ជាទូទៅ មុនចូលឆ្នាំថ្មីចិន អង្គភាពបក្សនិងរដ្ឋបាលគ្រប់ជាន់ថ្នាក់ប្រទេសចិននិងសហគ្រាសរដ្ឋជាដើមសុទ្ធតែជួបជុំសំណេះសំណាលជូនពរគ្នា ដែលភាសាចិនហៅកាត់ថា“团拜会”(ការជួបជុំជូនពរឆ្នាំថ្មី) ។
ពេលជួបជុំជូនពរឆ្នាំថ្មីចិន គេផ្ដល់ភេសជ្ជៈតែមួយមុខគត់គឺទឹកតែមួយពែង នេះជាទម្លាប់របស់បក្សកុម្មុយនីស្តចិនដែលប្រកាន់ខ្ជាប់តាំងពីសម័យនៅក្រុងយេនអាន(ខែតុលាឆ្នាំ១៩៣៥-ខែមិនាឆ្នាំ១៩៤៨)រហូតដល់បច្ចុប្បន្ន។
របៀប «ជួបជុំជូនពរឆ្នាំថ្មី » ផ្តួចផ្តើមដោយលោកម៉ៅសេទុង។ កាលនោះ ដើម្បីទប់ស្កាត់ទង្វើជូនកាដូ កុំឱ្យការជូនពរឆ្នាំថ្មីប៉ះពាល់ដល់ការងារ មុនចូលឆ្នាំថ្មីចិន លោកបានកោះហៅអ្នកទាំងអស់គ្នាមកជួបជុំគ្នានៅសាលប្រជុំ ម្នាក់ទឹកតែមួយកែវ គ្មានសុរាក៏សប្បាយរីករាយដែរ។
«ការជួបជុំជូនពរឆ្នាំថ្មី » ជាការបង្កើតដ៏សំខាន់មួយនៃបក្សកុម្មុយនីស្តចិន ដែលដឹកនាំផ្សព្វផ្សាយនូវវប្បធម៌ស្អាតស្អំ។ ពេលសាធារណរដ្ឋប្រជាមានិតចិនទើបបង្កើតឡើង លោក ម៉ៅសេទុង ក៏បានបញ្ជាក់ក្នុងពិធីជួបជុំជូនពរឆ្នាំថ្មីឆ្នាំសកលថា «ប្រឆាំងអំពើពុករលួយ ប្រឆាំងនឹងការខ្ជះខ្ជាយ ប្រឆាំងនឹងការិយាធិបតេយ្យ។» តាំងពីធ្វើកំណែទម្រង់និងបើកទូលាយមក មុនចូលឆ្នាំចិន មេដឹកនាំបក្សនិងរដ្ឋចិនតែងជួបជុំសំណេះសំណាលជាមួយតំណាងគ្រប់មជ្ឈដ្ឋាន ដើម្បីអបអរស្វាគមន៍ឆ្នាំថ្មី ជូនពរឆ្នាំថ្មី។
ប្រជាជាតិចិនយកចិត្តទុកដាក់លើសុជីវធម៌ដែលជូនអំណោយគ្នាទៅវិញទៅមក ពេលទៅជូនពរឆ្នាំថ្មីចំពោះអ្នកដទៃដាច់ខាតមិនអាចទៅដោយដៃទទេទេ។ ប៉ុន្តែ បក្សកុម្មុយនីស្តចិនមិនថានៅសម័យសង្គ្រាមបដិវត្តន៍ដ៏លំបាកក្តី ឬពេលបច្ចុប្បន្នដែលសម្បូរដោយសម្ភារៈក្តី រាល់ពេលចូលឆ្នាំនិងថ្ងៃបុណ្យ បក្សកុម្មុយនីស្តចិនតែងអំពាវនាវនិងគ្រប់គ្រងសមាជិកបក្ស រក្សាទម្លាប់«ផឹកតែមួយពែង»។
ក្នុងវប្បធម៌ចិន តែតំណាងឱ្យភាពស្អាតស្អំ។ ការសន្សំសំចៃ ខិតខំតស៊ូ ជាគុណធម៌ប្រពៃណីរបស់ប្រជាជាតិចិន។ បក្សកុម្មុយនីស្តចិនធ្លាប់ទ្រាំតស៊ូយ៉ាងលំបាកអំឡុងពេលយូរនៅគ្រាបង្កើតបក្សនិងរដ្ឋដែលធ្លាប់ប្រឈមនឹងការខ្វះខាតយ៉ាងធ្ងន់ធ្ងររហូតដល់បច្ចុប្បន្ន ទោះជាប្រទេសបានអភិវឌ្ឍល្អប្រសើរ ប្រជាជនរស់នៅធូរធាបង្គួរក្តី ក៏ប៉ុន្តែ នៅតែចងចាំជានិច្ចថា ទ្រព្យសម្បត្តិនិងសម្ភារៈទទួលបានមកយ៉ាងលំបាក ដូចនេះ ក្នុងបក្សដាច់ខាតមិនអនុញ្ញាតឱ្យសប្បាយហ៊ឺហារឡើយ ផ្ទុយពីនេះគឺផ្សព្វផ្សាយអំពាវនាវឱ្យសង្គមទាំងមូលអនុវត្តវប្បធម៌យុគសម័យថ្មីដែលចេះសន្សំសំចៃ ប្រឆាំងនឹងការខ្ជះខ្ជាយ ។
បន្ទាប់ពីបានឡើងកាន់មុខតំណែងជាអគ្គលេខាធិការនៃគណៈកម្មធិការមជ្ឈិមបក្សកុម្មុយនីស្តចិនមក លោក Xi Jinping តែងចុះទៅត្រួតពិនិត្យការងារតាមមូលដ្ឋានដោយជិះឡានបែបសាមញ្ញ ដើម្បីធ្វើខ្លួនជាគម្រូ។ លោកបានដាស់តឿនសមាជិកបក្សគ្រប់ជាន់ថ្នាក់ក្រឡេកមើលប្រវត្តិសាស្ត្រឡើងវិញទាំងប្រទេសជាតិ និងក្រុមគ្រួសារ រីកចម្រើនដោយសារចេះសន្សំសំចៃ ដុនដាបដោយសារតែខ្ជះខ្ជាយ ។ ត្រូវពង្រឹងកិច្ចកសាងវប្បធម៌ស្អាតស្អំក្នុងយុគសម័យថ្មី ផ្សព្វផ្សាយនូវឥរិយាបទដ៏ល្អប្រពៃរបស់បក្ស៕