ព័ត៌មានអន្តរជាតិ

បទវិភាគ៖ ក្រុង San Francisco គួរក្លាយជាទីចាប់ផ្តើមថ្មី នៃការលំ នឹងទំនាក់ទំនងរវាងចិន និងអាមេរិក

ថ្ងៃទី១៥ ខែវិច្ឆិកា ភូមិគ្រឹះ Filoli ដែលស្ថិតនៅក្បែរក្រុង San Francisco សហរដ្ឋអាមេរិក បានក្លាយជាចំណុចចាប់អារម្មណ៍របស់ពិភពលោកទាំងមូល នៅទីនេះ លោក Xi Jinping ប្រធានរដ្ឋចិននិងលោក បៃដិន ប្រធានាធិបតីអាមេរិកបានធ្វើកិច្ចសន្ទនាអស់រយៈពេលជិត៤ម៉ោង មេដឹកនាំទាំងពីររូបបានឈានដល់គំនិតឯកភាពរួមជាង២០ចំណុចលើវិស័យនយោបាយ ការទូត ការផ្លាស់រវាងប្រជាជននិងប្រជាជន អភិបាលកិច្ចសកល យោធានិងសន្តិសុខជាដើម បានក្លាយទៅជា “ចក្ខុវិស័យក្រុង San Francisco ”ដែលឆ្ពោះទៅរកអនាគត ហើយបានចង្អុលបង្ហាញពីទិសដៅសម្រាប់កែលំអនិងអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអាមេរិក ដែលបានបំពេញបន្ថែមភាពប្រាកដប្រជា និងភាព នឹងនរដល់ពិភពលោកដែលបាន និងកំពុងមានភាពរង្គោះរង្គើ ។

តើ “ចក្ខុវិស័យក្រុង San Francisco ”ជាអ្វី ? ភាគីចិនបានប្រើពាក្យ “សសរស្តម្ភទាំង៥”មកប្រៀបធៀបទំនាក់ទំនងរវាងចិននិងអាមេរិកដែលត្រូវរួមគ្នាធ្វើកិច្ចខិតខំប្រឹងប្រែងពូនជ្រំ ហើយបានគូសបញ្ជាក់ថា ភាគីទាំងពីរគួរតែប្រកាន់ខ្ជាប់ទស្សនៈត្រឹមត្រូវ រួមគ្នាគ្រប់គ្រងការខ្វែងគំនិតប្រកបដោយប្រសិទ្ធភាព រួមគ្នាជំរុញកិច្ចសហប្រតិបតិ្តការផ្តល់ផលប្រយោជន៍ឈ្នះ-ឈ្នះ រួមគ្នារ៉ាប់រងកាតព្វកិច្ចរបស់ប្រទេសធំ និងរួមគ្នាជំរុញការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ។

ការអនុវត្ត“ចក្ខុវិស័យក្រុង San Francisco ”ជាបុរេល័ក្ខខ័ណ្ឌសម្រាប់ចិននិងអាមេរិករួមគ្នាប្រកាន់ខ្ជាប់ទស្សនៈត្រឹមត្រូវ ។ តើចិននិងអាមេរិកជាគូប្រជែង ឬមួយក៏ជាដៃគូ ? នេះជាបញ្ហាមានលក្ខណៈជាឫសគល់ ។ ប៉ុន្មានឆ្នាំកន្លងទៅនេះ មូលហេតុដែលធ្វើឱ្យទំនាក់ទំនងរវាងចិននិងអាមេរិកធ្លាក់ក្នុងភាពជាប់គាំង កត្តាសំខាន់បំផុត គឺអាមេរិកមានកំហុសឆ្គងដែលបានចាត់ទុកចិនជាគូប្រជែងសំខាន់បំផុតនិងជាការសាកល្បងធំបំផុតខាងភូមិសាស្ត្រនយោបាយ ហើយបានចាត់ប្រើគោលនយោបាយនិងប្រតិបតិ្តការដ៏ខុសឆ្គង ។

ក្នុងកិច្ចជំនួប លោក Xi Jinping បានបកស្រាយយ៉ាងស៊ីជម្រៅអំពីអនាគតអភិវឌ្ឍន៍និងគោលបំណងយុទ្ធសាស្ត្ររបស់ប្រទេសចិន ។ ជាពិសេស ក្នុងបញ្ហាតៃវ៉ាន់ ប្រទេសចិនទាមទារអាមេរិកឱ្យគោរពគោលការណ៍ចិនតែមួយ ប្រឆាំង “តៃវ៉ាន់ឯករាជ្យ” បញ្ឈប់បំពាក់អាវុធឱ្យតៃវ៉ាន់ គាំទ្រការបង្រួបបង្រួមជាតិដោយសន្តិវិធីរបស់ប្រទេសចិន ។ អាមេរិកបានរំលឹកឡើងវិញពីពាក្យសន្យា៥ចំណុចដែលបានធ្វើនៅកិច្ចប្រជុំកោះបាលី ។ ប្រទេសចិនសង្ឃឹមអាមេរិកអនុវត្តតាមពាក្យសន្យាយ៉ាងដាច់ខាត មិនធ្វើហួសពីព្រំដែននិងមិនប្រលែងជាមួយភ្លើង ។

