ព័ត៌មានជាតិ

អ្នកសារព័ត៌មាន ជាកញ្ចក់ឆ្លុះបញ្ចាំងសង្គម និងជាដៃគូមិនអាចខ្វះបាន ក្នុងការអភិវឌ្ឍប្រទេស

ភ្នំពេញ៖ ក្នុងពិធីសំណេះសំណាលជាមួយ សមាគមសម្ពន្ធ័អ្នកសារព័ត៌មានសកលសន្តិភាព នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ ដែលធ្វើឡើងនៅទីស្តីការក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងថា អ្នកសារព័ត៌មានជាកញ្ចក់ឆ្លុះបញ្ចាំងសង្គម និងជាដៃគូមិនអាចខ្វះបានក្នុងការអភិវឌ្ឍប្រទេស ។

មានប្រសាសន៍ក្នុងកិច្ចប្រជុំនោះ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចាត់ទុកសមាគមសារព័ត៌មាន ជាដៃគូសំខាន់មួយសម្រាប់ការ អភិវឌ្ឍវិស័យសារព័ត៌មានកម្ពុជា ឲ្យកាន់តែប្រសើរឡើង និងជំរុញឲ្យមានភាពរឹងមាំទាំង នៅក្នុងប្រទេសកម្ពុជា និងក្នុងតំបន់ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ការរក្សាបាននូវសណ្តាប់ធ្នាប់សង្គម និងការការពារនូវសុខសន្តិភាពនៅកម្ពុជា។

យោងតាម លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន កិច្ចប្រជុំនាពេលនេះជាឱកាសដ៏ល្អមួយ សម្រាប់ការស្វែងយល់ពីគ្នាទៅវិញទៅមក ហើយអង្គប្រជុំបានស្តាប់នូវប្រសាសន៍សំខាន់ៗ របស់ឯកឧត្តមរដ្ឋមន្រ្តីសម្រាប់ជាការតម្រង់ទិស ដល់ការប្រកបអាជីពជាអ្នកសារព័ត៌មាន ក៏ដូចជាក្នុងការផ្សព្វផ្សាយ ដល់សមាគមសារព័ត៌មាន ឲ្យបានអំពីគោលនយោបាយអាទិភាព របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ព្រមទាំងផែនការអាទិភាពចំបងៗ ដែលក្រសួងព័ត៌មានបាននិងកំពុង អនុវត្តសម្រាប់អាណត្តិទី៧នេះ ជាពិសេសគឺចក្ខុវិស័យរបស់ក្រសួងព័ត៌មាន ដើម្បីប្រែក្លាយខ្លួនឲ្យទៅជាស្ថាប័ន ទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាល និងជាសំលេងរបស់កម្ពុជា ក្នុងការពាំនាំនូវព័ត៌មានស្តីពីការពិតពីកម្ពុជា ទៅកាន់ប្រជាពលរដ្ឋនៅទូទាំងប្រទេស និងលើពិភពលោក។

ខណៈពិភពលោកកំពុងមានការ រីកចម្រើនខាងផ្នែកបច្ចេកវិទ្យា ប្រព័ន្ធផ្សព្វផ្សាយទំនើប រាប់បញ្ចូលទាំងការផ្សព្វផ្សាយ លើប្រព័ន្ធអ៊ីនធ័រណែត និងលើបណ្តាញសង្គមគ្រប់ប្រភេទ បានរីកដុះដាលឡើងយ៉ាងគំហុក ដែលបានជះឥទ្ធិពល និងផលវិបាកមកលើប្រព័ន្ធផ្សព្វផ្សាយប្រពៃណី ដូចជា កាសែត ទស្សនាវដ្តី (print press) វិទ្យុ និងទូរទស្សន៍ ជាក់ស្តែងការថមថយនូវចំនួនអ្នកអាន ទស្សនា និងអ្នកស្តាប់ក៏បានប៉ះពាល់មួយផ្នែកដល់ចំណូល ដែលប្រព័ន្ធផ្សព្វផ្សាយប្រពៃណីបានមកពីការផ្សាយផ្សាយ ពាណិជ្ជកម្មផលិតផលឬសេវាកម្មនានា។ លោក ទេព អស្នារិទ្ធ បានពោលថា៖ នេះជាការប្រែប្រួលស្ថានភាព ក្នុងវិស័យសារព័ត៌មាន ក្នុងរបត់នៃការវិវត្តយុគ្គសម័យឌីជីថល ហើយនិន្នាការបែបនេះ មិនមែនកើតឡើងតែនៅកម្ពុជាយើងទេ ពោលគឺវាក៏បានកើតឡើង តាមបណ្តាប្រទេសក្នុងតំបន់ និងលើពិភពលោកដែរ។

