ព័ត៌មានជាតិ

ឆ្នាំ២០២២ ភូមិមានបណ្តាញចែកចាយអគ្គិសនីរួច មាន៩៨.២៧%

ភ្នំពេញ ៖ គិតមកត្រឹមចុងឆ្នាំ២០២២នេះ ភូមិដែលមានបណ្តាញចែកចាយរួច បានកើនឡើងពី ៩៧.៥៣% នៅចុងឆ្នាំ២០២១ មក៩៨.២៧% នៅចុងឆ្នាំ២០២២។

លោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានលើកឡើងក្នុងពិធីបូកសរុបការងារឆ្នាំ២០២២ និងលើកទិសដៅ ឆ្នាំ២០២៣ នាថ្ងៃ១៥ កុម្ភៈថា នៅចុងឆ្នាំ២០២២ ព្រំដែននៃអាជ្ញាបណ្ណដែលត្រូវ បានផ្តល់ឲ្យអ្នកកាន់អាជ្ញាបណ្ណចែកចាយ ធ្វើការវិនិយោគអភិវឌ្ឍន៍បណ្តាញចែកចាយអគ្គិសនីទាំងរដ្ឋ និងទាំងឯកជនមានចំនួន ៩៩.៨៨% នៃចំនួនភូមិទូទាំង ប្រទេស ។ ក្នុងឆ្នាំ២០២២នេះ ការសាងសង់បណ្តាញចែកចាយអគ្គិសនីបន្ថែមធ្វើបាន០.៧៤% នៃចំនួនភូមិថែមទៀត ធ្វើឲ្យភូមិដែលមានបណ្តាញចែកចាយរួច បានកើនឡើងពី ៩៧.៥៣% នៅចុងឆ្នាំ២០២១ មក ៩៨.២៧% នៅចុងឆ្នាំ២០២២។

លោកបន្តថា ចំណែកភូមិពុំទាន់មានការផ្គត់ផ្គង់អគ្គិសនីមានចំនួន២៤៥ភូមិ ក្នុងនោះ មានភូមិ ២២៨ ឋិតក្នុងដែនអាជ្ញាបណ្ណ ដែល បានផ្តល់ឲ្យទៅអ្នកចែកចាយរួចហើយ និងភូមិ១៧ ឋិតនៅក្រៅដែនអាជ្ញាបណ្ណ គិតមកដល់ចុងឆ្នាំ២០២២នេះ ។

លោកថា អាជ្ញាធរអគ្គិសនីកម្ពុជា និងអគ្គិសនីកម្ពុជាបានធ្វើការសិក្សារួមគ្នាអំពីលទ្ធភាពពង្រីកការ ផ្គត់ផ្គង់អគ្គិសនី ទៅកាន់ភូមិដែលពុំទាន់មានអគ្គិសនីទាំងនេះ ទាំងក្នុងក្របខណ្ឌនៃលទ្ធភាពរបស់អគ្គិសនីកម្ពុជាផង និងទាំងរបស់ សេវាករឯកជនផង។ ផ្អែកតាមការសិក្សានេះបានបង្ហាញថា ក្នុងឆ្នាំ២០២៣ ទាំងអគ្គិសនីកម្ពុជា និងទាំងសេវាករឯកជន អាចមានលទ្ធភាពពង្រីកការផ្គត់ផ្គង់ អគ្គិសនីពីបណ្តាញជាតិបាន១៥៧ភូមិទៀត ដូច្នេះនៅក្រោយឆ្នាំ២០២៣ អាចសល់ភូមិចំនួន៨៨ទៀត ត្រូវជា០,៦២% ដែលពុំមានការផ្គត់ផ្គង់ពីបណ្តាញជាតិ។

លោកបន្ថែមថា ភូមិដែលនៅសល់ទាំងនេះ ជាភូមិមានស្ថានភាពស្ថិតក្នុងតំបន់លំបាកខ្លាំង ដូចជាតំបន់ដាច់ស្រយាលខ្លាំង តំបន់គ្មានផ្លូវ ធ្វើដំណើរ តំបន់កោះ តំបន់ដែលមានប្រជាជនរស់នៅបណ្តែតទឹក តំបន់លិចទឹកនៅរដូវវស្សា តំបន់មានប្រជាពលរដ្ឋរស់នៅរាយប៉ាយ និងតំបន់តាំងទីលំនៅថ្មីជាដើម ដែលត្រូវការទុនវិនិយោគយ៉ាងច្រើន ដើម្បីអភិវឌ្ឍការផ្គត់ផ្គង់ទៅកាន់ទីនោះ។

លោក យឹម វិសិដ្ឋ ឲ្យដឹងទៀតថា បច្ចុប្បន្ន ក្រសួងរ៉ែនិងថាមពល អាជ្ញាធរអគ្គិសនីកម្ពុជា និងអគ្គិសនីកម្ពុជា បាននិងកំពុងធ្វើការរួមគ្នាពិនិត្យលទ្ធភាពរកដំណោះស្រាយផ្សេងៗ ជូនភូមិដែលនៅសល់ទាំង ៨៨ នេះ តាមស្ថានភាព ជាក់ស្តែងនៃភូមិនីមួយៗ តាមរយៈការផ្គត់ផ្គង់អគ្គិសនីពីប្រភពពន្លឺព្រះអាទិត្យ ប្រព័ន្ធទោលដែលអាចជាប្រភពទុន របស់អគ្គិសនីកម្ពុជា ពីស្ថាប័នហិរញ្ញវត្ថុអន្តរជាតិនានា ពីការវិនិយោគរបស់ក្រុមហ៊ុនឯកជន ៕

To Top