ការអនុវត្ត “ចក្ខុវិស័យក្រុង San Francisco ” តម្រូវឱ្យចិននិងអាមេរិកដោះស្រាយការខ្វែងគំនិតដោយសមរម្យ រកវិធីសាស្ត្រ “កសាងស្ពាននិងក្រាលផ្លូវ” ។ ក្នុងកិច្ចជំនួបលើកនេះ ប្រមុខរដ្ឋនៃប្រទេសទាំងពីរបានយល់ព្រមថា នឹងរៀបចំឡើងវិញនូវការប្រាស្រ័យទាក់ទងជាន់ខ្ពស់រវាងកងទ័ពទាំងពីរ និងរៀបចំសន្និសីទយន្តការពិគ្រោះពិភាក្សាផ្នែកសន្តិសុខយោធាតាមសមុទ្ររវាងចិននិងអាមេរិកជាដើម លើមូលដ្ឋានស្មើភាពនិងគោរពគ្នាទៅវិញទៅមក ដែលបានបង្ហាញឱ្យឃើញនូវកិច្ចខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រងការខ្វែងគំនិត ។

ភាគីទាំងពីរបានសម្រេចចិត្តថា នឹងបង្កើនការប្រាស្រ័យទាក់ទងជាន់ខ្ពស់ ជំរុញនិងធ្វើកិច្ចពិគ្រោះពិភាក្សាមានលក្ខណៈជាយន្តការលើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងការរឹតត្បិតការនាំចេញជាដើម ប្រការទាំងនេះបានសឱ្យឃើញថា ក្នុងសភាពការណ៍បច្ចុប្បន្ននេះ ផលប្រយោជន៍រួមរបស់ភាគីទាំងពីរមិនមែនកាន់តែតិចទៅទេ តែគឺកាន់តែច្រើនឡើងៗ ។
ការអនុវត្ត “ចក្ខុវិស័យក្រុង San Francisco ” តម្រូវឱ្យចិននិងអាមេរិករួមគ្នាឆ្លើយតបនឹងហានិភ័យនិងការសាកល្បងលេចធ្លោក្នុងសង្គមមនុស្សជាតិ ។ មុននឹងរៀបចំធ្វើកិច្ចសន្ទនារវាងប្រមុខរដ្ឋចិននិងអាមេរិក ភាគីទាំងពីរបានចេញផ្សាយសេចក្តីថ្លែងការណ៍ស្តីពី “ស្រុកនៃពន្លឺព្រះអាទិត្យ” ក្នុងន័យបង្កើនកិច្ចសហប្រតិបតិ្តការឆ្លើយតបនឹងវិបត្តិអាកាសធាតុ មជ្ឈដ្ឋានខាងក្រៅយល់ឃើញថា ប្រការនេះមាន “សារសំខាន់ណាស់”ចំពោះពិភពលោក ។

ការអនុវត្តចក្ខុវិស័យក្រុង San Francisco ” ត្រូវកាត់បន្ថយកត្តាអវិជ្ជមានដែលនឹងរាំងដល់ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន លើកទឹកចិត្តនិងគាំទ្រប្រជាជននៃប្រទេសទាំងពីរឱ្យធ្វើការប្រាស្រ័យទាក់ទងឱ្យបានកាន់តែច្រើន ។ ឆ្លៀតឱកាសនេះ ប្រទេសចិនបានលើកឡើងថា នឹងបន្ថែមជើងយន្តហោះនៃប្រទេសទាំងពីរ ជំរុញកិច្ចសហប្រតិបតិ្តការខាងទេសចរណ៍ ពង្រីកការប្រាស្រ័យទាក់ទងក្នុងតំបន់ និងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យអប់រំនិងកិច្ចការជនពិការ ។ បើសិនជាវិធានការទាំងនេះអាចអនុវត្តបាន នោះពិតជានឹងចាក់គ្រឹះសម្រាប់ពង្រឹងទំនាក់ទំនងរវាងចិននិងអាមេរិកឱ្យទទួលបានការអភិវឌ្ឍដោយរឹងមាំជាមិនខាន និងនាំមកនូវកម្លាំងចលករកាន់តែច្រើនដល់ការបង្កើនទំនុកចិត្តនិងកិច្ចសហប្រតិបតិ្តការរវាងប្រទេសទាំងពីរ ។

បច្ចុប្បន្ននេះ ក្រុង San Francisco គួរតែក្លាយជាទីចាប់ផ្តើមថ្មីនៃការលំនឹងទំនាក់ទំនងរវាងចិននិងអាមេរិក ។ រំពឹងថា អាមេរិកអាច ក្រេបយកមេរៀនដែលបានធ្វើផ្ទុយនឹងគំនិតឯកភាពរួមនៅកោះបាលី ដើរស្របតាមទិសដៅជាមួយប្រទេសចិនដ៏ពិតប្រាកដ និងអនុវត្តគំនិតឯកភាពរួមដ៏សំខាន់របស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ ៕ អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន

To Top