ព័ត៌មានជាតិ

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បំពេញបែបបទ ឲ្យជនបរទេសចូលកម្ពុជា ជាង២លាននាក់

ភ្នំពេញ ៖ ក្នុងឆ្នាំ២០២២ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបំពេញបែបបទសម្របសម្រួលអ្នកដំណើរជាជនបរទេស ចូលមកកម្ពុជា ជាលក្ខណៈ អន្តរជាតិចំនួន២,១២៥,៥២១នាក់ ស្មើនឹង២១៣សញ្ជាតិ ។ ក្នុងនោះទេសចរណ៍ ១,៥៩៩,៧៩២ នាក់ ពាណិជ្ជករ ៣៨១,២៣៦ នាក់ ការទូត៦,៨៨៤នាក់ ផ្លូវការ៨,៩៧១នាក់ បោរីភាព៧,៩៤០នាក់ នាវិក៤៦,៦៥៣នាក់ អនិកជន ៧២,៣៦១នាក់ និងអ្នកដំណើរឆ្លងកាត់ ចំនួន១,៦៨៤នាក់ ទាំងតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក។ នេះបើតាមលោក ណុប វី អគ្គនាយករង អគ្គនាយកដ្ឋានអន្តោប្រវេសន៍។

លោកឲ្យដឹងបន្ត ក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាពីថ្ងៃ១៤ មីនាថា ចំណែកជនបរទេសចេញពីកម្ពុជាវិញ ជាលក្ខណៈអន្តរជាតិមានចំនួន១,៩០០,១៦៥នាក់ ស្មើនឹង២១៧សញ្ជាតិ។ ជនបរទេសបានចូលមកកម្ពុជាជាលក្ខណៈតំបន់ព្រំដែន សរុបចំនួន ៦២៧,៩៩២នាក់ ខណៈការចេញជាលក្ខណៈតំបន់ ព្រំដែននេះមានចំនួន ៦២០,៤៣៧នាក់ ។

លោកថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក៏បានបំពេញបែបបទ និងសម្រួលការធ្វើដំណើរចេញជាលក្ខណៈអន្តរជាតិ ជូនពលរដ្ឋខ្មែរក្នុងឆ្នាំ២០២២ បានចំនួន៨៩៥,៤៣៦នាក់ ទាំងតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក ខណៈពលរដ្ឋខ្មែរ បានចូលមកប្រទែស វិញជាលក្ខណៈអន្តរជាតិមានចំនួន ៨១៩,២០៥នាក់។

បើតាម លោក ណុប វី ក្នុងដំណើរការគ្រប់គ្រងការចេញ-ចូលប្រទេសនេះដែរ មន្រ្តីនគរបាលប្រចាំការនៅច្រកទ្វារ អន្តរជាតិ និងច្រកទ្វារព្រំដែនអន្តរជាតិ បានត្រួតពិនិត្យរកឃើញបទល្មើស ចំនួន៧៩២លើក ប្រព្រឹត្តិដោយអ្នកដំណើរ ១,១៣៤នាក់ ដោយបានចាត់វិធានការផ្អាកដំណើរ និងបញ្ជូនត្រឡប់ថយក្រោយវិញ។ អ្នកទាំងនោះជាជនចិន វៀតណាម ឥណ្ឌូនេស៊ី កូរ៉េខាងត្បូង អូស្រ្តាលី បង់ក្លាដែសឥណ្ឌា ថៃ អាមេរិក អង់គ្លេស តៃវ៉ាន់ សិង្ហបុរី ស្រីលង្កា ដាណឺម៉ាក បារាំង បែលហ្សិក រុស្ស៊ី និងសេនឃិត៕

To Top