ព័ត៌មានជាតិ

ព្រះមហាក្សត្រកម្ពុជា យាងចូលរួមកម្មវិធីប្រគំតន្ត្រី អបអរសាទរខួបការទូតលើកទី៧០ រវាងកម្ពុជា-ថៃ

ភ្នំពេញ៖ កម្ពុជា-ថៃ បានរៀបចំកម្មវិធីប្រគំតន្ត្រី Jazz Ensemble of the Thailand Philharmonic Orchestra ដើម្បីអបអរសាទរខួបការទូតលើកទី៧០ រវាងប្រទេសទាំង២ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត នៃព្រះករុណា ជាអម្ចាស់ជីវិតតម្កល់លើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ នៅសាលសន្និសីទចតុមុខ។

ដោយមានកិច្ចសហការរវាងក្រសួង វប្បធម៌និងវិចិត្រសិល្បៈកម្ពុជា និងស្ថានទូតថៃប្រចាំកម្ពុជា គឺការប្រគំតន្រ្តីនេះ ដើម្បីលើកយកមកប្រគំថ្វាយ និងជូនទស្សនិកជន នូវបទភ្លេងនិងចម្រៀងល្បីៗ នៅក្នុងប្រទេសទាំង២ ក៏ដូចជានៅប្រទេសលោកខាងលិច ។ ក្នុងនោះរួមមាន ស្នាព្រះហស្ថ ព្រះរាជនិពន្ធពីរោះៗជាច្រើនរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងអតីតព្រះមហាក្សត្រថៃ ភូមិបុល អាដុលយ៉ាដេត (Phumibol Adulyadej)។

លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ បានថ្លែងថា ការប្រគំតន្រ្តីនាឱកាសនេះ ក៏ជាផ្នែកមួយនៃការផ្លាស់ ប្ដូរវប្បធម៌រវាងប្រទេសទាំង២ផងដែរ។ កម្ពុជា-ថៃ តែងតែរៀបចំផ្លាស់ប្តូរវប្បធម៌ជាមួយ គ្នាទៅវិញទៅមកជារៀងរាល់ឆ្នាំ តាមរយៈការរៀបចំជាព្រឹត្តិការណ៍វប្បធម៌ និងសិល្បៈជាច្រើន ក្នុងប្រទេស២៕

To Top