ព័ត៌មានអន្តរជាតិ

Update៖ បេសកកជនពិសេសរបស់ចិន ប្រចាំនៅ UN អំពាវនាវសុំឲ្យមានបទឈប់បាញ់គ្នារ វាងអ៊ីស្រាអ៊ែល និងប៉ាឡេស្ទីន

រូបភាពពី៖​ XINHUA

អ.ស.ប៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ថា លោក Zhang Jun តំណាងអចិន្ត្រៃយ៍ របស់ប្រទេសចិន ប្រចាំនៅអង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃសុក្រ បានអំពាវនាវសុំឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាងអ៊ីស្រាអ៊ែល និងប៉ាឡេស្ទីន ។

លោក Zhang បានប្រាប់ដល់កិច្ចប្រជុំបន្ទាន់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីប៉ាឡេស្ទីន និងអ៊ីស្រាអ៊ែលថា “បទឈប់បាញ់ និងការបញ្ចប់ការប្រយុទ្ធគ្នាមិនអាចពន្យារពេលបាននោះទេ ហើយបទឈប់បាញ់មិនមែនជាសេចក្តីថ្លែងការណ៍ការទូតឡើយ” ។

ដោយលោកបានធ្វើការកត់សម្គាល់ថា ជម្លោះបច្ចុប្បន្នបាននិងកំពុងបន្តអស់រយៈពេល៣៥ថ្ងៃមកហើយ ហើយស្ថានការណ៍នៅតែបន្តកាន់តែយ៉ាប់យ៉ឺន លោកបានមានលើកឡើងថា “យើងសូមអំពាវនាវដល់គ្រប់ភាគីទាំងអស់ ជាពិសេសមហាអំណាចដែលមានឥទ្ធិពលតែមួយគត់លើភាគីទាំងអស់ ទុកចោលរាល់ការពិចារណាអំពីភូមិសាស្ត្រនយោបាយ និងស្តង់ដារទ្វេរដង ហើយផ្តោតលើកិច្ចខិតខំប្រឹងប្រែងទាំងអស់លើគោលដៅនៃបទឈប់បាញ់ និងការបញ្ចប់ការប្រយុទ្ធគ្នា ។ យើងជំរុញឱ្យអ៊ីស្រាអ៊ែល ទប់ស្កាត់អំពើហិង្សាអ្នកតាំងលំនៅកាន់តែខ្លាំងក្លានៅតំបន់ West Bank ដើម្បីជៀសវាងចំណុចក្តៅដែលកើតឡើងដូចគ្នា និងការរីករាលដាលនៃជម្លោះ ។

លោកបានបញ្ជាក់ឲ្យដឹងទៀតថា “នៅគ្រាដែលមនុស្សរាប់ម៉ឺននាក់ រួមទាំងកុមារជាង៤.០០០នាក់បានបាត់បង់ជីវិត នៅពេលដែលមនុស្សជាង១,៦លាននាក់ត្រូវបានបង្ខំឱ្យភៀសខ្លួន ចេញពីផ្ទះសម្បែងរបស់ពួកគេ នៅគ្រាដែលមនុស្ស២,៣លាននាក់បន្តត្រូវបានកាត់ផ្តាច់ពីប្រើប្រាស់ទឹក អគ្គិសនី ប្រេងឥន្ធនៈ អាហារ និងថ្នាំពេទ្យ ហើយនៅគ្រាដែលមន្ទីរពេទ្យ សាលារៀន ជំរុំជនភៀសខ្លួន និងកន្លែងរបស់អង្គការសហប្រជាជាតិត្រូវបានគេកំណត់គោលដៅជាញឹកញាប់ នេះមិនត្រឹមតែជាវិបត្តិមនុស្សធម៌តែប៉ុណ្ណោះទេ ប៉ុន្តែ ដូចដែលបានពិពណ៌នាដោយអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ដែលនេះជាវិបត្តិរបស់មនុស្សជាតិ” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top