ព័ត៌មានជាតិ

Full Story ៖ សម្ដេចតេជោ បញ្ជារដ្ឋមន្ដ្រីក្រសួងអប់រំ ពិនិត្យលទ្ធភាព បើកសាលារៀនឡើងវិញ (Video)

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានស្នើរដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន ជួបពិភាក្សាជាមួយ អភិបាលរាជធានី-ខេត្ត ពាក់ព័ន្ធការបើកសាលារៀនឡើងវិញ នៅតាមតំបន់ដែលគ្មានការឆ្លង និងមានការឆ្លងតិចនៃជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តវិធានការសុខាភិបាលឲ្យបានជាប់ជានិច្ច។

ការលើកឡើងរបស់សម្តេចតេជោនេះ ខណៈដំណើរការចាក់វ៉ាក់សាំងកូវីដ ដល់មនុស្សគោលដៅដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅបានប្រមាណជា៩១,៧៥ភាគរយ និងក្មេងពីអាយុ១២ដល់ក្រោម១៨ឆ្នាំប្រមាណជា៧៧,២០ភាគរយ ពោលជិតគ្រប់ចំនួន ។

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទសាលារៀនទូទាំងប្រទេស អស់រយៈពេលជាង៦ខែមកហើយ តាំងពីអំឡុងមុនបុណ្យចូលឆ្នាំខ្មែរ ដើម្បីទប់ស្កាត់ និងបង្ការឆ្លងជំងឺកូវីដ-១៩ ។

តាមរយៈសារសំឡេង នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ នេះ សម្ដេចតេជោ ហ៊ុន សែន បានពិនិត្យឃើញថា រហូតដល់ពេលនេះនៅទូទាំងប្រទេសជំងឺកូវីដ-១៩ បានឆ្លងដោយដុំៗ ភាគច្រើនជាប្រជុំជន រីឯតំបន់ជនបទឆ្លងតិចតួច ខណៈខេត្តខ្លះស្ទើរតែពុំមានផងដែរ ។

សម្ដេចតេជោ មានប្រសាសន៍ថា «ខ្ញុំស្នើឲ្យ ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា ធ្វើការពិភា ក្សាជាមួយនឹងបណ្ដាខេត្ត-រាជធានី ដើម្បីកំណត់បើកទីតាំង បើកសាលារៀន នៅតាមទីតាំងមួយចំនួនដែលពុំមានជំងឺឆ្លងកើតឡើង។ យើងកំពុងចាក់វ៉ាក់សាំង កុមារ និងយុវវ័យ ចាប់ពី១២ឆ្នាំ ដល់១៨ឆ្នាំ ស្ថានភាពចាក់វ៉ាក់សាំងមកដល់ពេលនេះ ក្នុងចំណោមកុមារ យុវវ័យ ដែលមានអាយុចាប់ពី១២ឆ្នាំ ដល់១៨ឆ្នាំ ២លាននាក់ យើងចាក់បានជាង១លាន ៥សែននាក់ រួចសម្រេចទៅហើយ»។

សម្ដេចតេជោ បានសង្កេតឃើញថា នៅតាមសាលារៀនទីជនបទដែលពុំមានការឆ្លងជំងឺកូវីដ-១៩ ក្រសួងអប់រំ មានលទ្ធភាពបើកសាលារៀនទាំងនោះ ដោយមិនរង់ចាំថា «ទូទាំងប្រទេសត្រូវតែបើកនោះទេ»។ សម្ដេច ណែនាំក្រសួងអប់រំ ត្រូវជ្រើសរើសតាម ភូមិ ឃុំ ស្រុក ដែលពុំមានកើតជំងកូវីដ-១៩ ឲ្យកុមារ-កុមារី បានចូលសិក្សា ដោយរក្សាគម្លាតសុវត្ថិភាព និងអនុវត្តតាមវិធានការណ៍សុខាភិបាលឲ្យជាប់ជានិច្ច។

សម្ដេចតេជោបានបន្ដថា បច្ចុប្បន្នកម្ពុជាស្ថិតក្នុងស្ថានភាពលំបាក បើបន្ដបិទសាលារៀនទៀតដោយមិនបានចែកកន្លែងឆ្លង ឬកន្លែងមិនឆ្លង នាំឲ្យសិក្សានុសិស្សបោះបង់ចោលសាលារៀន ឬអាចសិស្សមួយចំនួនភ្លេចអក្សរជាដើម។ សម្ដេចថា ទោះបីរៀនតាមអនឡាញក៏ដោយ ប៉ុន្ដែនៅតាមជនបទមួយចំនួន ពុំមានលទ្ធភាព សិក្សាតាមអនឡាញឡើយ។

សម្ដេចតេជោ បានបន្ថែមថា កន្លែងទីប្រជុំជន ឬកន្លែងឆ្លងជំងឺកូវីដ-១៩ មានតិចតួចត្រូវពិនិត្យ ឬអនុញ្ញាតឲ្យបន្ដរៀនតាមអនឡាញ ឬរៀនដោយផ្ទាល់ ដោយរក្សាគម្លាតសុវត្ថិភាព។ សម្ដេចថា ការចាក់វ៉ាក់សាំងជូនកុមារគ្រប់ៗគ្នានោះ អាចឈានបើកសាលារៀនឡើងវិញ ដោយអនុវត្តវិធានការសុខាភិបាល ។

ឆ្លៀតឱកាសនោះដែរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏បានលើកឡើងថា នៅរាជធានីភ្នំពេញបច្ចុប្បន្ន មានចំនួនធ្លាក់ចុះ ទាំងនេះ ជាចំណុចវិជ្ជមានសម្រាប់បើកសង្គមសេដ្ឋកិច្ចឡើងវិញ ៕

To Top