ព័ត៌មានអន្តរជាតិ

ឱនភាពជំនួញចិន របស់កូរ៉េខាងជើង ឈានដល់កម្រិតខ្ពស់ថ្មី

បរទេស៖ ឱនភាពពាណិជ្ជកម្ម របស់ប្រទេសកូរ៉េខាងជើង តាមសេចក្តីរាយការណ៍ បានឈានដល់កម្រិតខ្ពស់ថ្មី នៅក្នុងឆ្នាំ២០១៩ នៅរយៈពេលប៉ុន្មានខែមុនប្រទេសកូរ៉េខាងជើង បិទព្រំដែនរបស់ខ្លួន និងដាក់កំហិតធ្ងន់ធ្ងរ លើការធ្វើដំណើរឆ្លងកាត់ព្រំដែនចិន។

យោងតាមទិន្នន័យរដ្ឋបាលគយទូទៅ របស់ប្រទេសចិន បានឲ្យដឹងថា ឱនភាពជំនួញ របស់ប្រទេសកូរ៉េខាងជើង ជាមួយមហាអំណាចសេដ្ឋកិច្ចទីពីរ ក្នុងពិភពលោកនេះ គឺស្ថិតនៅក្នុងទំហំទឹកប្រាក់២,៣៥ពាន់លានដុល្លារ កាលពីឆ្នាំមិញ ហើយឱនភាពនេះបង្ហាញឲ្យឃើញ នូវកំណើន៣០០លានដុល្លារ ពីឆ្នាំមុននោះ ជាឱនភាពដ៏ធំបំផុត ចាប់តាំងពីឆ្នាំ១៩៩៨មក។

តាមសេចក្តីរាយការណ៍ ពីទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ បានឲ្យដឹងថា ទិន្នន័យចិនបង្ហាញថា នៅក្នុងឆ្នាំ២០១៩ ប្រទេសកូរ៉េខាងជើង បាននាំចូលពីប្រទេសចិន ប្រមាណ២,៥៧ពាន់លានដុល្លារ ស្របពេលដែលការនាំចេញ ទៅកូរ៉េខាងជើង នូវទំនិញមានទំហំទឹកប្រាក់ ២១៥,២លានដុល្លារប៉ុណ្ណោះ៕ ប្រែសម្រួល៖ប៉ាង កុង

To Top