ព័ត៌មានជាតិ

ទូតចិន៖ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុធ្វើរួច កម្ពុជានឹងបញ្ចប់ប្រវត្តិសាស្ដ្រ ដែលមិនធ្លាប់មានផ្លូវល្បឿនលឿន

ភ្នំពេញ៖ ស្ថានទូតចិន ប្រចាំកម្ពុជា បានឲ្យដឹងថា ក្រោយពីផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ សាងសង់រួចរាល់ហើយនោះ កម្ពុជានឹងបញ្ចប់ប្រវត្តិសាស្ដ្ររបស់ខ្លួន ដែលមិនធ្លាប់មានផ្លូវល្បឿនលឿន។

តាមរយៈគេហទំព័រហ្វេសប៊ុករបស់ ស្ថានទូតចិន ប្រចាំកម្ពុជា នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ បានលើកឡើងថា ផ្អែកតាមប្រភពព័ត៌មានរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៃកម្ពុជា បានបញ្ជាក់ថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ កំពុងតែបន្តឆ្ពោះដំណើរទៅមុខយ៉ាងរលូន។ រហូតមកដល់បច្ចុប្បន្ននេះ គម្រោងខាងលើសម្រេចបាន៥១.៣៥% គ្រោងបញ្ចប់ និងដាក់ឲ្យប្រើប្រាស់ នាខែកញ្ញា ឆ្នាំ២០២២។

ស្ថានទូតបញ្ជាក់ទៀតថា «ក្រោយពីបញ្ចប់ការសាងសង់គម្រោងខាងលើ ចំណាយពេលប្រហែល ២ម៉ោងតែប៉ុណ្ណោះ សម្រាប់ការធ្វើដំណើរពី រាជធានីភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុ។ នេះនឹងជួយកម្ពុជា បញ្ចប់ប្រវត្តិសាស្ត្រដែលមិនមានផ្លូវល្បឿនលឿន នឹងអាចដើរតួនាទីយ៉ាងសំខាន់ សម្រាប់ការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ច ក្នុងប្រទេសកម្ពុជា»។

សូមរំលឹកថា ពិធីបើកការដ្ឋានសាងសង់ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ត្រូវបានរៀបចំឡើង កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ មានប្រវែងសរុបជាង ១៩០គីឡូម៉ែត ជាប្រភេទផ្លូវល្បឿនលឿនហាយវេ ចែកចេញជា ៤គន្លង សរុបទឹកប្រាក់វិនិយោគជាង ២.០១៩ពាន់លានដុល្លារ គឺជាគម្រោងក្រោមរូបភាពសាងសង់-ដំណើរការ-ផ្ទេរ (BOT)។

គួរកត់សម្គាល់ថា ទោះបីជាកម្ពុជា ប្រឈមនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយ ក៏ដំណើរការសាងសង់ផ្លូវល្បឿនលឿននេះ នៅតែបន្តដំណើរការដដែល មិនមានការប៉ះពាល់នោះទេ ដោយសារតែក្រុមការងារ បុគ្គលិក កម្មករទាំងអស់ បានខិតខំប្រឹងប្រែងតស៊ូជំនះ នូវស្ថានភាពដ៏លំបាកនេះបាន៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top