ព័ត៌មានជាតិ

សម្ដេចតេជោ ៖ កំពង់ផែរាម ក្លាយជាកង្វល់របស់ពួកអ្នកឯង ប៉ុន្ដែពួកអ្នកឯង មិនបានខ្វល់ពីសន្ដិសុខជាតិកម្ពុជា

ភ្នំពេញ ៖ កំពុងផែរាម (ព្រះសីហនុ) មិនទាន់ចប់ទេ នៅតែបន្តអូសបន្លាយ ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានឆ្លើយតបទៅមិត្តបរទេស ដែលពួកគេនៅតែចង់ដឹងលឺ ។ ជាថ្មីម្តងទៀត សម្តេចបានលើកបែបឌឺដង ទៅវិញថា រឿងកំពង់ផែសមុទ្ររាម ក្លាយជាកង្វល់របស់ពួកអ្នកឯង ប៉ុន្ដែពួកអ្នកឯងមិនបានកង្វល់ អំពីសន្ដិសុខជាតិរបស់កម្ពុជា តាមរយៈនៃការធ្វើបដិវត្តពណ៌ ផ្ដួលរំលំរដ្ឋាភិបាល។

បញ្ហាកំពង់ផែរាមនៅតែជាប្រធានបទដែលត្រូវបានប្រមុខការពារជាតិអាមេរិកលើកឡើងម្តងទៀតចំពោះមុខប្រមុខការពារជាតិកម្ពុជា ជាការឆ្លើយតបសម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិថ្លែងថា កុំកង្វល់ពេកពីរឿងកំពង់ផែរាមនេះ ដោយរុញឲ្យអាមេរិកទៅខ្វល់រឿងផ្សេងវិញ។

នាឱកាសអញ្ជើញប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិស្ស និស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មី នាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចតេជោបានប្រកាសទៀតថា មិនអត់ឱនឲ្យនរណា ដែលមានបំណងចង់បំផ្លាញសុខសន្តិភាពនៅកម្ពុជា។ កម្ពុជាត្រូវតែរក្សាសុខសន្តិភាពឲ្យបាន ទោះស្ថិតក្នុងតម្លៃណាក៏ដោយ។

សម្ដេចបន្ដថា បណ្ដាប្រទេសដទៃ កុំលូកដៃចូលកិច្ចការផ្ទៃក្នុងកម្ពុជា ហើយកុំបង្កើតកំហុស និងសោកនាដកម្មជាថ្មីមកលើកម្ពុជា «ខ្លួនជាប្រទេសជាប្រជាធិបតេយ្យ សេរី បែរជាគាំទ្រសកម្មភាពរដ្ឋប្រហារ ,ខ្មែរក្រហម និងបដិវត្តន៍នៅកម្ពុជា»។

សម្ដេចបញ្ជាក់ទៀតថា «សូម្បីរឿងកំពង់ផែសមុទ្ររាម ក្លាយទៅជាកង្វល់របស់ពួកអ្នកឯង នៅចម្ងាយរាប់ម៉ឺនគីឡូម៉ែត្រពីកម្ពុជា ប៉ុន្ដែអ្នកឯងបានបង្ហាញពីកង្វល់អំពីរបស់អ្នកឯង ប៉ុន្ដែអ្នកឯងមិនបានកង្វល់អំពីសន្ដិសុខជាតិរបស់កម្ពុជា តាមរយៈនៃការធ្វើបដិវត្តពណ៌ នៃការផ្ដួលរំលំ»។

ងាកមកក្រុមយុវជនវិញសម្ដេចនាយករដ្ឋមន្ដ្រី បានគិតថាទទួលបានព័ត៌មានដល់ល្អៗច្រើន នៅពេលអតីតយុវជននៃគណបក្សប្រឆាំង មកចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាវិញ ក្នុងរយៈពេល ប៉ុន្មានអាទិត្យចុងក្រោយនេះ «ពួកគេមិនចាំបាច់ប្រើរដ្ឋាភិបាលទេ គេប្រើអង្គការក្រៅរដ្ឋាភិបាល គឺគ្រប់គ្រាន់ហើយ ដើម្បីបំផ្លាញ»។

ឆ្លៀតឱកាសនោះដែរ សម្ដេចតេជោលើកឡើងថា កម្ពុជា បានឆ្លងកាត់វាល៣ ដែលជាទុក្ខលំបាក ក្នុងនោះរួមមាន៖ វាលទី១ គឺវាលសង្គ្រាម , វាលទី២ គឺវាលអត់ឃ្លាន ដូចជាជំនាន់ ប៉ុល ពត ពលរដ្ឋស្លាប់ព្រោះអត់ឃ្លាន ប៉ុន្ដែកម្ពុជាបានឆ្លងផុតរួចហើយ។ ប៉ុន្ដែវាលទី៣ គឺជំងឺឆ្លង ដែលកម្ពុជាកំពុងហែលឆ្លង ពីព្រោះបញ្ហាជំងឺនេះ បានកើតឡើងជាបន្តបន្ទាប់ រាប់ចាប់តាំងពីជំងឺផ្ដាសាយបង្សី ជំងឺសាជ្រូក និងជំងឺកូវីដ-១៩ ជាដើម ដែលវាបានបំប្លែងខ្លួនជាបន្តបន្ទាប់៕

To Top