៃ Bangkok Post ចេញផ្សាយនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា លោកឧត្តមសេនីយ៍ ប្រាយុទ្ធ បាននិយាយក្នុងអំឡុង ពេលទស្សនកិច្ចទៅកាន់សកម្មភាព ដែលរៀបចំឡើងដោយក្រសួង វប្បធម៌នៅអគារ Santi Maitree របស់រដ្ឋាភិបាល ដើម្បីផ្សព្វផ្សាយជាសាធារណៈនូវទិវា Muay Thai ដែលត្រូវនឹងថ្ងៃទី ៦ ខែកុម្ភៈ មុនពេលចូលរួមកិច្ចប្រជុំ គណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍។
ជម្លោះឈ្មោះ កីឡាមួយ បានផ្ទុះឡើង នៅពេលដែលកម្ពុជា ដែលជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ នៅពេលខាងមុខនេះគឺ បានប្តូរឈ្មោះ ព្រឹត្តិការណ៍ពី Muay Thai ទៅជា «គុនខ្មែរ» ដោយលើកហេតុផលថា ក្បាច់គុនមានប្រភពចេញ ពីវប្បធម៌ខ្មែរ ថ្វីត្បិតតែឈ្មោះ Muay Thai អាចត្រូវបានគេស្គាល់ ទូទាំងពិភពលោកក៏ដោយ។
លោក Charon Wattanasin អនុប្រធានគណៈកម្មាធិការជាតិ អូឡាំពិកថៃ បានថ្លែងថា គណៈកម្មាធិការអូឡាំពិកអន្តរជាតិ មិនបានទទួលស្គាល់ពាក្យ គុនខ្មែរទេ ។ សមាគមប្រដាល់ថៃ មិនបញ្ជូនអ្នកប្រដាល់ថៃទៅប្រកួតទេ។
ភាគីកម្ពុជាមិនព្រមចុះថយទេ ដោយលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការរៀបចំការប្រកួតកីឡា អាស៊ីអាគ្នេយ៍កម្ពុជា បានរាយការណ៍ថា ប្រទេសម្ចាស់ផ្ទះមានសិទ្ធិផ្លាស់ប្តូរឈ្មោះព្រឹត្តិការណ៍ នេះទៅជាគុនខ្មែរ។
លោកថា កម្ពុជានឹងសងសឹក ដោយមិនបញ្ជូនអ្នកប្រដាល់ ទៅប្រទេសថៃវិញ នៅពេលដែលប្រទេសថៃ ធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតឆ្នាំ២០២៥ ហើយពេលដែលកីឡានេះនឹងត្រូវហៅថា Muay Thai។
ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តីថៃ បាននិយាយថា ” Muay Thai ជាផ្នែកមួយនៃវប្បធម៌ថៃ ជាយូរមកហើយ ហើយយើងមានមោទនភាព ចំពោះវា ។ ប៉ុន្តែវាមិនចាំបាច់សម្រាប់ពួកយើង ដើម្បីឈ្លោះជាមួយ នរណាម្នាក់នោះទេ។ គ្មាននរណាម្នាក់អាចដកហូតអ្វី ដែលជារបស់យើងនោះទេ។ មិនថាអ្នកដទៃនិយាយយ៉ាងណាក៏ដោយ វាមិនគួរក្លាយទៅជាជម្លោះឡើយ ។ ចូរយើងបញ្ចប់ការឈ្លោះប្រកែកគ្នាគ្នានេះទៅ»។
លោក ប្រាយុទ្ធ បានបន្ថែមថា មានការប្រកែកគ្នាអំពីឈ្មោះកីឡានេះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយលោកថា “ការធ្វើបែបនោះគឺគ្មានន័យទេ យើងដឹងថាអ្វីទៅជាអ្វីហើយ” ៕