ព័ត៌មានអន្តរជាតិ

ស្រីលង្កា បង្កើតអង្គភាពពិសេស នៅតាមព្រលានយន្តហោះ ដើម្បីទប់ស្កាត់អំពើជួញដូរមនុស្ស

Xinhua

កូឡុំបូ៖ ប្រភពព័ត៌មានពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ថា យោងតាមសេចក្តីថ្លែងការណ៍ របស់ក្រសួងការងារ និងកិច្ចការបរទេសបានឲ្យដឹងថា កាលពីថ្ងៃចន្ទម្សិលមិញនេះ ប្រទេសស្រីលង្កាបានបង្កើតអង្គភាព លើកកម្ពស់ការធ្វើចំណាកស្រុកដោយសុវត្ថិភាព នៅអាកាសយានដ្ឋានអន្តរជាតិ Bandaranaike ក្នុងទីក្រុងកូឡុំបូ ដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស ។

លោក Manusha Nanayakkara រដ្ឋមន្ត្រីក្រសួងការងារ និងកិច្ចការបរទេស បានថ្លែងថា អង្គភាពនេះត្រូវបានបង្កើតឡើង ដើម្បីការពារប្រជាជនស្រីលង្កា ដែលធ្វើដំណើរទៅក្រៅប្រទេស ដើម្បីស្វែងរកការងារធ្វើមិនឱ្យក្លាយជា ជនរងគ្រោះនៃការជួញដូរមនុស្សជាដាច់ខាត ។

នៅមុននេះ លោករដ្ឋមន្ត្រីបានប្រកាសថា រដ្ឋាភិបាលគ្រោងបំពាក់កម្មវិធីឌីជីថល នៃមជ្ឈមណ្ឌលសេវាកម្មការងារបរទេសទាំងមូល ដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស ។

គេបានដឹងថា ពលករចំណាកស្រុកស្រីលង្កាបានផ្ញើប្រាក់ជាង១,៨ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល ៤ខែដំបូងនៃឆ្នាំ ២០២៣ ហើយការផ្ទេរប្រាក់របស់ពលករចំណាកស្រុក គឺជាប្រភពចំណូលដ៏សំខាន់មួយ សម្រាប់ប្រទេសស្រីលង្កា ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top