ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ ឲ្យខិតខំផ្តល់សេវាអត្តសញ្ញាណប័ណ្ណ​ សញ្ជាតិខ្មែរទុតិយតា ទោះជួបបញ្ហាពលរដ្ឋ ចំណាកស្រុក

ភ្នំពេញ ៖ លោក ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ ទទួលខុសត្រូវដឹកនាំ និងជំរុញការផ្តល់ អត្តសញ្ញាណ ប័ណ្ណសញ្ញាតិខ្មែរ ទុតិយតា (អស់សុពលភាព តែស្ថិតនៅក្នុង ទិន្នន័យចាស់) បានណែនាំក្រុមការងារ ខិតខំផ្តល់សេវា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ទុតិយតាជូនប្រជាពលរដ្ឋ ទោះបីពួកគាត់ធ្វើចំណាក់ស្រុក ទាំងក្នុង និងក្រៅប្រទេសក៏ដោយ។

ក្នុងកិច្ចប្រជុំពិនិត្យសេចក្តីព្រាងរបាយការណ៍ និងវឌ្ឍនភាព នៃការផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា នាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ម៉ៅ ច័ន្ទតារា បានស្នើដល់ អង្គប្រជុំចូលរួមផ្តល់យោបល់ លើសេចក្តីព្រាងរបាយការណ៍ និងទិសដៅបន្ត ដើម្បីឲ្យដំណើរការផ្តល់ អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរទុតិយតាទទួលបានសមិទ្ធផល ជាអតិបរិមា កាន់តែប្រសើរថែមទៀត។

លោកបញ្ជាក់ថា «ក្រុមការងារត្រូវបន្តយក ចិត្តទុកដាក់បន្ថែមទៀត និងខិតខំប្រឹងប្រែងជំរុញ ការផ្តល់សេវាអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរទុតិយតា ឲ្យអស់លទ្ធភាពតាមដែលអាចធ្វើបាន ។ បច្ចុប្បន្នបញ្ហាប្រឈម នៃការផ្តល់សេវាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា គឺនៅតែមានបញ្ហាចំពោះប្រជាពលរដ្ឋធ្វើចំណាក់ស្រុក ទាំងក្នុងប្រទេស និងក្រៅប្រទេស»។

លើសពីនេះ លោករដ្ឋលេខាធិការ បានណែនាំដល់ក្រុមការងារជំនាញ និង មន្ត្រីពាក់ព័ន្ធឲ្យសិក្សាលើបច្ចេកទេសថ្មីបន្ថែមទៀត ដើម្បីជាទិសដៅបន្ត ដែលអាចឲ្យការផ្តល់សេវាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតានេះ មានលទ្ធភាពផ្តល់ជូនប្រជាពលរដ្ឋបាននៅទូទាំងប្រទេស គឺសម្រាប់បង្កភាពងាយស្រួល ដល់ប្រជាពលរដ្ឋដែលធ្វើចំណាក់ស្រុក ។

លោក ម៉ៅ ច័ន្ទតារាបញ្ជាក់ថា «ផ្តល់តែសម្រាប់អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរទុតិយតាប៉ុណ្ណោះ (អស់សុពលភាព តែស្ថិតនៅក្នុងទិន្នន័យចាស់) ។ ដោយឡែក សម្រាប់ការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថ្មី ត្រូវតែធ្វើនៅតាមមូលដ្ឋានរស់នៅ របស់ប្រជាពលរដ្ឋដដែល ដើម្បីជៀសវាងស្ទួនទិន្នន័យ ឬពិបាកក្នុងការគ្រប់គ្រងរបស់មូលដ្ឋាននីមួយៗ»។

សូមរំលឹកថា ការផ្តល់អត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋគ្រប់អាយុ១៥ឆ្នាំឡើង គិតត្រឹមថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ បានចំនួនសរុប ១២.៦៣៤.៣១៦ នាក់, ការផ្តល់អត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា ចាប់ពីខែមីនា រហូតដល់ត្រឹមថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ បានចំនួន ៦២៦.៥០២នាក់ ស្នើនឹង ៣៦% នៃនិន្នន័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី ដែលត្រូវអស់សុពលភាពក្នុងឆ្នាំ២០២២ រហូតដល់ត្រឹមថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ មានចំនួនសរុប ១.៧២៧.០៩៤ នាក់ ៕

To Top