ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំកំពូលលើកទី៣ នៃក្រុមប្រទេសកំពុងអភិវឌ្ឍន៍ លោកឧបនាយករដ្ឋមន្ដ្រី ហង់ ជួនណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា បដិវត្តន៍បច្ចេកវិទ្យា និងវិទ្យាសាស្ដ្រ បានកាត់បន្ថយចម្ងាយ និងធ្វើឲ្យពិភពលោកនេះ កាន់តែរួមតូចជាងមុន តាមរយៈការអភិវឌ្ឍមធ្យោបាយដឹកជញ្ជូន និងទូរគមនាគមន៍បែបទំនើប ជាដើម។
នាឱកាសអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូល លើកទី៣ នៃក្រុមប្រទេសកំពុងអភិវឌ្ឍន៍ នៅថ្ងៃទី២១-២២ ខែមករា ឆ្នាំ២០២៤ ក្នុងទីក្រុងKampala ប្រទេសអ៊ូហ្កានដា លោកឧបនាយករដ្ឋមន្ដ្រី ហង់ ជួន ណារ៉ុន បានលើកឡើងថា វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គឺជាឧបករណ៍ដែលមិនអាចខ្វះបានក្នុងការធ្វើឲ្យសម្រេចបាននូវវត្ថុបំណងផ្សេងៗ ដោយសារវាមានសក្តានុពលក្នុងការផ្លាស់ប្តូរសេដ្ឋកិច្ច លើកកម្ពស់សុខុមាលភាព របស់ប្រជាពលរដ្ឋ និងជំរុញឲ្យមានការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ អាស្រ័យហេតុនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណសម្រាប់ជំរុញការអភិវឌ្ឍប្រកបដោយចីរភាព ដោយផ្តោតលើការកសាងមូលធនមនុស្ស និងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា សំដៅសម្រេចឱ្យបាននូវស្ថានភាពជាប្រទេសមានប្រាក់ចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ២០៣០។
លោកឧបនាយករដ្ឋមន្ដ្រីបន្ដថា តាមរយៈការប្រើប្រាស់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ អាចតភ្ជាប់ឧបករណ៍ឌីជីថល ស្វែងរកដំណោះស្រាយប្រកបដោយនិរន្តរភាព និងប្រកបដោយភាពច្នៃប្រឌិត ដើម្បីកាត់បន្ថយផលប៉ះពាល់នៃ បំរែបំរួលអាកាសធាតុ លើកកម្ពស់ការប្រើប្រាស់ប្រភពថាមពលកកើតឡើងវិញ និងអភិវឌ្ឍការអនុវត្ត សកម្មភាពទាំងឡាយណាដែលមិនប៉ះពាល់ដល់បរិស្ថាន។ អាចដោះស្រាយបញ្ហាវិសមភាពនៃការ ទទួលបានសេវាសាធារណៈរវាងតំបន់ជនបទ និងទីក្រុង ហើយយើងអាចឆ្លើយតបបានកាន់តែប្រសើរ ឡើងចំពោះវិបត្តិសុខភាព កែលម្អការផ្តល់សេវាថែទាំសុខភាព និងធានាបាននូវសុខុមាលភាពរបស់ប្រជាជន។
លោកឧបនាយករដ្ឋមន្ដ្រី គូសបញ្ជាក់ថា «នៅក្នុងប្រវត្តិសាស្ត្រពិភពលោកមិនធ្លាប់មាន មនុស្សជាតិបានកសាងសក្តានុពល និងសមត្ថភាពក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បីបង្កើតទ្រព្យសម្បត្តិដ៏មហិមារ និងសុខុមាលភាព។ ទោះបីជាយ៉ាងណាក៏ដោយ ពិភពលោកក៏មិនដែលជួបប្រទះភាពមិនស្មើគ្នា និងវិសមភាពបែបនេះពីមុនមកដែរ។ បដិវត្តន៍បច្ចេកវិទ្យា និងវិទ្យាសាស្ត្រ បានកាត់បន្ថយចម្ងាយ និងធ្វើឲ្យពិភពលោកនេះកាន់តែរួមតូចជាងមុន តាមរយៈការអភិវឌ្ឍមធ្យោបាយដឹកជញ្ជូន និងទូរគមនាគមន៍បែបទំនើប បញ្ញាសិប្បនិម្មិត (AI) និងបដិវត្តឧស្សាហកម្មទីបួន (IR) រួមជាមួយនឹង ការកើនឡើងគម្លាតរវាងអ្នកមាន និងអ្នកក្រ ក៏ដូចជារវាង ប្រទេសអភិវឌ្ឍន៍ និងប្រទេសកំពុងអភិវឌ្ឍន៍»។
លើសពីនេះ លោកឧបនាយករដ្ឋមន្ដ្រី ហង់ ជួនណារ៉ុន បន្ថែមថា បញ្ហាប្រឈម នៃការអភិវឌ្ឍកាន់តែមានភាព ធ្ងន់ធ្ងរឡើងដោយសារការប្រែប្រួលអាកាសធាតុ ភាពតានតឹងនៃភូមិសាស្ត្រនយោបាយ និងការរេចរិលនៃ បរិស្ថាន។ ការប្រែប្រួលនៃអាកាសធាតុបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សុខុមាលភាពរបស់មនុស្ស និងនិរន្តរភាពបរិស្ថាន ហើយធ្វើឱ្យរំខានដល់សង្វាក់ពាណិជ្ជកម្ម និងការផ្លាស់ប្តូរទំនិញពហុភាគី៕