ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានឱ្យដឹងថា ត្រីមាសទី១ ឆ្នាំ២០២៣ សមត្ថកិច្ចស្រាវជ្រាវរកឃើញ បទល្មើសប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ ចំនួន ៧៥សំណើ សង្គ្រោះបានជនរងគ្រោះចំនួន ១០នាក់ ព្រមទាំងឃាត់ខ្លួន ១៣នាក់។
តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ សម្ដេចក្រឡាហោម បានលើកឡើងអំពីលទ្ធផល នៃការអនុវត្តផែនការបង្កើនការ ប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ ក្នុងត្រីមាសទី១ ឆ្នាំ២០២៣។ ក្នុងរយៈពេល ៣ខែនេះ មានអ្នកដាក់សំណើ និងសំណូមពរ មកហ្វេសប៊ុកផេកសម្ដេច និងប្រភពផ្សេងៗចំណុះក្រសួងមហាផ្ទៃ ចំនួន ១៣១សំណើ ត្រូវជាមនុស្ស ចំនួន ១៩៥នាក់ ក្នុងនោះមានស្ទួនចំនួន ៣សំណើ។ ដូច្នេះសរុបសំណើរជាក់ស្ដែងមានចំនួន ១២៨សំណើ។
របាយការណ៍ពីគណៈបញ្ជាការដឹកនាំប្រតិបត្តិការ នៃក្រុមការងារអនុវត្តច្បាប់ ដឹកនាំដោយ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងទៀតថា ក្នុងចំណោម ១២៨សំណើនោះ មានជនបរទេស ៣៧៥នាក់ (ស្រី៣១នាក់) ស្មើ ១០សញ្ជាតិ ក្នុងនោះសញ្ជាតិបរទេស រួមមាន ចិន ថៃ បង់ក្លាដេស ប៉ាគីស្ថាន ម៉ាឡេស៊ី វៀតណាម ហ្វីលីពីន ឥណ្ឌា និងឥណ្ឌូនេស៊ី។
សម្ដេច គូសបញ្ជាក់ថា «ជាលទ្ធផល ក្នុងចំណម ១២៨សំណើនោះ សមត្ថកិច្ចយើងបានស្រាវជ្រាវរកឃើញ ចំនួន ៧៥សំណើ ស្មើនឹងមនុស្ស ចំនួន ១៨៤នាក់ (ស្រី២០នាក់) ៧សញ្ជាតិ ដោយសមត្ថកិច្ចសង្គ្រោះបានជនរងគ្រោះ ចំនួន ១០នាក់ ឃាត់ខ្លួន១៣នាក់។ ក្រៅពីនេះ មានសំណើចំនួន ៦៧ទៀត ត្រូវបានរកឃើញថាគ្រាន់តែជាការស្នើសុំកិច្ចអន្តរាគមន៍ ដើម្បីបានលាឈប់ពីការងារ និងចង់ត្រឡប់ទៅប្រទេសកំណើតវិញ។ ចំពោះសំណើចំនួន៣៣ ស្មើនឹងមនុស្សចំនួន៦៥នាក់ សមត្ថកិច្ចពុំរកឃើញក្នុងទីតាំង តាមសំណើសាមីជនទេ ខណៈសំណើដែលនៅសេសសល់ចំនួន ២១ទៀត ស្មើនឹងមនុស្ស ចំនួន ១២៦នាក់ (ស្រី២នាក់) សមត្ថកិច្ចយើងកំពុងស្រាវជ្រាវ»។
សម្ដេចក្រឡាហោម បន្ដថា ក្នុងរយៈពេលត្រីមាសទី១ ឆ្នាំ២០២៣កន្លងទៅនេះ សមត្ថកិច្ចពាក់ព័ន្ធបានសហការគ្នា ធ្វើការយ៉ាងសស្រាក់សស្រាំ ដើម្បីប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ជួញដូរកម្លាំងពលកម្ម និងអាជីវកម្មផ្លូវភេទដែលបានធ្វើឱ្យ សភាពការណ៍មានការថយចុះគួរឱ្យកត់សម្គាល់។ ជាក់ស្ដែង បើធៀបនឹងរយៈពេលដូចគ្នា ចាប់ពីពេលចាប់ផ្ដើមទទួលសំណើ យើងពិនិត្យឃើញថា សំណើសុំកិច្ចអន្តរាគមន៍ បានថយចុះ ៧៨ភាគរយ ពោលគឺពី៦០៥ មកនៅត្រឹម១២៨សំណើ។ យ៉ាងណាក៏ដោយ ៣ខែនេះ ក៏សង្កេតឃើញថាខេត្តឧត្តរមានជ័យ ខេត្តកោះកុង កណ្ដាល និងព្រះសីហនុ មានសំណើច្រើនករណី។
សម្ដេចក្រឡាហោម សូមបញ្ជាក់ជូនថា អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចកម្ពុជា នៅតែបន្តជំរុញសកម្មភាពក្នុងការត្រួតពិនិត្យ និងបង្ក្រាបទីតាំងអាជីវកម្ម ក្នុងករណីមានសំណើ ឬមានព័ត៌មានជាក់លាក់ពាក់ព័ន្ធទៅនឹងបទល្មើស ការបង្ខាំងមនុស្ស ការរឹតត្បិតសេរីភាព ការធ្វើ ទារុណកម្ម អំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ ការលួចលាក់បើកអាជីវកម្មល្បែង ស៊ីសងខុសច្បាប់គ្រប់ប្រភេទ ព្រមទាំងស្រាវជ្រាវរកជនល្មើស ដើម្បីផ្តន្ទាទោសតាមច្បាប់។
ជាថ្មីម្ដងទៀត សម្ដេចក្រឡាហោម ស ខេង សូមបញ្ជាក់ជូនថា យើងនឹងបន្តពិនិត្យលើសំណើ សុំអន្តរាគមន៍ដែលត្រូវបានបិទជាបណ្តោះអាសន្ន ដើម្បីវាយតម្លៃ និងបន្តការងារស្រាវជ្រាវ ស្វែងរកតាមសំណើ ឬសំណូមពរ សំដៅធានាសុវត្ថិភាពឲ្យបានដាច់ខាតដល់ ជនបរទេសដែលស្នើសុំអន្តរាគមន៍ ព្រមទាំងស្រាវជ្រាវ ស៊ើបអង្កេតឲ្យបានហ្មត់ចត់ និងចាត់វិធានការឱ្យបានម៉ឺងម៉ាត់ ចំពោះជនបរទេសដែលប្ដឹងបំប៉ោងព័ត៌មាន ឬបំពុលបរិយាកាសសង្គម ដោយសារតែប្រយោជន៍ផ្ទាល់ខ្លួន៕