ព័ត៌មានអន្តរជាតិ

ទីក្រុង Riyadh នឹងធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូល Saudi-Africa ជាលើកដំបូង

រូបភាពពី៖​ AFP

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រទេសអារ៉ាប៊ីសាអូឌីត នឹងរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលរួមគ្នាលើកដំបូងរបស់ខ្លួនជាមួយបណ្តាប្រទេសអាហ្វ្រិកកាលនៅថ្ងៃសុក្រនៅទីក្រុងរីយ៉ាដ។

ព្រឹត្តិការណ៍នេះនឹងមានការបានប្រមូលផ្តុំមេដឹកនាំមកពីទ្វីបអាហ្រ្វិក និងមជ្ឈិមបូព៌ា មានគោលបំណងលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រ និងអភិវឌ្ឍទំនាក់ទំនងរវាងគ្រប់ប្រទេសទាំងអស់។

តំណាងឲ្យទ្វីបអាហ្រ្វិក មានមេដឹកនាំនៃប្រទេសនីហ្សេរីយ៉ា កេនយ៉ា ហ្សាំប៊ី ជីប៊ូទី និងម៉ូរីតានី រួមជាមួយនឹងនាយករដ្ឋមន្ត្រីនៃប្រទេសអេត្យូពី និងនីហ្សេ និងរដ្ឋមន្ត្រីការបរទេសអេហ្ស៊ីបផងនឹងត្រូវចូលរួមក្នុងកិច្ចប្រជុំកំពូលដ៏ធំមួយនេះ។

យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋអារ៉ាប៊ីសាអូឌីត បានឲ្យដឹងដែរថាតាមផែនការកិច្ចព្រមព្រៀង សរុបប្រមាណជាង៥០នៅក្នុងវិស័យសុខាភិបាល ការអប់រំ និងគម្រោងអភិវឌ្ឍន៍ត្រូវបានចុះហត្ថលេខាក្នុងអំឡុងពេលកិច្ចប្រជុំកំពូលនេះ។

កន្លងមកអារ៉ាប៊ីសាអូឌីតបានផ្តល់ហិរញ្ញប្បទាន និងការធានាចំនួន១០ពាន់លានដុល្លារសម្រាប់ការនាំចេញទៅកាន់ទ្វីបនៅឆ្នាំ២០៣០ហើយប្រហែលជា៥ពាន់លានដុល្លារនៅក្នុងគម្រោងអភិវឌ្ឍន៍នឹងត្រូវបានផ្តល់ហិរញ្ញប្បទានដោយមូលនិធិអភិវឌ្ឍន៍អារ៉ាប៊ីសាអូឌីតក្នុងរយៈពេលដូចគ្នានេះ។ លើសពីនេះ អារ៉ាប៊ីសាអូឌីតបានប្តេជ្ញាចិត្តវិនិយោគ២៥ពាន់លានដុល្លារនៅទ្វីបអាហ្រ្វិកនៅចុងទសវត្សរ៍នេះ ដែលជាផ្នែកនៃផែនការ Vision 2030 របស់ខ្លួន៕ ប្រែសម្រួល៖ស៊ុនលី

To Top