ព័ត៌មានអន្តរជាតិ

UN៖ ពលរដ្ឋនៅក្នុង ប្រទេសសូម៉ាលី ប្រមាណ៨,៣លាននាក់ ដង្ហោយរកជំនួយ មនុស្សធម៌បន្ទាន់

ម៉ូហ្គាឌីស៊ូ៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ថា ទីភ្នាក់ងារជំនួយរបស់អង្គការសហប្រជាជាតិ (UN)បានឲ្យដឹងកាលពីថ្ងៃពុធថា មនុស្សជាង៨,៣លាននាក់ ត្រូវការជំនួយមនុស្សធម៌ នៅក្នុងប្រទេសសូម៉ាលី ដែលជាកន្លែង ដែលផ្នែកសំខាន់ៗ នៃចំនួនប្រជាជនកំពុងស្ថិត ក្នុងគែមនៃគ្រោះទុរភិក្ស ។

ការិយាល័យអង្គការ សហប្រជាជាតិ សម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ ហៅ កាត់ថា (OCHA) បានឲ្យដឹងថា ក្នុងករណីមិន មានមូលនិធិគ្រប់គ្រាន់ និងបង្កើនសមត្ថភាព គ្រោះទុរភិក្សត្រូវបានព្យាករ នៅចន្លោះខែមេសា និងខែមិថុនា នៅក្នុងក្រុមចំនួនប្រជាជនចំនួន៣ រួមមានស្រុក Baidoa និងស្រុក Burhakaba ក៏ដូចជាអ្នកផ្លាស់ទីលំនៅខាងក្នុង (IDPs ) នៅ Baidoa និង Mogadishu ។

អង្គការ OCHA បានឲ្យដឹងនៅក្នុងការអាប់ដេត ចុងក្រោយរបស់ខ្លួនអំពីស្ថានភាពមនុស្សធម៌ នៅក្នុងប្រទេសសូម៉ាលីថា “ប្រទេសសូម៉ាលី មានភាពស្រេកឃ្លាន ឈឺ និងងាយរងគ្រោះជាង មួយឆ្នាំមុន ដោយជំរុញឱ្យចំនួន ប្រជាជនកាន់តែច្រើនឡើង លើការពឹងផ្អែកលើជំនួយមនុស្សធម៌ សម្រាប់ការរស់រានមានជីវិត” ។

អង្គការបានបញ្ជាក់ថា ទោះបីជាគ្មានទុរ្ភិក្សកើតឡើងក៏ដោយ ស្ថានភាពមនុស្សធម៌ គឺគួរឱ្យព្រួយបារម្ភជាខ្លាំង ចាប់តាំងពីប្រជាជន សូម៉ាលីជាង៦,៣លាននាក់ ត្រូវបានគេរំពឹងថា នឹងប្រឈមមុខនឹងកម្រិតអសន្តិសុខស្បៀង ខ្ពស់នៅចន្លោះខែមករាដល់ខែមីនា រួមទាំង៣២២.០០០នាក់ នៅក្នុងកម្រិតមហន្តរាយ នៃអសន្តិសុខស្បៀង ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top