ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានពន្យល់ថា កម្ពុជា មិនអាចកាត់ផ្តាច់ទាំងស្រុង មិនឲ្យមានការនាំចូលសាច់បង្កកនោះទេ ខណៈរាជរដ្ឋាភិបាល កំពុងយកចិត្តទុកដាក់ ទប់ស្កាត់ទាំងការផ្គត់ផ្គង់ ឲ្យមានចីរភាព និងទប់ស្កាត់អតិផរណា ក្នុងអំឡុងពេល ដែលមានវិធានការ ផ្អាកការនាំចូលសាច់បង្កក បណ្តោះអាសន្ន ៦ខែ ។
ថ្លែងក្នុងឱកាសអញ្ជើញ បិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤នេះ សម្តេចធិបតី បានលើកថា “ទាក់ទងនឹងសន្តិសុខស្បៀងរបស់យើង គឺពាក់ព័ន្ធទៅនឹងអ្វីដែលឯកឧត្តម ឌិត ទីណា បានលើកមុននេះ គឺពាក់ព័ន្ធនឹងការនាំចូលសាច់បង្កក ដែលកន្លងទៅប្រជាកសិករយើង បានមានការសុំអន្តរាគមន៍ ពីរាជរដ្ឋាភិបាល កិច្ចការងារនេះ គឺក្រសួងកសិកម្ម បានដឹកនាំប្រជុំ ជាមួយវិស័យចិញ្ចឹមសត្វរបស់យើង ខាងវិស័យឯកជន ពិតណាស់ ការដោះស្រាយ ការធានាកិច្ចការងារនេះ រាជរដ្ឋាភិបាល ត្រូវធានាពីរ ធានាទី១គឺ កសិផលបានថ្លៃល្អ ចំណូលដល់កសិករ ធានាមួយទៀត កុំឲ្យមានអតិផរណាថ្លៃ” ។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានពន្យល់ថា រាជរដ្ឋាភិបាល បានខិតខំដើម្បីធ្វើយ៉ាងណា ធានានូវស្ថេរភាព ក្នុងការផលិត និងចំណូលរបស់វិស័យឯកជន ដែលធ្វើយ៉ាងណាជួយកាត់បន្ថយថ្លៃដើម និងធានាធ្វើយ៉ាងណា ឲ្យចំណេញ ប៉ុន្តែតម្លៃនៃការលក់ចេញនោះ ជាពិសេសនៅក្នុងស្រុក ក៏ត្រូវមានស្ថេរភាព ។
សម្តេចធិបតី បន្ថែមថា កន្លងទៅរាជរដ្ឋាភិបាល ក៏បានដាក់ចេញ ជាគោលនយោបាយ ជាគោលការណ៍ មួយចំនួន ដូចជាការផ្អាក នៅក្នុងរយៈពេលនាំចូល នៃគ្រឿងក្នុង និងបំណែកសាច់បង្កកមួយចំនួន សម្រាប់សាច់ជ្រូក និងសាច់មាន់ និងសាច់មួយចំនួន ដែលពាក់ព័ន្ធ នៅក្នុងរយៈពេល ៦ខែ ដែលចាប់ផ្តើមពីខែ៣នេះទៅ ។ ប៉ុន្តែការអន្តរាគមន៍នេះ មិនមែនជាវិធានការមួយ សម្រាប់តែមានចីរភាព ដែលយើងចង់ធ្វើគ្រប់ពេលនោះទេ យើងត្រូវធ្វើយ៉ាងណា ដើម្បីឲ្យមានចីរភាព វិធីសាស្ត្រយ៉ាងណា ដើម្បីឲ្យធានានូវការចិញ្ចឹមសត្វ មានភាពប្រកួតប្រជែង ហើយទី២ នៅក្នុងពេលដែលយើង ផ្អាកការនាំចូលបណ្តោះអាសន្ន នៅគ្រឿងបំណែកកកនេះ យើងធ្វើយ៉ាងណាឲ្យអ្នកទិញ បំណែកកក ពីនាំពីក្រៅនេះ បង្វែរទៅភ្ជាប់ជាមួយកសិកររបស់យើង ដើម្បីអាចទិញមក ហើយគាត់យកមកបង្កក តាមបច្ចេកទេសចុះ ពេលថ្ងៃក្រោយ បើទោះបីមិនមានការដាក់ ហាមឃាត់នេះ ក៏អាចបង្កើតនូវទីផ្សារប្រព័ន្ធចរន្តមួយទៅហើយ នៃការផ្គត់ផ្គង់ផ្ទៃក្នុង ហើយកិច្ចការផ្គត់ផ្គង់ផ្ទៃក្នុងនេះ គឺជាកិច្ចការសំខាន់ណាស់ ទីផ្សារផលិតនៅនឹងកន្លែងនាំចេញ នៅនឹងកន្លែង ចឹងត្រូវធ្វើយ៉ាងណាដើម្បីខិតខំភ្ជាប់។