អ្នកនាំពាក្យក្រសួងព័ត៌មានរូបនេះ បានមានប្រសាសន៍ថា៖ ទោះជាយ៉ាងណាក៏ដោយ ការរីកចម្រើននៃវិស័យឌីជីថល ក៏បានបង្កឲ្យមាននូវកាលានុវឌ្ឍភាពថ្មីៗ សម្រាប់ប្រតិបត្តិករក្នុង វិស័យព័ត៌មានទាំងអស់ផងដែរ។ ដូច្នេះ យើងចាំបាច់ត្រូវរួមគ្នាលើកកម្ពស់ គុណភាពសារព័ត៌មាន ឲ្យប្រសើរឡើងដើម្បីប្រកួតប្រជែងក្នុង ទីផ្សារព័ត៌មានសម័យឌីជីថល។ ហើយការផលិតខ្លឹមសារ ប្រកបដោយគុណភាព លឿន មានភាពទាក់ទាញ ជាកត្តាចាំបាច់ណាស់ដើម្បីអង្គភាពសារព័ត៌មាន អាចរក្សានូវភាពប្រកួតប្រជែង របស់ខ្លួនក្នុងទីផ្សារបច្ចុប្បន្ន បើមិនដូច្នោះទេប្រជាពលរដ្ឋ នឹងជ្រើសរើសប្រភពព័ត៌មានផ្សេង សម្រាប់ពួកគាត់មិនខាន។

ក្នុងបរិបទនៃការប្រកួតប្រជែង ក្នុងវិស័យផ្សព្វផ្សាយព័ត៌មាននេះ លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានគូសបញ្ជាក់អំពីភាពចាំបាច់ ក្នុងការជំរុញការពង្រឹងសមត្ថភាព ជំនាញក្នុងការចងក្រង ផលិតខ្លឹមសារ និងផ្សព្វផ្សាយប្រកបដោយគុណភាព ព្រមទាំងការប្រកាន់ខ្ជាប់នូវការអនុវត្ត ក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានឲ្យបានត្រឹមត្រូវ និងខ្ជាប់ខ្ជួន។ ក្នុងន័យនេះ ការអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យសារព័ត៌មាន ជាអាទិភាពដ៏សំខាន់មួយដែលក្រសួងព័ត៌មាន បាន និងកំពុងយកចិត្តទុកដាក់ខ្លាំង ។ ក្រសួងព័ត៌មានសូមកោតសរសើរ ដល់សមាគមសារព័ត៌មានដែល បានរៀបចំវគ្គបណ្តុះបណ្តាលនានា ជូនដល់សមាជិករបស់ខ្លួន និងសូមលើកទឹកចិត្តដល់សមាគមឲ្យ បន្តផ្តល់ការបណ្តុះបណ្តាលបន្ថែមទៀត ដើម្បីពង្រឹងសមត្ថភាពជំនាញ និងក្រមសីលធម៌វិជ្ជាជីវៈ ។

ការធ្វើដូច្នេះនឹងផ្តល់ប្រយោជន៍ ត្រលប់ដល់អង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មានទាំងនោះវិញ ព្រោះការផ្សាយខ្លឹមសារព័ត៌មានដែលមានគុណភាព ពោលគឺជាព័ត៌មានគ្រប់ជ្រុងជ្រោយ ដោយត្រូវមានប្រភពច្បាស់លាស់ ខ្លឹមសារមានតុល្យភាពព័ត៌មាន អ្នកសារព័ត៌មានត្រូវកសាងទំនាក់ទំនងល្អ ជាមួយប្រភពព័ត៌មានក្នុងនោះ មានអ្នកនាំពាក្យតាមក្រសួង-ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ច និងភាគីផ្សេងៗទៀត ដោយមិនត្រូវអនុវត្តលើសពីតួនាទី និងភារកិច្ចរបស់អ្នកសារព័ត៌មាននោះទេ នោះវានឹងទាក់ទាញបាននូវការតាមដាន និងការចាប់អារម្មណ៍ច្រើនពីសំណាក់ ប្រជាពលរដ្ឋមកលើការផ្សព្វផ្សាយ របស់អង្គភាពរបស់ខ្លួន ហើយថែមទាំងរួមចំណែកដល់ការ កាត់បន្ថយព័ត៌មានក្លែងក្លាយផងដែរ ៕

To Top