ភ្នំពេញ៖លោកទិត ចន្ថា រដ្ឋមន្រ្តីស្តីទីក្រសួងទេសចរណ៍ បានឲ្យដឹងថា កម្ពុជានៅតែមានភ្ញៀវទេសចរអន្តរជាតិ មកទស្សនា ប៉ុន្តែមានការថមថយខ្លះ ពិសេសគឺភ្ញៀវទេសចរចិន ដោយសារបញ្ហាការផ្ទុះរីករាលដាល នៃវីរុសកូរ៉ូណា។
ក្នុងកិច្ចប្រជុំការងារទេសចរណ៍ ជាមួយផ្នែកឯកជន ក្នុងវិស័យទេសចរណ៍ នៅថ្ងៃទី១១ ខែកុម្ភៈឆ្នាំ២០២០ លោកទិត ចន្ថាបានថ្លែងថា “ នៅខេត្តសៀមរាប-អង្គរ សកម្មភាពទេសចរ នៅតែមានសកម្មភាព រស់រវើក ជាពិសេស ភ្ញៀវទេសចរអឺរ៉ុប នៅតែមានច្រើន តែមានការថមថយខ្លះ ពិសេសភ្ញៀវចិនមានការថមថយ ដោយសារប្រភពកំណើត របស់គាត់មានបញ្ហា (វីរុសកូរ៉ូណា)”។
លោកបន្តថា មកដល់ពេលនេះ មិនទាន់មានដំណោះស្រាយ ជាក់លាក់ណាមួយ សម្រាប់បញ្ហាធ្លាក់ចុះភ្ញៀវទេសចរ ក្នុងដំណាក់កាលផ្ទុះការរីករាលដាល វីរុសកូរ៉ូណានេះនៅឡើយ។ លោកបន្តទៀតថា បញ្ហានេះក្រសួង មិនអាចធ្វើតែឯងបានទេ គឺត្រូវមាន ការសហការពីភាគីពាក់ព័ន្ធ ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ក្នុងវិស័យទេសចរណ៍នេះផងដែរ។
លោករដ្ឋមន្រ្តីស្ដីទីឲ្យដឹងបន្ថែមថា តែទោះជាយ៉ាងណា ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលជាសេនាធិការ របស់រាជរដ្ឋាភិបាល នឹងស្នើសុំទៅកាន់រាជរដ្ឋាភិបាល ដើម្បីទទួលបានដំណោះស្រាយ ជាក់លាក់ណាមួយ ក្នុងដំណាក់កាលលំបាកនេះ។
លោកបញ្ជាក់ថា បញ្ហាមួយចំនួន ដែលតម្រូវឱ្យភាគីពាក់ព័ន្ធ រួមគ្នាដោះស្រាយ រួមមានដូចជាៈ បញ្ហាពន្ធដារ អគ្គិសនី ការប្រាក់ នៅធនាគារជាដើម ដែលសំដៅសម្រួលមធ្យោបាយ ជូនក្រុមហ៊ុន ទីភ្នាក់ងារទេសចរណ៍ មូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ជាដើម ដែលកំពុងជួបបញ្ហា ក្នុងការចំណាយច្រើន ខណៈចំណូលដែលផ្អែកលើការមកទស្សនា ការមកស្នាក់នៅ ឬការប្រើប្រាស់សេវាកម្ម របស់ភ្ញៀវទេសចរ មានការធ្លាក់ចុះ។
ក្នុងឱកាសនោះ លោកក៏បានអំពាវនាវ ដល់ភាគីពាក់ព័ន្ធ ទាំងរដ្ឋ-ឯកជន ត្រូវរួមគ្នាបង្កើតព្រឹត្តិការណ៍ទេសចរណ៍ នៅតាមគោលដៅទេសចរណ៍ ឱ្យបានច្រើន ដើម្បីជំរុញចលនាទេសចរផ្ទៃក្នុង ទាំងប្រជាពលរដ្ឋ និងភ្ញៀវអន្តរជាតិ ដែលកំពុងស្ថិតនៅកម្ពុជា គឺត្រូវដើរចេញទស្សនាឱ្យបានច្រើនកុះករផងដែរ។
ជាមួយគ្នានេះ លោកក៏បានឲ្យ ផ្នែកឯកជន ត្រូវសម្រួល ឬបញ្ចុះតម្លៃ លក់កញ្ចប់ទស្សនកិច្ចដល់ភ្ញៀវ ក៏ដូចជាការបញ្ចុះតម្លៃស្នាក់នៅ សណ្ឋាគារ អាហារហូបចុក ការដឹកជញ្ជូន សេវាកម្មនានាជាដើម ដើម្បីលើកទឹកចិត្ត ឱ្យមានការធ្វើដំណើរទេសចរណ៍ផ្ទៃក្នុង ព្រោះកាលណា មានសកម្មភាពទេសចរណ៍ច្រើន វាជួយសម្រាល ការចំណាយនៅតាមមូលដ្ឋាន អាជីវកម្មទេសចរណ៍ ហើយជាសារសម្រាប់ផ្សព្វផ្សាយ ទៅកាន់ទេសចរក្រៅប្រទេស ដែលជាការទាក់ទាញភ្ញៀវពីក្រៅប្រទេស ឱ្យមកទស្សនាកម្ពុជា បន្ថែមទៀត។
សូមបញ្ជាក់ថា ក្នុងឆ្នាំ២០១៩កន្លងទៅ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ជាង៦លាននាក់ ក្នុងនោះភ្ញៀវទេសចរចិន ឈរនៅលំដាប់ទី១ ៕ដោយ៖ធី លីថូ