ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចាត់ទុកផ្លូវល្បឿនលឿន មិនត្រឹមតែផ្ដល់ភាពងាយស្រួល និងកាត់បន្ថយពេលវេលាច្រើន ក្នុងការធ្វើដំណើរប៉ុណ្ណោះទេ ប៉ុន្ដែបានក្លាយជាសរសៃឈាមសេដ្ឋកិច្ចថ្មីមួយ សម្រាប់បម្រើឲ្យវិស័យដឹកជញ្ជូន និងការតភ្ជាប់ផងដែរ ។
យោងតាមសារលិខិតអបអរសាទរ របស់រាជរដ្ឋាភិបាលកម្ពុជា ជូនចំពោះលោក Zhou Yong នាយកក្រុមហ៊ុន Cambodia PPSHV Expressway Co., Ltd. ក្នុងឱកាសប្រារព្ធពិធីអបអរសាទរខួប ១ឆ្នាំ ការបើកប្រើប្រាស់ជា ផ្លូវការផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលជាសមិទ្ធផលផ្លូវប្រវត្តិសាស្ត្រដំបូងបង្អស់របស់កម្ពុជា នាថ្ងៃទី៦ វិច្ឆិកានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា “ក្រោយពីបានបើកឲ្យប្រើប្រាស់ផ្លូវល្បឿនលឿននេះ អស់រយៈពេល ១ឆ្នាំកន្លងមក យើងសង្កេតឃើញថា ផ្លូវល្បឿនលឿននេះ ទទួលបានការកោតសរសើរ និងការពេញចិត្តពីសំណាក់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ដែលធ្លាប់បានធ្វើដំណើរឆ្លងកាត់ ផ្លូវល្បឿនលឿននេះឆ្ពោះទៅខេត្តព្រះសីហនុ ឬតំបន់ផ្សេងៗទៀត ប្រកបដោយ ភាពសប្បាយរីករាយ ដូច្នេះ ផ្លូវល្បឿនលឿននេះ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ ប្រសិទ្ធភាពនៃការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋ ដោយបានជួយបញ្ចៀសការកកស្ទះចរាចរណ៍ និងកាត់បន្ថយពេលវេលាធ្វើដំណើរ មកត្រឹមតែប្រមាណ ២ម៉ោងប៉ុណ្ណោះ ដែលយើងអាចធ្វើដំណើរទៅមក រវាងភ្នំពេញ និងខេត្តព្រះសីហនុវិលល្ងាច ដោយងាយស្រួល និងសុវត្ថិភាព”។
សម្តេចធិបតីសង្កត់ធ្ងន់ថា ផ្លូវល្បឿនលឿននេះ មិនត្រឹមតែផ្ដល់ភាពងាយស្រួល និងកាត់បន្ថយពេលវេលាច្រើន ក្នុងការ ធ្វើដំណើរប៉ុណ្ណោះទេ ប៉ុន្ដែពិតជាបានក្លាយជាសរសៃឈាម សេដ្ឋកិច្ចថ្មីមួយ សម្រាប់បម្រើឲ្យវិស័យដឹកជញ្ជូន និងការតភ្ជាប់ផងដែរ ជាពិសេសនឹងជំរុញឲ្យខេត្តព្រះសីហនុ កាន់តែមានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត ឆ្លើយតប ជាមួយនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយខេត្តនេះ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង”។
សម្តេចនាយករដ្ឋមន្ត្រីបន្ថែមថា “បើគិតក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្រ នៃការតភ្ជាប់ផ្លូវល្បឿនលឿននេះ គឺជាខ្សែផ្លូវដែលតភ្ជាប់ ប៉ូលសេដ្ឋកិច្ចទី១ រាជធានីភ្នំពេញទៅប៉ូលសេដ្ឋកិច្ចទី២ ខេត្តព្រះសីហនុ ដែលរាជរដ្ឋាភិបាល បានដាក់ចេញនូវគោលដៅអភិវឌ្ឍន៍ច្បាស់លាស់ ដោយចាត់ទុកខេត្តព្រះសីហនុ និងបណ្ដាខេត្តដែលស្ថិតក្នុងប៉ូលសេដ្ឋកិច្ចទី២ ជា គោលដៅតំបន់ឧស្សាហកម្ម សក្តានុពលទេសចរណ៍ ឆ្នេរសមុទ្រធម្មជាតិ កសិឧស្សាហកម្ម ពាណិជ្ជកម្ម និងការដឹកជញ្ជូនទំនិញឆ្លងកាត់តាមផ្លូវគោក ផ្លូវសមុទ្រ និងកំពង់ផែ។
សម្តេចធិបតីបញ្ជាក់ថា “ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុនេះ គឺជាគម្រោងដ៏មានសារៈសំខាន់មួយ ស្ថិតក្រោមគំនិតផ្តួចផ្ដើមខ្សែក្រវាត់ និងផ្លូវ (Belt and Road Initiative) ដែលបានដាក់ចេញដោយឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន។ គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវនេះ គឺជាការតភ្ជាប់តំបន់អាស៊ី ទៅតំបន់អឺរ៉ុប ដែលជួយពង្រឹងផ្នែកនយោបាយ ហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច និងពាណិជ្ជកម្ម ព្រមទាំងជាផ្នែក មួយជួយបង្កើនទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៅតំបន់អាស៊ី និងអឺរ៉ុប ឱ្យកាន់តែមានភាពជិតស្និទ្ធផងដែរ”។
សម្តេចធិបតី បានឲ្យដឹងថា “ការវិនិយោគរបស់ក្រុមហ៊ុន លើការកសាងផ្លូវល្បឿនលឿននេះ បានបង្ហាញអំពីអត្ថប្រយោជន៍ជាក់ស្ដែង ដែលកម្ពុជាទទួលបានពីគំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ” និងកិច្ចសហប្រតិបត្តិការមិត្តដែកថែប មិនអាចកាត់ថ្លៃបាន រវាងកម្ពុជា និងចិន ដែលបានជួយលើកកម្ពស់ប្រព័ន្ធហេដ្ឋារចនា សម្ព័ន្ធដឹកជញ្ជូន ជំរុញកំណើនសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋកម្ពុជា៕