សម្តេចធិបតី គួសបញ្ជាក់ថា “ការគិតគូរយៈពេលវែង គឺធ្វើយ៉ាងណា ដើម្បីជួយឲ្យកសិកររបស់យើងមានលទ្ធភាព ក្នុងការប្រកួតប្រជែង យ៉ាងហោចណាស់ ក៏ដោះស្រាយនូវតម្រូវការផ្ទៃក្នុងរបស់យើង បើមិននាំចេញ ដើម្បីកាត់បន្ថយនូវការនាំចូល នូវគ្រឿងឧបភោគបរិភោគជាច្រើន យើងដាក់គោលការណ៍ ដើម្បីមិនឲ្យនាំចូលសាច់ នាំចូលអីគ្រប់មុខ មិនកើត វាប្រឆាំងជាមួយនឹងគោលការណ៍ WTO ផង ហើយឥឡូវយើងចុះហត្ថលេខា ជាសមាជិក នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីច្រើន ចឹងទៅមុខទៀតវាទាមទារ ត្រូវបង្កើនសមត្ថភាព ដើម្បីប្រគួតប្រជែង ដោយខ្លួនឯង ព្រោះអានឹងដករបាំង សម្រាប់នាំចូលពីគេ បើយើងចង់ឲ្យគេដករបាំងនាំចូលទៅយើងទៅដែរ ចឹងស្មើភាព ចឹងការទាមទារ និងការខិតខំប្រឹងប្រែងនេះ គឺត្រូវធ្វើយ៉ាងណា ដើម្បីមានចរីភាព និងនិរន្តភាពរយៈពេលវែង”។
សមម្ដេចធិបតី នាយករដ្ឋមន្រ្តី បន្ថែមថា ការពង្រឹងផ្ទៃក្នុង ក៏ដូចជាការដាក់ចេញនូវិធីសាស្ត្រផ្សេងៗ ដើម្បីធានានូវចីរភាព និងភាពប្រកួតប្រជែងបានទេ ។ ទៅចចារគេ បើកច្រកពាណិជ្ជកម្ម ប៉ុន្តែដើម្បីធានាថាពាណិជ្ជកម្មនេះ ប្រាកដជាយើងបាន ចំណេញច្រើន ទាល់តែយើងមានសមត្ថភាព ទាញផលប្រយោជន៍ ព្រោះបើកច្រកហើយ បើកច្រកហើយប្រកួតប្រជែង ចឹងទាំងមកទាំងទៅ ចឹងគឺឱកាសសម្រាប់យើងបង្កើតទីផ្សារបន្ថែម ប៉ុន្តែក៏បង្កើននូវសមត្ថភាព និងបច្ចេកទេស និងគុណភាព នៃការផលិតរបស់យើង ។ ចឹងកិច្ចការទាំងអស់នេះ យើងនៅធ្វើបន្តទៅទៀត គ្រប់ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ត្រូវរួមគ្នា ដើម្បីខិតខំបង្កើត នូវភាពប្រកួតប្រជែង ចឹងការដាក់ចេញនូវគោលការណ៍ ដាក់ចេញនូវវិធានការបណ្តោះអាសន្ន ដូចជាការលើក ផ្អាកការនាំចូលមួយរយៈខ្លី នៃសាច់បង្កកនេះ យើងសង្ឃឹមថា វានឹងជួយ ទី១សម្រាលបន្ទុក ដល់កសិកររបស់យើង ដែលចិញ្ចឹមជ្រូក ប៉ុន្តែពេលជាមួយគ្នា គឺថាពេលយកឱកាសនេះ ដើម្បីព្យាយាមភ្ជាប់និងផ្សាផ្ទៃក្នុងរបស់យើង ដើម្បីឲ្យពេល ការលើកលែង៦ខែនេះចប់ ក៏នូវមានការផ្សាភ្ជាប់ មានន័យថាអ្នកបញ្ជាទិញគ្រឿងបង្កកនេះ អាចបង្វែរមកខាងក្នុងបានជាច្រើន ចឹងយកឱកាសនេះ៕