នយោបាយ

មេសហជីព ៖ រយៈពេលចុងក្រោយនេះ ការបើកសហជីព មានការគំរាមកំហែង គាបសង្កត់ និងរើសអើង

ភ្នំពេញ ៖ លោក ប៉ាវ ស៊ីណា ប្រធានសហជីពចលនាកម្មករ បានអះអាងថា ក្នុងរយៈពេលចុងក្រោយនេះ បន្ទាប់ពីជំងឺកូវីដ១៩វាយលុកនៅកម្ពុជា ការបង្កើតសហជីពក្នុងរោងចក្រមានការគំរាមកំហែង គាបសង្កត់ និងរើសអើងពីនិយោជក។

ក្នុងសន្និសីទសារព័ត៌មាន នាថ្ងៃ១៦ កុម្ភៈលោក ប៉ាវ ស៊ីណា បានអះអាងថា មួយរយៈពេលចុងក្រោយនេះ ចំពោះការបើកសហជីពមានការគំរាម គាបសង្កត់ រើសអើងយ៉ាងធ្ងន់ធ្ងរ ពោលគឺចាប់ពីពេលមាន វិបត្តិជំងឺកូវីដតែម្តង ដោយសារនិយោជក យកលសេសពីអត់ការងារធ្វើ និងការរីករាលដាល នៃជំងឺកូវីដជាដើម។

លោកបន្តថា ដូចករណីខាងលើនេះ មានតំណាងសហជីពជាច្រើន ត្រូវបានបញ្ឈប់ពីការងារ ហើយក៏មានតំណាងសហជីពមួយចំនួន ត្រូវបានក្រុមហ៊ុនប្តឹងពីការប្រើប្រាស់បណ្តាញសង្គម ក្នុងការចែករំលែកព័ត៌មានករណីបញ្ឈប់កម្មករ និងស្ត្រីសម្រាលកូនអត់មានការងារធ្វើ។

លោកគូសបញ្ជាក់ថា «អីចឹងយើងឃើញថា មានតំណាងសហជីពខ្លះជាប់ពន្ធនាគារ ហើយយើងក៏ឃើញមានបញ្ចប់ក្រុងត្រាការងារកម្មករជាបន្តបន្ទាប់។ តែក្រោយពីរដ្ឋាភិបាល ទប់ស្កាត់បានល្អចំពោះការឆ្លងជំងឺកូវីដ យើងឃើញថា ដំណើរការនៅក្នុងរោងចក្របានដំណើរការធម្មតាវិញ ប៉ុន្តែក្នុងដំណើរការរើស អើងសហជីពនៅតែបន្តកើតមាន ដោយគ្មានភាពល្អប្រសើរនោះទេ ជាពិសេសនោះ សហជីពចលនាកម្មករផ្ទាល់តែម្តង»។
ជាមួយគ្នានោះដែរ លោក ប៉ាវ ស៊ីណា ក៏បានអះអាងថា មានតំណាងសហជីពមួយចំនួន ត្រូវបានបញ្ឈប់ជាបន្តបន្ទាប់ ប៉ុន្តែក៏មានសហជីពផ្សេង ត្រូវបានខាងនិយោជកធ្វើការដោះស្រាយ ឲ្យធ្វើការជាបន្តបន្ទាប់ដែរ។

លោកបន្ថែមថា ដោយឡែក នៅរោងចក្រចំនួន៣ទើបតែបោះឆ្នោតជ្រើស រើសសហជីពរួច ត្រូវបានភាគីនិយោជកបញ្ឈប់ ហើយអ្នកនៅបន្តធ្វើការ មិនទាន់ត្រូវបាននិយោជកបញ្ឈប់នោះ ក៏ត្រូវបានធ្វើទុក្ខបុកម្នេញ តាមរយៈការមិនអនុញ្ញាតច្បាប់ ឃ្លាំមើល ការតាមប្រមាញ់គ្រប់រូបភាព និងការគំរាមកំហែងផ្នែករដ្ឋបាល និងភាគីខាងក្រៅ ដើម្បីឲ្យលាលែងពីសហជីព។

បើតាមការអះអាងរបស់លោក ប៉ាវ ស៊ីណា តាមច្បាប់រដ្ឋធម្មនុញ្ញជាច្បាប់កំពូលបានផ្តល់សិទ្ធិដល់កម្មករក្នុងការបង្កើតសហជីព ចូលរួម និងដកខ្លួនចេញបាន ។ ជាងនេះ ច្បាប់ ស្តីពីការងារកម្មករមានសិទ្ធិបង្កើតសហជីព ហាមប្រាណនិយោគមិនឲ្យមានការបណ្តេញ ដេញចេញ ឬបញ្ឈប់ពីការងារ ឬដោះដូរតួនាទី ឬឲ្យតំណែងផ្សេងៗគឺអត់មានទេ។ ចំណែក ច្បាប់សហជីពវិញត្រូវបានធានាដល់កម្មករ-កម្មការិនីក្នុងការបង្កើតសហជីព ហើយសិទ្ធិគាត់ត្រូវបានធានា ។

សូមជម្រាបថា កាលពីពេលថ្មីៗនេះ ក្នុងគោលដៅដោះស្រាយ វិវាទការងាររួម កូដកម្ម បាតុកម្ម ដែលកើតឡើងតាមសហគ្រាស គ្រឹះស្ថានឲ្យកាន់តែល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់បន្ថែម ទៀតនោះ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈបានឲ្យមន្ត្រីក្រោមឱវាទខិតខំដោះស្រាយបញ្ហាកើតមានឡើង ក្នុងរោងចក្រដើម្បីផ្តល់ប្រយោជន៍ដល់កម្មករនិយោជិត។

បើតាមមន្ត្រីក្រសួងការងារ គិតត្រឹមឆ្នាំ២០២២ ក្រសួងការងារបានបណ្តឹង ពាក់ព័ន្ធនឹងវិវាទការងារជាង ៩០០ករណី ក្នុងនោះ ដោះស្រាយសះជាមានជាង៥៤០ករណី ស្មើនឹងជិត៦០% ៕

To Top