ព័ត៌មានជាតិ

ប្រមុខការទូតកម្ពុជា-ជប៉ុន ប្តេជ្ញាបន្តធ្វើឲ្យស៊ីជម្រៅ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

ភ្នំពេញ ៖ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោកស្រី កាមិកាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុន បានប្តេជ្ញាបន្តធ្វើឲ្យស៊ីជម្រៅភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ ។

ក្នុងជំនួបទ្វេភាគី នាឱកាស នៃកិច្ចប្រជុំកំពូលរំលឹកខួប អនុស្សាវរីយ៍អាស៊ាន-ជប៉ុន ដើម្បីអបអរខួប៥០ឆ្នាំនៃមិត្តភាព និង កិច្ចសហប្រតិបត្តិការ អាស៊ាន-ជប៉ុន នៅតូក្យូ នៅថ្ងៃ១៧ ធ្នូ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានរំលឹកអំពីជំនួបប្រកបផ្លែផ្កា តាមទូរស័ព្ទ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ និងទទួលស្គាល់ថា ឆ្នាំ២០២៣ គឺជាឆ្នាំដ៏មានអត្ថន័យសម្រាប់កម្ពុជា និងជប៉ុន ដោយសារជាឆ្នាំខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនង ការទូតរបស់ខ្លួនផង និងជាឆ្នាំដែល ប្រទេសទាំងពីរ បានដំឡើង កម្រិតទំនាក់ទំនងទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយផង ដែលជាកម្រិតល្អប្រសើរបំផុត ក្នុងប្រវត្តិនៃទំនាក់ទំនងកម្ពុជា-ជប៉ុន។

រដ្ឋមន្ត្រីការបរទេសទាំងពីរ បានបញ្ជាក់សាជាថ្មី នូវការប្តេជ្ញាចិត្ត បន្តពង្រឹងនិងពង្រីកបន្ថែមនូវ ទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការ ពហុវិស័យដែលកំពុងរីកចម្រើនរវាងប្រទេសទាំងពីរ រួមមានវិស័យនយោបាយ សេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ ការពារជាតិ និងសន្តិសុខ ការហណាចធ្វើកម្ពុជា សម្អាតមីន ប្រតិបត្តិការ ក្សាសន្តិភាព ការផ្លាស់ប្តូររវាង ប្រជាជន និងប្រជាជន ការអភិវឌ្ឍធនធានមនុស្ស ការអភិវឌ្ឍឌីជីថល និងសន្តិសុខអ៊ុនធឺណិត។ ភាគីទាំងពីរក៏បានអបអរសាទរ ចំពោះជោគជ័យ នៃកិច្ចពិគ្រោះយោបល់ ថ្នាក់ឧត្តមមន្ត្រីលើកទី១ រវាងក្រសួងការបរទេស ទាំងពីរ កាលពីខែ វិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ និងបានគូសបញ្ជាក់អំពីសារសំខាន់ នៃការរៀបចំកិច្ចប្រជុំនេះ ឲ្យបានទៀតទាត់។

ចំពោះកិច្ចសហប្រតិបត្តិការអភិវឌ្ឍ រវាងជប៉ុន និងកម្ពុជា រដ្ឋមន្ត្រីទាំងពីរ ទន្ទឹងរង់ចាំលទ្ធផលជាផ្លែផ្កា នៃកិច្ចប្រជុំអន្តរក្រសួងកម្ពុជា-ជប៉ុន ដែលគ្រោងរៀបចំ ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅទីក្រុងភ្នំពេញ នាដើមឆ្នាំ២០២៤ ដើម្បីពិនិត្យសម្រេចលើសេចក្តីព្រាងគោលនយោបាយជំនួយសម្រាប់កម្ពុជារយៈពេល៥ឆ្នាំ ២០២៤-២០២៨។

លើសពីនេះទៀត រដ្ឋមន្ត្រីការបរទេសទាំងពីរ ក៏បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំងពីរបន្ថែមទៀត ក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ រួមមាន អង្គការសហប្រជាជាតិ និងអាស៊ាន-ជប៉ុន ។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈគ្នាពាក់ព័ន្ធបញ្ហាតំបន់ និងអន្តរជាតិដែលជា ក្តីបារម្ភរួម ដូចជា ស្ថានភាពនៅមីយ៉ាន់ម៉ា សមុទ្រចិនខាងត្បូង និងខាងកើត កូរ៉េខាងជើង និង ជម្លោះអីស្រាអែល-ហាម៉ាស់ ជាដើម ៕

To Top