ភ្នំពេញ៖ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា បានថ្លែងថា អាស៊ានត្រូវបន្តពង្រឹងប្រសិទ្ធភាព ស្ថាប័នសំខាន់ៗរបស់ខ្លួន ដើម្បីដោះស្រាយភាពស្មុគស្មាញ នៃការប្រកួតប្រជែងភូមិសាស្រ្តយុទ្ធសាស្រ្ត ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នាថ្ងៃ៥ កញ្ញា បានឲ្យដឹងថា ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន (AMM) នាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ បានផ្តោតលើដំណើរការនៃការកសាងសហគមន៍អាស៊ាន ក្រោមការដឹកនាំរបស់ឥណ្ឌូនេស៊ី ដែលជាប្រធានអាស៊ានឆ្នាំ២០២៣ ក្រោមមូលបទ៖ “សារៈសំខាន់អាស៊ាន៖ ស្នូលនៃកំណើន” វិធីសាស្រ្តដើម្បីពន្លឿនវឌ្ឍនភាពនៃការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច (5PC) និងទំនាក់ទំនងអាស៊ានជាមួយដៃគូសន្ទនា និងដៃគូផ្សេងៗទៀត។
រដ្ឋមន្ត្រីការបរទេសអាស៊ាន បានបង្ហាញនូវការពេញចិត្ត ចំពោះសន្ទុះជាវិជ្ជមាននៃដំណើរការកសាងសហគមន៍អាស៊ាន និងការកើនឡើងនៃចំនួនប្រទេសខាងក្រៅតំបន់ ដែលបានបង្ហាញនូវបំណងចូលជាភាគីនៃសន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC)។ នេះជាការឆ្លុះបញ្ចាំងអំពីការទទួលស្គាល់នូវសារៈសំខាន់នៃមជ្ឈភាពអាស៊ាន ក្នុងការរក្សា និងលើកកម្ពស់សន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាព ក្នុងតំបន់ និងក្រៅតំបន់។
រដ្ឋមន្ត្រីការបរទេសអាស៊ាន បានលើកទឹកចិត្តឱ្យមានវឌ្ឍនភាពបន្ថែមទៀត ក្នុងការអនុវត្ត 5PC និងបានគូសបញ្ជាក់ថា 5PC រួមទាំងការពិនិត្យឡើងវិញ និងការសម្រេចចិត្តរបស់ប្រមុខដឹកនាំអាស៊ានស្តីពីការអនុវត្ត 5PC គឺនៅតែជាឯកសារស្នូល ដើម្បីជួយមីយ៉ាន់ម៉ាឱ្យវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ។ កិច្ចប្រជុំបានសង្កត់ធ្ងន់បន្ថែមថា 5PC បានដើរតួនាទីជាឧបករណ៍ចាំបាច់ ក្នុងការបង្កើតបរិយាកាសអំណោយផលឆ្ពោះទៅការបង្កើតកិច្ចសន្ទនាប្រកបដោយសន្តិវិធី ក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ នៅមីយ៉ាន់ម៉ា ដើម្បីជាប្រយោជន៍ដល់ប្រជាជនមីយ៉ាន់ម៉ា។
ក្នុងកិច្ចប្រជុំនោះដែរឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានបញ្ជាក់ឡើងវិញនូវការគាំទ្ររបស់កម្ពុជាចំពោះឥណ្ឌូនេស៊ី ដែលបានខិតខំជំរុញឱ្យមានកិច្ចសន្ទនារវាងភាគីពាក់ព័ន្ធ ហើយលោក ក៏បានរំលឹកឡើងវិញនូវភាពចាំបាច់ក្នុងការរក្សាសាមគ្គីភាពអាស៊ាន ក៏ដូចជាការតស៊ូដោះស្រាយវិញ្ញាសាស្តីពីមីយ៉ាន់ម៉ាដែលមានលក្ខណៈ ស្មុគស្មាញខ្លាំង។
លោកឧបនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា
«អាស៊ានបានបង្ហាញច្បាស់ពីស្មារតីឯកភាពគ្នាជាធ្លុងមួយក្នុងការពុះពារឆ្លងកាត់បញ្ហាប្រឈមពហុសណ្ឋានជាច្រើន និងបានក្លាយជាស្នូលនៃសន្តិភាព ស្ថិរភាព និងវិបុលភាពសម្រាប់តំបន់ ហើយនៅក្នុងន័យនេះ អាស៊ានត្រូវបន្តពង្រឹងប្រសិទ្ធភាពស្ថាប័នសំខាន់ៗរបស់ខ្លួន ដើម្បីដោះស្រាយភាពស្មុគស្មាញនៃការប្រកួតប្រជែងភូមិសាស្រ្តយុទ្ធសាស្រ្ត» ។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តដល់ប្រទេសសមាជិកអាស៊ានបន្តជំរុញពាណិជ្ជកម្មរវាងប្រទេសសមាជិកអាស៊ាន ស្វែងរកប្រភពនៃកំណើនថ្មី និងធានាឱ្យបាននូវការអនុវត្តពេញលេញ និងមានប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ជាពិសេស កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)។
ដោយបានកត់សម្គាល់ដោយពេញចិត្តចំពោះមុខមាត់ និងសមត្ថភាពរបស់អាស៊ាន ដែលធ្វើឱ្យប្រទេសខាងក្រៅតំបន់ជាច្រើនចង់មកធ្វើការជាមួយ ប្រមុខការទូតខ្មែរ បានសង្កត់ធ្ងន់ពីសារៈសំខាន់ ដែលអាស៊ានត្រូវបន្តបង្កើនសមត្ថភាពស្ថាប័នដោយឥតឈប់ឈរ ក្នុងការគ្រប់គ្រងភាពជាដៃគូទាំងនេះ ដើម្បីបានជាប្រយោជន៍ដល់ប្រជាជនអាស៊ានទាំងមូល តាមរយៈការលើកកម្ពស់កិច្ចសហការប្រកបដោយផ្លែផ្កាលើគ្រប់វិស័យជាមួយដៃគូខាងក្រៅ។
ជាមួយគ្នានោះលោកឧបនាយករដ្ឋមន្រ្តី ក៏បានរំលឹកឡើងពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការរួមចំណែកធ្វើឱ្យតំបន់អាស៊ីអាគ្នេយ៍ជាតំបន់គ្មានអាវុធនុយក្លេអ៊ែរ ហើយបានកោតសរសើរចិនដែលបានត្រៀមខ្លួនរួចជាស្រេចចូលជាភាគីនៃសន្ធិសញ្ញាស្តីពីតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ (SEANWFZ) ដោយគ្មានខបម្រុង។ ការណ៍នេះ បើសម្រេចបាន នឹងជំរុញលើកទឹកចិត្តដល់រដ្ឋដែលមានអាវុធនុយក្លេអ៊ែរផ្សេងទៀត ចូលជាភាគីនៃសន្ធិសញ្ញានេះផងដែរ ៕