ព័ត៌មានអន្តរជាតិ

Update៖ អ៊ុយក្រែន នឹងចំណាយប្រាក់តិចបំផុត២១,៦ភាគរយនៃ GDP របស់ខ្លួនសម្រាប់វិស័យការពារជាតិក្នុងឆ្នាំ២០២៤

រូបភាពពី៖​ AFP

គៀវ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ថា ទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine បានរាយការណ៍នៅថ្ងៃអង្គារនេះថា លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន បានចុះហត្ថលេខាលើច្បាប់មួយដើម្បីចំណាយយ៉ាងហោចណាស់ចំនួន២១,៦ភាគរយនៃផលិតផលក្នុងស្រុកសរុប ហៅកាត់ថា (GDP) របស់ប្រទេសស្លួននៅក្នុងឆ្នាំ២០២៤ទៅលើវិស័យការពារជាតិ ។

ក្រឹត្យរបស់លោកប្រធានាធិបតី ដែលចូលជាធរមានចំពោះការសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិ បានចែងថា ការចំណាយលើវិស័យការពារជាតិរបស់អ៊ុយក្រែន នៅឆ្នាំក្រោយនឹងឈានដល់ជាង១,៦៩ពាន់ពាន់លាន hryvnia រឺប្រហែល៤៦ពាន់លានដុល្លារអាមេរិក ។

ឯកសារនេះបានណែនាំដល់រដ្ឋាភិបាលឱ្យផ្តល់អាទិភាពដល់ការផ្តល់ហិរញ្ញប្បទានដល់វិស័យការពារជាតិនៅក្នុងសេចក្តីព្រាងថវិការដ្ឋឆ្នាំ២០២៤ ដោយផ្អែកលើស្ថានភាពយោធា និងនយោបាយ នាពេលបច្ចុប្បន្ននេះ ។

ថវិកាឆ្នាំ២០២៣របស់អ៊ុយក្រែន បានប៉ាន់ស្មានថា ខ្លួននឹងចំណាយ១,១៤ពាន់ពាន់លាន hryvnia ស្មើនឹងប្រហែល៣១ ពាន់លានដុល្លារ ឬស្មើនឹង១៨,២ភាគរយនៃផលិតផលក្នុងស្រុកសរុប លើវិស័យការពារជាតិ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top