ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី៦ បានសម្ពោធបើកនៅក្រុងសៀងហៃនៅថ្ងៃទី៥ ខែវិច្ឆិកា ក្នុងនាមជាពិព័រណ៍ថ្នាក់ជាតិដែលធ្វើឡើងក្រោមប្រធានបទនាំចូលជាលើកដំបូងនៅលើពិភពលោក តួនាទីធំទាំងបួនរបស់ពិព័រណ៍នាំចូលចិនអន្តរជាតិលើវិស័យបញ្ជាទិញអន្តរជាតិ ជំរុញការវិនិយោគ ផ្លាស់ប្តូរវប្បធម៌មនុស្សជាតិនិងកិច្ចសហប្រតិបតិ្តការប្រកបដោយភាពបើកទូលាយមានភាពកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ ។
នាំនេះ មានសហគ្រាសចំនួនសរុប៣៤០០ បានចូលរួមពិព័រណ៍លើកនេះ ដែលបានកើនឡើង២០ភាគរយបើប្រៀបធៀបនឹងឆ្នាំទៅមិញ ។ ប្រមុខរដ្ឋាភិបាលនៃប្រទេសជាច្រើនបានចូលរួមពិធីបើកពិព័រណ៍នាំចូលចិនអន្តរជាតិ ក្នុងនោះលោក Anthony Albanese នាយករដ្ឋមន្ត្រីអូស្រ្តាលី ដែលទៅបំពេញទស្សនកិច្ចនៅប្រទេសចិនជាលើកដំបូងរំលងអស់រយៈពេល៧ឆ្នាំ បានថ្លែងថា ជានិច្ចកាល លោកតែងតែកាន់អាកប្បកិរិយាវិជ្ជមាននិងសុទិដ្ឋិនិយមចំពោះអនាគតសេដ្ឋកិច្ចចិន ហើយរីករាយរួមសហការជាមួយចិន ធ្វើការប្រាស្រ័យទាក់ទងខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មឱ្យកាន់តែជិតស្និទ្ធ ក៏ដូចជាបង្កើនកិច្ចសហប្រតិបតិ្តការលើវិស័យថាមពលស្អាត និងបម្រែបម្រួលអាកាសធាតុជាដើម ដើម្បីផ្តល់ផលប្រយោជន៍និងសុខសុភមង្គលកាន់តែច្រើនជូនចំពោះប្រជាជននៃប្រទេសទាំងពីរ ។
ឆ្នាំនេះ ក្រសួងកសិកម្មសហរដ្ឋអាមេរិកបានដឹកនាំស្ថាប័នពាណិជ្ជករចំនួន១៧ ដូចជាពាណិជ្ជករនាំចេញរបស់រដ្ឋIdaho រដ្ឋGeorgia សមាគមកសិផលថ្នាក់ជាតិ និងពាណិជ្ជករនាំចេញកសិផលជាដើម អញ្ជើញទៅចូលរួមពិព័រណ៍នាំចូលចិនអន្តរជាតិលើកនេះ ។ នេះជាលើកទីមួយហើយដែលអាមេរិកចូលរួមពិព័រណ៍នាំចូលចិនអន្តរជាតិក្នុងនាមជារដ្ឋាភិបាលសហរដ្ឋ ហើយក៏ជាគណៈប្រតិភូកសិកម្មបំពេញទស្សនកិច្ចនៅប្រទេសចិនដែលមានទ្រង់ទ្រាយធំជាងគេ និងលំដាប់ថ្នាក់ខ្ពស់ជាងគេតាំងពីឆ្នាំ២០១៦មក ។ ក្រៅពីនេះ សហគ្រាសអាមេរិកដែលចូលរួមពិព័រណ៍នាំចូលចិនអន្តរជាតិលើកនេះមានចំនួនលើសពី២០០សហគ្រាស ក្នុងនោះភាគច្រើនគឺមកពីវិស័យវត្ថុពាក់កណ្ដាលចម្លង ឧបករណ៍វេជ្ជសាស្ត្រ រថយន្តដើរដោយថាមពលថ្មីនិងគ្រឿងសំអាងជាដើម ។
ឆ្លងតាមរយៈការរៀបចំពិព័រណ៍នាំចូលចិនអន្តរជាតិ ប្រទេសចិនបានបញ្ចេញព័ត៌មានយ៉ាងច្បាស់ទៅកាន់ពិភពលោកជាថ្មីម្តងទៀតថា នឹងបន្តជំរុញការបើកទូលាយប្រកបដោយកម្រិតខ្ពស់ និងចែករំលែកឱកាសអភិវឌ្ឍន៍ជាមួយបណ្តាប្រទេសនានា ទាក់ទិននឹងការនេះ លោកស្រី Rebeca Grynspan អគ្គលេខាធិការនៃមហាសន្និបាតពាណិជ្ជកម្មនិងអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិបានថ្លែងថា ការងារសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ជានិរន្តរភាពរបស់អង្គការសហប្រជាជាតិឆ្នាំ២០៣០ បានឈានចូល “ដំណាក់កាលពាក់កណ្ដាលបន្ទាប់” ប៉ុន្តែនៅតែប្រឈមនឹងការសាកល្បងយ៉ាងធ្ងន់ធ្ងរ បណ្តាប្រទេសនានាចាំបាច់ត្រូវចាត់ប្រតិបតិ្តការ លើវិស័យនេះ ពិព័រណ៍នាំចូលចិនអន្តរជាតិបានផ្តល់ឱកាសនិងវេទិកាដ៏ខ្លាំងក្លា ។
