បរទេស ៖ លោក Aleksey Danilov ប្រធានក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិអ៊ុយក្រែន បាននិយាយថា អ៊ុយក្រែនត្រូវបានបង្ខំ ឱ្យផ្លាស់ប្តូរទីតាំងផលិតមីស៊ីលរបស់ខ្លួន ទៅខាងក្រៅប្រទេសដោយសារ តែការគំរាមកំហែង នៃការវាយប្រហារ ដោយរយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅក្នុងបទសម្ភាសន៍ជាមួយកាសែត អេស្បាញ ABC ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ Danilov ត្រូវបានស្នើសុំឱ្យធ្វើអត្ថាធិប្បាយលើវឌ្ឍនភាព នៃកិច្ចខិតខំប្រឹងប្រែងរបស់អ៊ុយក្រែន ក្នុងការផលិតមីស៊ីល។
លោក Danilov បានបដិសេធមិននិយាយលម្អិតច្រើននោះទេ ដោយពន្យល់ថា “វាជាកម្មវិធីសម្ងាត់ ហើយគ្មានអ្នកណាប្រាប់អ្នកថាវាស្ថិតក្នុងស្ថានភាពអ្វីទេ”។ ទោះជាយ៉ាងណាក៏ដោយលោក Danilov បាននិយាយថា “ជាអកុសល រុស្ស៊ីបានវាយប្រហារកន្លែងដែលមីស៊ីល ទាំងនេះត្រូវបានប្រមូលផ្តុំ” ។
លោកបានបន្ថែមដោយមិន បានបង្ហាញពីទីតាំងជាក់លាក់ថា៖ «ឥឡូវនេះយើងបានផ្លាស់ប្តូរផ្នែកមួយនៃផលិតកម្មនៅក្រៅប្រទេសរបស់យើងហើយ ដោយមិនបានបង្ហាញពីទីតាំងពិតប្រាកដ ឬចំនួនទ្រព្យសកម្មត្រូវបានផ្លាស់ប្តូរទីតាំងនោះទេ»៕
ប្រែសម្រួលៈ ណៃ តុលា