ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់៖ ការកាត់បន្ថយ ឥទ្ធិពលប្រាក់ដុល្លារ នឹងកាត់បន្ថយការត្រួតត្រា របស់លោកខាងលិច លើសេដ្ឋកិច្ចពិភពលោក

តេអេរ៉ង់ ៖ មន្ត្រីសន្តិសុខជាន់ខ្ពស់ របស់អ៊ីរ៉ង់បានឲ្យដឹងថា ការកាត់បន្ថយឥទ្ធិពល របស់ប្រាក់ដុល្លារអាមេរិក លើពាណិជ្ជកម្មក្នុងតំបន់ និងអន្តរជាតិ នឹងកាត់បន្ថយការត្រួតត្រា របស់លោកខាងលិច លើសេដ្ឋកិច្ចពិភពលោក ។

លេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិកំពូលរបស់អ៊ីរ៉ង់ ( SNSC) លោក Ali Shamkhani បានធ្វើការកត់សម្គាល់ នៅក្នុងកិច្ចប្រជុំជាមួយជំនួយការ ប្រធានាធិបតីរុស្ស៊ីលោក Igor Levitin នៅរដ្ឋធានីតេអេរ៉ង់ នេះបើយោងតាមសារព័ត៌មាន Nour News ដែលមានទំនាក់ទំនងនឹង SNSC ។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំនេះ លោក Shamkhani បានឲ្យដឹងថា ដំណើរការកាត់បន្ថយប្រាក់ដុល្លារលើប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិ បានចាប់ផ្តើមរួចហើយ ដោយកត់សម្គាល់ថា មានប្រទេសជាច្រើនកំពុងចូលរួមក្នុងផ្លូវនេះ។

លោកបានពណ៌នាអំពីគំនិតផ្តួចផ្តើម ដែលបានបញ្ចប់រវាងអ៊ីរ៉ង់ និងរុស្ស៊ី ក្នុងផ្នែកនៃប្រតិបត្តិការរូបិយវត្ថុ និងធនាគារថាជាវិធីសាស្ត្រ “មានប្រសិទ្ធភាព” សម្រាប់ “បំផ្លាញទណ្ឌកម្មលោកខាងលិចខុសច្បាប់ទៅជាបរាជ័យ” ។

លោក Shamkhani បានសម្តែងការពេញចិត្ត ចំពោះកម្រិតប្រសើរឡើងនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងអ៊ីរ៉ង់ និងរុស្ស៊ី ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ដោយបង្ហាញពីតម្រូវការក្នុងការពន្លឿនការអនុវត្តគម្រោងសេដ្ឋកិច្ចរួមគ្នា។

លោកបានលើកឡើងថា ការបញ្ចប់ ច្រករបៀងដឹកជញ្ជូនអន្តរជាតិខាងជើង-ខាងត្បូង និងការពង្រីក កិច្ចសហប្រតិបត្តិការ លើវិស័យដឹកជញ្ជូនរវាងប្រទេសទាំងពីរ គឺជាផ្នែកដ៏សំខាន់ នៃគម្រោងរួមគ្នា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

សម្រាប់ផ្នែករបស់លោកវិញ លោក Levitin បានលើកឡើងថា ទីក្រុងម៉ូស្គូបានត្រៀម ខ្លួនរួចជាស្រេច ដើម្បីធ្វើការវិនិយោគ នៅក្នុងវិស័យសេដ្ឋកិច្ចអ៊ីរ៉ង់ផ្សេងៗគ្នា រួមទាំងវិស័យដែលទាក់ទងនឹងឧស្សាហកម្មដែក ប្រេង និងគីមីឥន្ធនៈ។

ការអត្ថាធិប្បាយលើដំណើរទស្សនកិច្ចទ្វេភាគីជាច្រើនរបស់មន្ត្រីសេដ្ឋកិច្ច និងធនាគារ នៃប្រទេសទាំងពីរក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ លោកបានលើកឡើងថា ចំណុចអំណោយផលត្រូវបានរៀបចំ សម្រាប់ការចុះហត្ថលេខា លើកិច្ចព្រមព្រៀងសេដ្ឋកិច្ចពហុភាគី និងការទាក់ទាញប្រទេសផ្សេងទៀត ឱ្យចូលរួមក្នុងគម្រោងសេដ្ឋកិច្ចដែលរកកម្រៃបាន៕

To Top