បរទេស៖ អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Imran Khan កំពុងបង្ហាញខ្លួននៅចំពោះមុខចៅក្រម មួយថ្ងៃបន្ទាប់ពីការចាប់ខ្លួនរបស់លោក ពីបទពុករលួយ ដែលបានបង្កឱ្យមានការតវ៉ាទូទាំងប្រទេស។
យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា ប៉ូលីសបាននិយាយថា មនុស្សជិត ១ ០០០នាក់ ត្រូវបានចាប់ខ្លួនចាប់តាំងពីលោក Khan ត្រូវបានឃុំខ្លួននៅក្នុងទីក្រុង Islamabad លើការចោទប្រកាន់ដែលគាត់បានបដិសេធ។
សន្តិសុខត្រូវបានរឹតបន្តឹង ពេលដែលលោក Imran Khan កំពុងត្រូវឃុំខ្លួនដែលបម្រើជាបន្ទប់សវនាការ។
ការចាប់ខ្លួននេះបានបង្កើនការប្រយុទ្ធនយោបាយរវាងលោក Khan និងយោធាដ៏មានឥទ្ធិពលរបស់ប្រទេសប៉ាគីស្ថាន។ ការកាត់ទោសនឹងធ្វើឲ្យលោក Khan លែងមានសិទ្ធិឈរឈ្មោះបោះឆ្នោតផងដែរ។
យ៉ាងហោចណាស់មនុស្សពីរនាក់បានស្លាប់នៅក្នុងការតវ៉ាដោយហិង្សាដែលបានផ្ទុះឡើងនៅក្នុងទីក្រុងជាច្រើននៅទូទាំងប្រទេសប៉ាគីស្ថានបន្ទាប់ពីការចាប់ខ្លួនគាត់កាលពីថ្ងៃអង្គារ។
អតីតតារាកីឡា cricket អន្តរជាតិអាយុ ៧០ ឆ្នាំត្រូវបានបណ្តេញចេញពីតំណែងកាលពីខែមេសាមុន តិចជាង ៤ ឆ្នាំនៅក្នុងអាណត្តិរបស់គាត់ជានាយករដ្ឋមន្ត្រី។ កាលពីខែវិច្ឆិកា គាត់ត្រូវបានគេបាញ់ចំជើង ខណៈកំពុងធ្វើយុទ្ធនាការក្នុងចំណោមហ្វូងមនុស្សក្នុងទីក្រុង Wazirabad៕
ប្រែសម្រួលៈ ណៃ តុលា