អ្នកផងទាំងពួងបានដឹងជាទូទៅថា តាំងពីចូលឆ្នាំនេះមក ការស្តារសេដ្ឋកិច្ចសកលឡើងវិញមាននិន្នាការមិនសូវនឹងនរ ពាណិជ្ជកម្មសកលក៏ប្រឈមនឹងនិន្នាការធ្លាក់ចុះផងដែរ ។ ក្នុងសភាពការណ៍បែបនេះ ពាណិជ្ជកម្មជាមួយបរទេសរបស់ចិននៅបីត្រីមាសដំបូងឆ្នាំនេះ នៅតែរក្សាបាននូវនិន្នាការដ៏ល្អប្រសើរដដែល ។ ទិន្នន័យបានបង្ហាញឱ្យឃើញថា ប្រទេសចិនបានពង្រីកការនាំចូលដោយម្ចាស់ការ គឺជាទីផ្សារនាំចូលធំទីពីរលើពិភពលោកក្នុងរយៈពេល១៤ឆ្នាំជាប់ៗគ្នា ។ ប្រទេសចិនពង្រីកការនាំចូល គឺបានបន្ថែមឱកាសនាំចេញសម្រាប់បណ្តាប្រទេសនានាលើពិភពលោក ហើយក៏អាចបំពេញបន្ថែមកម្លាំងចលករដល់កំណើនសេដ្ឋកិច្ចនៃបណ្តាប្រទេសនានាផងដែរ ។
ដូច្នេះ និយាយចំពោះបណ្តាប្រទេសនានាលើពិភពលោក ពិព័រណ៍នាំចូលចិនអន្តរជាតិគឺពោពេញទៅដោយកម្លាំងទាក់ទាញ ។ ឆ្លងតាមរយៈពិព័រណ៍នាំចូលចិនអន្តរជាតិ ពាណិជ្ជករមកពីប្រទេសនានាមិនត្រឹមតែអាចបង្ហាញពីផលិតផលដែលកាន់តែមានកម្លាំងប្រកួតប្រជែងនៅប្រទេសចិននិងបង្កើតជាលក្ខណៈសម្បតិ្តសម្រាប់ដាក់លក់នៅទីផ្សារចិនប៉ុណ្ណោះទេ ថែមទាំងក៏អាចស្គាល់មិត្តកាន់តែច្រើននិងស្វែងរកឱកាសពាណិជ្ជកម្មកាន់តែច្រើនក្នុងក្របខណ្ឌពិភពលោកទាំងមូលទៀតផង ។ ខណៈពេលផ្សាយដំណឹងអំពីពិព័រណ៍នាំចូលចិនអន្តរជាតិ ប្រព័ន្ធសារព័ត៌មានបរទេសជាច្រើនបានលើកឡើងថា សកម្មភាពប្រចាំឆ្នាំនេះ មិនត្រឹមតែជាពិព័រណ៍ពាណិជ្ជកម្មមួយលើកប៉ុណ្ណោះទេ សហគ្រាសបរទេសបានចាត់ទុកពិព័រណ៍នេះជាមធ្យោបាយសម្រាប់បង្កើតទំនាក់ទំនងជាមួយរដ្ឋាភិបាល សហគ្រាសនិងបុគ្គល ។
ពិព័រណ៍នាំចូលចិនអន្តរជាតិមិនត្រឹមតែបានបង្ហាញឱ្យឃើញនូវទំនួលខុសត្រូវរបស់ប្រទេសធំក្នុងការធ្វើឱ្យពាណិជ្ជកម្មសកលមានតុល្យភាពប៉ុណ្ណោះទេ ហើយក៏បានបង្ហាញឱ្យឃើញនូវការបេ្តជ្ញាចិត្តរបស់ចិនក្នុងការបើកទូលាយប្រកបដោយកម្រិតខ្ពស់ ក៏ដូចជាបានឆ្លុះបញ្ចាំងនូវជំនឿចិត្តលើខ្លួនឯងរបស់ចិនដែលនឹងរួមចំណែកដល់ពាណិជ្ជកម្មសកល និងបំពេញបន្ថែមកម្លាំងចលករដល់សេដ្ឋកិច្ចសកលផងដែរ ។
ក្នុងវេទិកាការទូតផ្នែកសេដ្ឋកិច្ចមួយនេះ ប្រទេសចិននឹងធ្វើឱ្យទីផ្សារធំរបស់ចិនក្លាយជាទីផ្សារធំដែលអាចចែករំលែកជាមួយពិភពលោក ជួយជំរុញការបង្កើតសេដ្ឋកិច្ចសកលបែបបើកទូលាយ ដើម្បីបង្កើតពិភពលោកមួយដែលមានវិបុលភាពនិងកិច្ចសម្របសម្រួលកាន់តែច្រើន ក៏ដូចជាបើកទំព័រថ្មីរបស់ពាណិជ្ជកម្មអន្តរជាតិ ៕
អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន