ព័ត៌មានអន្តរជាតិ

កងទ័ពកោះតៃវ៉ាន់ ត្រៀមប្រព័ន្ធមីស៊ីល អំឡុងពេលចិន ធ្វើសមយុទ្ធយោធា ព័ទ្ធជុំវិញខ្លួន

បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ របស់ចិន បានរាយការណ៍នៅថ្ងៃអាទិត្យថា ទីក្រុងប៉េកាំង បានក្លែងធ្វើការវាយប្រហារ យ៉ាងជាក់លាក់លើកោះតៃវ៉ាន់ ក្នុងអំឡុងពេលសមយុទ្ធយោធារួមគ្នា នៅជុំវិញកោះនេះ។ សមយុទ្ធ​ដែល​ពាក់ព័ន្ធ​នឹង​នាវា​ផ្ទុក​យន្តហោះ ​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ឆ្លើយតប​នឹង ​ដំណើរ​ទស្សនកិច្ច​ របស់​ប្រធានាធិបតី ​កោះតៃវ៉ាន់ លោកស្រី Tsai Ing-wen ទៅកាន់​សហរដ្ឋអាមេរិក។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រសួងការពារជាតិកោះតៃវ៉ាន់បាននិយាយថា នាវាកងទ័ពជើងទឹក ៩គ្រឿង និងយន្តហោះចម្បាំងចំនួន ៧១ ត្រូវបានគេរកឃើញនៅជិតកោះនេះគិតត្រឹមព្រឹកថ្ងៃអាទិត្យ។ ក្រសួងបានបន្ថែមថា យន្តហោះចំនួន ៤៥ គ្រឿង រួមទាំងយន្តហោះចម្បាំង យន្តហោះស៊ើបការណ៍ និងយន្តហោះគ្មានមនុស្សបើក បានឆ្លងចូលទៅក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាស (ADIZ) របស់កោះនេះ។

ក្រសួងការពារជាតិកោះនេះបន្តថា យន្តហោះល្បាតផ្ទាល់របស់កោះតៃវ៉ាន់ ក៏ដូចជានាវាកងទ័ពជើងទឹក និងប្រព័ន្ធមីស៊ីលនៅលើដី ត្រូវបានត្រៀមធ្វើឱ្យសកម្មផងដែរដើម្បី “ឆ្លើយតប [ចំពោះ] សកម្មភាពទាំងនេះ” ។

វរសេនីយ៍ឯក Shi Yi អ្នកនាំពាក្យនៃបញ្ជាការ Eastern Theater Command របស់កងទ័ពរំដោះប្រជាជន (PLA) បាននិយាយកាលពីថ្ងៃសៅរ៍ថា កប៉ាល់ និងយន្តហោះកំពុង “ឡោមព័ទ្ធ” កោះតៃវ៉ាន់ ជាផ្នែកនៃសមយុទ្ធ។ លោក Shi បានពិពណ៌នាសមយុទ្ធនេះថាជាការព្រមានមួយ “ប្រឆាំងនឹងការឃុបឃិតគ្នារវាងកងកម្លាំងបំបែកខ្លួនដែលស្វែងរក “ឯករាជ្យភាពតៃវ៉ាន់” និងកងកម្លាំងខាងក្រៅ និងប្រឆាំងនឹងសកម្មភាពបង្កហេតុរបស់ពួកគេ៕

ប្រែសម្រួលៈ ណៃ តុលា

To Top