ព័ត៌មានអន្តរជាតិ

បន្ទុះភ្នំភ្លើង ផ្ទុះឡើងនៅអ៊ីស្លង់ គំរាមកំហែងឲ្យមានការជម្លៀសពលរដ្ឋចេញពីតំបន់រងគ្រោះ

រូបភាពពី៖​ China Daily

HELSINKI៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ថា អាជ្ញាធរអ៊ីស្លង់បានប្រកាសពីការបញ្ចប់ការជម្លៀសទីក្រុង Grindavik នៅលើឧបទ្វីប Reykjanes កាលពីព្រឹកថ្ងៃសៅរ៍ ក្រោយពីការដាក់ប្រទេសស្ថិតនៅក្នុងភាពអាសន្នកាលពីល្ងាចថ្ងៃសុក្រ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងបានអង្រួននៅឧបទ្វីបនៅភាគនិរតីនៃប្រទេសនេះ ។

សកម្មភាពរញ្ជួយដីបានកើនឡើងយ៉ាងខ្លាំងចាប់តាំងពីកើតឡើងកាលពីរសៀលថ្ងៃសុក្រ ។ នាយកដ្ឋានការពារជនស៊ីវិល និងការគ្រប់គ្រងគ្រាអាសន្ននៃប្រទេសអ៊ីស្លង់ បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ទីប្រជុំជន Grindavik ត្រូវបានបញ្ជាឱ្យជម្លៀសនៅម៉ោងប្រហែលមួយព្រឹក ។ វិទ្យុ Icelandic RUV បានផ្សាយថា មានមនុស្សចំនួន៤.០០០នាក់ត្រូវបានជម្លៀសខ្លួនចេញ ។

ការវាយតម្លៃរបស់ការិយាល័យឧតុនិយមអ៊ីស្លង់ បានបង្ហាញឲ្យឃើញថា ផ្លូវរូងក្រោមដីមានកម្អែរអាចឡើងដល់ផ្ទៃខាងលើ ។ ដោយសារលទ្ធភាពនៃការរញ្ជួយដោយផ្ទាល់នៅក្រោមដីក្នុង Grindavik គិតត្រឹមព្រឹកថ្ងៃសៅរ៍ ។

លោក Elisabet Palmadottir អ្នកឯកទេសខាងគ្រោះថ្នាក់ធម្មជាតិ នៅការិយាល័យបានប្រាប់ដល់ RUV ថា ប្រូបាប៊ីលីតេ នៃការផ្ទុះភ្នំភ្លើងនៅលើឧបទ្វីប Reykjanes បានកើនឡើងជាមួយនឹងព្រឹត្តិការណ៍នេះកាលពីយប់ថ្ងៃសុក្រ ។ ទោះបីជាយ៉ាងណាក៏ដោយ បច្ចុប្បន្ន វាមិនអាចកំណត់ទីតាំង ឬលទ្ធភាពនៃការផ្ទុះនេះបានទេ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top