សៀមរាប៖ លោក សា ឌីណា ស្ថាបនិកក្លិបកីឡាបាញ់ធ្នូភូមិន្ទកម្ពុជាស្វាគមន៍អស់ពីចិត្តប្រសិន បើសហព័ន្ធកីឡាបាញ់ធ្នូកម្ពុជា និងក្រុមកីឡាករ-កីឡាការិនីដែលត្រូវការទីលានបាញ់ធ្នូធ្វើការហ្វឹកហាត់ដើម្បីចូលរួមការប្រកួតថ្នាក់ជាតិ និងអន្តរជាតិ ទោះបីសហព័ន្ធកីឡានេះ មិនទាន់ដំណើរការក៏ដោយ ។
លោក សា ឌីណា បាននិយាយថា រូបលោកជាអតីតកីឡាករបាញ់ធ្នូមួយរូប និងជាអ្នកស្រលាញ់កីឡាបាញ់ធ្នូផង ទើបលោក និងមិត្តភក្តិបាននាំបង្កើតក្លិបកីឡាបាញ់ធ្នូកម្ពុជាដែលមានឈ្មោះថា “ក្លិបកីឡាបាញ់ធ្នូភូមិន្ទកម្ពុជា”នេះឡើង ហើយក្លិបនេះស្ថិតនៅក្នុងភូមិស្ទឹង ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានបង្កើតនៅចុងឆ្នាំ២០១៥ ហើយឆ្នាំ២០១៨ លោកនៅតែបន្តដណ្តើរការតែម្នាក់ឯង។
ស្ថាបនិកក្លិបកីឡាបាញ់ធ្នូភូមិន្ទកម្ពុជា បានបន្តថា សព្វថ្ងៃនេះកីឡាបាញ់ធ្នូ បានក្លាយជាប្រភេទកីឡាមួយ មានប្រជាប្រិយភាពខ្លាំងពីសំណាក់ភ្ញៀវជាតិ និងអន្តជាតិ ចំណែកក្លិបមិនត្រឹមនាំយកកីឡាបាញ់ធ្នូបែបសម័យទេ លោកក៏បាននាំឲ្យភ្ញៀវជាតិ និងអន្តជាតិឲ្យបាញ់ធ្នូបែបបុរាណរបស់កម្ពុជាទៀតផង។
លោកបានបន្ថែមថា លោកបានចូលរួមជាកីឡាករបាញ់ធ្នូកាលលោករៀននៅវិទ្យាល័យ ដោយសាររូបលោកមានមិត្តជាកីឡាករជម្រើសជាតិនាពេល លោក៏ចូលរួមការប្រកួតតែម្តង។ តាមពិតសហព័ន្ធកីឡាបាញ់ធ្នូកម្ពុជាមានរួចហើយ គ្រាន់តែមិនបានដំណើរការ នាពេលរូបលោកលឺថា សហព័ន្ធកីឡាបាញ់ធ្នូកម្ពុជា គ្រោងរៀបចំមហាសន្និបាតឡើងវិញ លោកពិតជាសប្បាយចិត្តមែនទែន។
លោក សា ឌីណា បានបញ្ជាក់ថា ក្នុងនាមលោកជាថ្នាក់ដឹកនាំ ក្លិបកីឡាបាញ់ធ្នូភូមិន្ទកម្ពុជាសប្បាយចិត្ត និងចូលរួម ធ្វើយ៉ាងណាឲ្យសហព័ន្ធកីឡាបាញ់ធ្នូកម្ពុជា បានដំណើរការទៅមុខ ជាពិសេសបានចលរួម ក្នុងព្រឹត្តិការណ៍ការប្រកួតអន្តរជាតិសំខាន់ៗ រូបលោកពិតជាសោកស្តាយដែលព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAME 2023 លើកទី៣២ នៅកម្ពុជា មិនមានវត្តមានកីឡាបាញ់ធ្នូ៕ ដោយ៖លី ភីលីព