ព័ត៌មានជាតិ

លោក គួច ចំរើន ឲ្យអាជ្ញាធរពាក់ព័ន្ធ បន្តយកចិត្តទុកដាក់ដោយម៉ឺងម៉ាត់បំផុត លើការការពារបូរណភាពទឹកដីតាមខ្សែបន្ទាត់ព្រំដែន

រូបភាព៖ រដ្ឋបាលខេត្តកណ្ដាល

ភ្នំពេញ ៖ អភិបាលខេត្តកណ្ដាល និងប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត លោក គួច ចំរើន បានណែនាំដល់រដ្ឋបាលក្រុងសំពៅពូន ត្រូវសហការជាមួយអង្គភាពពាក់ព័ន្ធ បន្តយកចិត្តទុកដាក់ប្រកបដោយភាពម៉ឺងម៉ាត់បំផុត លើការការពារបូរណភាពទឹកដីតាមខ្សែបន្ទាត់ព្រំដែន ។

ការណែនាំនេះធ្វើឡើងក្នុងឱកាសលោក គួច ចំរើន និងលោក នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ នៃរដ្ឋបាលក្រុងសំពៅពូន ថ្ងៃទី២៤ កក្កដា ។

មានប្រសាសន៍ក្នុងពិធីសំណេះសំណាលលោកអភិបាលខេត្តកណ្ដាល បានណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋបាល​ក្រុង ត្រូវការពារសន្តិសុខ​ សណ្តាប់ធ្នាប់សាធារណៈ​ ដោយបន្តការខិតខំប្រឹងប្រែង​ សហការល្អជាមួយ មន្ទីរជំនាញពាក់ព័ន្ធ​ ដើម្បីរក្សាបាននូវសុខសុវត្ថិភាព ស្ថេរភាព សេចក្ដីសុខជូនប្រជាពរដ្ឋ​ ដែលជាកត្តាទាក់ទាញភ្ញៀវទេសចរណ៍​ និងអ្នកវិនិយោគ​មកកាន់មូលដ្ឋានក្រុងរបស់ខ្លួន ​។

លោកអភិបាលខេត្តបន្តថា គណៈបញ្ជាការឯកភាពរដ្ឋបាល​ក្រុង ត្រូវបន្តអនុវត្តឲ្យបានម៉ឺងម៉ាត់តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់​របស់សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ កម្ពុជា​ លើការបង្រ្កាប​ ទប់ស្កាត់ និងចាត់វិធានការច្បាប់យ៉ាងតឹងរ៉ឹងចំពោះបទល្មើសគ្រឿងញៀន​ ល្បែងស៊ីសង​ ក្មេងទំនើង​ និងគ្រោះថ្នាក់ចរាចរណ៍ឲ្យមានប្រសិទ្ធភាពខ្ពស់។ ជាមួយគ្នានេះត្រូវដឹកនាំមន្រ្តីជំនាញរដ្ឋបាលបម្រើសេវារដ្ឋបាលជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ក្នុងន័យនេះចៅសង្កាត់​ មេប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់​ ស្មៀនសង្កាត់​ ត្រូវបង្កើនសកម្មភាពបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ​ ពិសេសការផ្តល់លិខិតអត្រានុកូលដ្ឋានជូនប្រជាពលរដ្ឋដល់ខ្នងផ្ទះ​ ឬទីកន្លែងប្រារព្ធពិធីផ្សេងៗ។

ក្នុងឱកាសនោះដែរលោក គួច ចំរើន ណែនាំដល់រដ្ឋបាលក្រុង ត្រូវសហការជាមួយអង្គភាពពាក់ព័ន្ធ ជម្រុញការចុះបញ្ជីដីធ្លីជាប្រព័ន្ធ​ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងខ្សែបន្ទាត់ព្រំដែន​ នឹងអាចឈានទៅបង្កើតជាផ្លូវខ្សែក្រវ៉ាត់ព្រំដែន។ លោកក៏បានណែនាំឲ្យខិតខំចលនាប្រជាពលរដ្ឋផ្តល់ការរាយការណ៍មកកម្លាំងសមត្ថកិច្ច​ និងអាជ្ញាធរមូលដ្ឋាន​ ពាក់ព័ន្ធនឹងបញ្ហាអសន្តិសុខ ដោយផ្តល់ការសម្របសម្រួល​ ភាពងាយស្រួល​ និងការសម្ងាត់ជូនប្រជាពលរដ្ឋដែលបានរាយការណ៍ ហើយត្រូវចាត់ទុកថា ប្រជាពលរដ្ឋគឺជាអ្នករាយការណ៍ដ៏សំខាន់រាល់ភាពអសន្តិសុខទាំងអស់នៅក្នុងមូលដ្ឋានរបស់ខ្លួន។

លោកអភិបាលខេត្ត បានលើកទឹកចិត្តដល់ សង្កាត់​ ឬប៉ុស្តិ៍នគរបាលរដ្ឋបាល​ ដែលទទួលបានបណ្តឹងពីប្រជាពលរដ្ឋច្រើន​ជាងគេ គឺជាអង្គភាពដែលបានផ្តល់ភាពកក់ក្តៅជូនប្រជា​ពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ៕

To Top