ព្រុចសែល ៖ អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បានឲ្យដឹងថា ទោះបីជាផ្តល់ជំនួយយោធាដល់អ៊ុយក្រែនក៏ដោយ អង្គការសន្ធិសញ្ញា អាត្លង់ទិកខាងជើង (NATO) មិនត្រូវក្លាយជាភាគីនៃជម្លោះ របស់ប្រទេសនេះ ជាមួយរុស្ស៊ីនោះទេ។
នៅក្នុងសុន្ទរកថាទៅកាន់សភាជាន់ទាបអាល្លឺម៉ង់ (Bundestag) នៅមុនកិច្ចប្រជុំពិសេស នៃក្រុមប្រឹក្សាអឺរ៉ុប ដើម្បីពិភាក្សាអំពីជម្លោះនេះ លោក Scholz បានព្រមានប្រឆាំងនឹង “ការប្រកួតប្រជែងជាសាធារណៈ ដើម្បីយកឈ្នះគ្នាទៅវិញទៅមកតាមខ្សែរថក្រោះប្រយុទ្ធ នាវាមុជទឹក និងយន្តហោះ”។
លោកបានបន្តថា នេះនឹងប៉ះពាល់ដល់ការ រួបរួមរបស់លោកខាងលិច។ លោកបន្ដថា “យើងរក្សា និងពង្រឹងភាពស្អិតរមួតនេះ ដោយរៀបចំការសម្រេចចិត្ត ជាសម្ងាត់ជាមុនសិន មុនពេលទំនាក់ទំនងពួកគេ” ដោយសំដៅទៅលើការសម្រេចចិត្តនាពេលថ្មីៗនេះ ដែលធ្វើឡើងដោយអាល្លឺម៉ង់ និងសហរដ្ឋអាមេរិក លើការផ្តល់រថក្រោះប្រយុទ្ធ ។
ដោយសារតែការកើនឡើងសម្ពាធលើប្រទេសអាឡឺម៉ង់ ដោយដៃគូណាតូ ក្នុងការផ្គត់ផ្គង់កាំភ្លើងធំធុនធ្ងន់ដល់អ៊ុយក្រែន រដ្ឋាភិបាលអាល្លឺម៉ង់ បានសម្រេចចិត្តកាលពីចុងខែមករា ដើម្បីចែកចាយរថក្រោះ Leopard 2 ចំនួន ១៤គ្រឿង និងអនុញ្ញាតឱ្យដៃគូនាំចេញឡើងវិញពីស្តុក Leopard របស់ពួកគេ។ លើសពីនេះ ការនាំចេញរថក្រោះប្រយុទ្ធ Leopard 1 ចាស់រហូតដល់ ១៧៨គ្រឿងត្រូវបានអនុម័ត។
សហរដ្ឋអាមេរិក បានធ្វើតាមមិនយូរប៉ុន្មាន ដោយប្រធានាធិបតីលោក ចូ បៃដិន បានប្រកាសពីការប្រគល់រថក្រោះប្រយុទ្ធ Abrams ទៅឲ្យអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញឲ្យដឹងថា វានឹងមានប៉ុន្មានខែមុន ពេលរថក្រោះអាល្លឺម៉ង់ និងអាមេរិកត្រូវបានចែកចាយ។ លោក Vyacheslav Volodin ប្រធានសភាជាន់ទាប របស់រុស្ស៊ីបានព្រមានកាលពីខែមុនថា ការផ្គត់ផ្គង់អាវុធលោកខាងលិចដល់អ៊ុយក្រែន នឹងនាំឱ្យមានការសងសឹកជាមួយនឹង “អាវុធដ៏មានឥទ្ធិពលជាង” ៕