ព័ត៌មានអន្តរជាតិ

ភាពក្រីក្រ នៅប៉ាឡេស្ទីន អាចកើនឡើង ៤៥ភាគរយ នៅក្នុងខែទី៣ នៃសង្រ្គាមអ៊ីស្រាអែល-ហាម៉ាស

ប្រភព ៖ xinhua

ហ្គាហ្សា ៖ ភាពក្រីក្រនៅក្នុងទឹកដីប៉ាឡេស្ទីនអាចកើនឡើង ៤៥ ភាគរយ ឬប្រហែល ៦៦ម៉ឺននាក់ ប្រសិនបើជម្លោះ រវាងក្រុមសកម្មប្រយុទ្ធហាម៉ាស និងអ៊ីស្រាអែល នៅតែបន្តសម្រាប់ខែទី៣ របស់ខ្លួន នេះបើយោងតាមការព្យាករណ៍ កម្មវិធីអភិវឌ្ឍន៍របស់អង្គការ សហប្រជាជាតិនាពេលថ្មីៗនេះ។

របាយការណ៍របស់ UNDP និងគណៈកម្មការសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិ សម្រាប់អាស៊ីខាងលិចបានបង្ហាញថា ខែទី៣ នៃសង្រ្គាមអាចឃើញអត្រា នៃភាពក្រីក្រសរុប នៅក្នុងតំបន់វេសបែង និងហ្គាហ្សាស្ទ្រីប កើនឡើងដល់ ៣៨,៨ភាគរយពី ២៦,៧ ភាគរយនៃចំនួនប្រជាជន​ប៉ាឡេស្ទីន ដែលមានប្រជាជនសរុប ៥,៥ លាននាក់ ។

ក្នុង​សេណារីយ៉ូ ​បែប​នេះ ផលិតផល ​ក្នុង​ស្រុក​សរុប ​របស់​ប៉ាឡេស្ទីន​ក៏​នឹង​ធ្លាក់​ចុះ ១២,២ ភាគរយ ឬ ២,៥ ពាន់​លាន​ដុល្លារ​ដែរ នេះបើយោង តាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

របាយការណ៍​ដែល​មាន​ចំណង​ជើង​ថា “សង្គ្រាម​ហ្គាហ្សា៖ ផល​ប៉ះពាល់​សេដ្ឋកិច្ច​សង្គម ​ដែល​រំពឹង​លើ​រដ្ឋ​ប៉ាឡេស្ទីន” ត្រូវ​បាន​ចេញ​ផ្សាយ​នៅ​ដើម​ខែ​នេះ បន្ទាប់​ពី​មាន​ការ​វាយ​ប្រហារ​ដ៏​ភ្ញាក់​ផ្អើល​កាល​ពី​ថ្ងៃ​ទី០៧ ខែ​តុលា ដោយ​ក្រុម​ហាម៉ាស ​លើ​អ៊ីស្រាអែល ដែល​បាន​ឆ្លើយ​តប​នឹង​ការ​ទម្លាក់​គ្រាប់​បែក​សងសឹក​ទ្រង់ទ្រាយ​ធំ​លើ​តំបន់​ហ្គាហ្សា។ ​

ស្ថានភាពមនុស្សធម៌នៅតំបន់ហ្គាហ្សាស្ទ្រីប កាន់តែយ៉ាប់យ៉ឺន ចំពេលមានប្រតិបត្តិការយោធាជើងគោក និងអាកាសដ៏កាចសាហាវ ដែលធ្វើឡើងដោយអ៊ីស្រាអែល។

អ្នកគ្រប់គ្រង UNDP លោក Achim Steiner បានឲ្យដឹង នៅក្នុងរបាយការណ៍ថា “ការវាយតម្លៃនេះដាស់តឿនយើងថា ផលប៉ះពាល់នៃសង្រ្គាមនេះ ក៏នឹងមានឥទ្ធិពលយូរអង្វែងផងដែរ ហើយនឹងមិនត្រឹមតែនៅក្នុងតំបន់ហ្គាហ្សានោះតេ” ។

លោកបានបន្ថែមថា “សង្រ្គាមកំពុងបង្កើនល្បឿន នៃភាពក្រីក្រយ៉ាងឆាប់រហ័សនៅក្នុងប្រជាជន ដែលងាយរងគ្រោះរួចមកហើយ មុនពេលដែលវិបត្តិនេះឈានដល់ ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top