ព័ត៌មានជាតិ

អាល្លឺម៉ង់ ៖ កម្ពុជាមានការផ្លាស់ប្ដូរច្រើន និងមានសេដ្ឋកិច្ចល្អ

ភ្នំពេញ៖ លោកស្រី Gabriele KATZAMAREK ប្រធានក្រុមសភា នៃសហព័ន្ធអាល្លឺម៉ង់ បានបញ្ជាក់ប្រាប់សម្ដេចតេជោ ហ៊ុន សែន ថា ប្រទេសកម្ពុជា មានការផ្លាស់ប្ដូរច្រើន និងមានសេដ្ឋកិច្ចល្អ ។

ក្នុងឱកាសចូលជួបសម្តែងការសម និង ពិភាក្សាការងារ ជាមួយសម្តេចតេជោ នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ប្រធានក្រុមសភា នៃសហព័ន្ធអាល្លឺម៉ង់ បានវាយតម្លៃខ្ពស់ និងកោតសរសើរ ចំពោះការរីកចម្រើន របស់កម្ពុជាហើយថា ដំណើរទស្សនកិច្ចមកកម្ពុជា ដើម្បីស្វែងរកដៃគូសហការ ដែលអាចទុកចិត្តគ្នាបាន ។ លោកស្រី Gabriele បន្តថា ក្រៅពីនេះ នឹងជំរុញកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី រវាង អឺរ៉ុបនិងអាស៊ាន ជាពិសេស នៅពេលដែលពិភពលោក កំពុងជួបនូវវិបត្តិ ។

លោកស្រី Gabriele បានគោរពជូនចំពោះសម្ដេចតេជោ ចំពោះជំហររបស់កម្ពុជាកន្លងមកលើការ ឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន និងបានគោរពជម្រាបជូនសម្ដេចតេជោថា «លោកស្រីធ្លាប់បានមកកាន់កម្ពុជា កាលពីឆ្នាំ២០០៩ ហើយ នៅពេលនេះ លោកជំទាវបានសង្កេតឃើញថា មានការផ្លាស់ប្ដូរច្រើន មានសេដ្ឋកិច្ចល្អ» ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានជម្រាបជូនលោកស្រី Gabriele ថា ករណី ចំពោះរុស្ស៊ីឈ្លានពានអ៊ុយក្រែន កម្ពុជាមានគោលជំហរ ច្បាស់លាស់នោះគឺ រក្សាកណ្ដាប់ធ្នាប់ពិភពលោក ដោយផ្អែកលើច្បាប់ ហើយសម្ដេចបាន ស្វាគមន៍នូវគោលដៅរបស់លោកស្រី Gabriele និងបានជម្រាបជូនលោកស្រីថា សហគមន៍អាស៊ាន ជាសហគមន៍មួយ ដែលអនុវត្ត សេចក្តីសម្រេច តាមរយៈកុងសុងស៊ីស ដើម្បីជំរុញកិច្ចព្រមព្រៀង ពាណិជ្ជកម្ម សេរីរវាង អាស៊ាន និងសហគមន៍អឺរ៉ុប ឲ្យបានទទួលជោគជ័យនោះ ត្រូវមើល អាស៊ានទាំងមូល ដោយមិនត្រូវមើលប្រទេសនីមួយៗ នៅក្នុងសហគមន៍ អាស៊ានដោយឡែកគ្នានោះទេ ៕

To Top