ព័ត៌មានជាតិ

លោក នេត្រ ភក្រ្តា៖ សៀវភៅ «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» គឺជាមគ្គុទ្ទេសដ៏ល្អ សម្រាប់កសាងតម្លៃជាអ្នកសារព័ត៌មានវិជ្ជាជីវៈ

ភ្នំពេញ៖ លោក រដ្ឋមន្ត្រី នេត្រ ភក្ត្រា មានជំនឿជឿជាក់ថា កូនសៀវភៅ « ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន » នឹងធ្វើអោយសណ្តាប់ធ្នាប់ នៅក្នុងវិស័យសារព័ត៌មាននៅកម្ពុជា កាន់តែល្អប្រសើរ ហើយជាការតម្រង់ទិស ដល់អ្នកសារព័ត៌មានកុំឱ្យដើរហួសដែនកំណត់នៃច្បាប់ និងសិទ្ធិដែលខ្លួនមាន និងដើម្បីលើកកម្ពស់តម្លៃវិជ្ជាជីវៈសារព័ត៌មាន។

នេះជាការថ្លែងរបស់ លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក្នុងពិធីប្រគល់កូនសៀវភៅ «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» ដល់សមាគម និងអ្នកសារព័ត៌មាន នៅរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ នាសាលចតុម្មុខមង្គល នៃទីស្តីការក្រសួងព័ត៌មាន ។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងថា ក្រសួងព័ត៌មាន បានធ្វើការបោះពុម្ពកូនសៀវភៅ « ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន » ចំនួន ២៥ ០០០ ច្បាប់ សម្រាប់ចែកជូនឥតគិតថ្លៃ ដល់សមាគមសារព័ត៌មាន អ្នកសារព័ត៌មាន អ្នកបង្កើតមាតិកាអនឡាញ អ្នកប្រកបអាជីពក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ហើយក៏បានផ្តល់ជូនដល់សាធារណជនគ្រប់មជ្ឈដ្ឋាន ដែលបានដាក់ពាក្យស្នើសុំ ដើម្បីជាមូលដ្ឋានគ្រឹះ ពង្រឹងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងជំនឿទុកចិត្ត ។

លោក រដ្ឋមន្ត្រី បានបន្ថែមថា បច្ចុប្បន្នអ្នកសារព័ត៌មាននៅកម្ពុជា មានចំនួនប្រមាណ ១មុឺន នាក់ តែមកដល់ពេលនេះ ក្រសួងព័ត៌មាន បានចេញបណ្ណសារព័ត៌មាន ដែលមានភ្ជាប់ QR Code របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដល់អ្នកកាសែត បានចំនួនជាង ៨ ០០០ នាក់ ។ ដូច្នេះការដែលក្រសួងព័ត៌មាន បោះពុម្ពកូនសៀវភៅ « ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន » ចំនួន ២៥ ០០០ច្បាប់ គឺនឹងបានទៅដល់ដៃអ្នកផ្សេងៗទៀត ដែលស្រលាញ់វិជ្ជាជីវៈសារព័ត៌មាន ។

លោក នេត្រ ភក្ត្រា គូសបញ្ជាក់ថា នេះជាលើកទី១ ដែលកម្ពុជាមាន ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដែលជាមូលដ្ឋានគ្រឹះនៃក្រមសីលធម៌វិជ្ជាជីវៈដែលត្រូវបានបង្កើតឡើងដោយអ្នកសារព័ត៌មាន ដើម្បីអ្នកសារព័ត៌មាន និងសម្រាប់អ្នកសារព័ត៌មាន ហើយជាមូលដ្ឋានរួមដែលមិនអាចនរណាម្នាក់បកស្រាយផ្សេងពីគ្នាបាននោះទេ ប៉ុន្តែត្រូវឈរនៅលើមូលដ្ឋានគោលការណ៍រួមតែមួយ។

កូនសៀវភៅ « ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន » ត្រូវបានសមាគមសារព័ត៌មាន និងអ្នកសារព័ត៌មាន ជាច្រើនបានធ្វើការគាំទ្រ ព្រោះជាមូលដ្ឋានគ្រឹះដែលបានបង្ហាញនូវខ្លឹមសារដ៏សំខាន់ពាក់ព័ន្ធជាមួយក្រមសីលធម៌ និងវិជ្ជាជីវៈអ្នកសារព័ត៌មានសម្រាប់យកទៅអនុវត្តក្នុងបេសកកម្មប្រកបអាជីពក្នុងវិស័យសារព័ត៌មាន ដើម្បីធ្វើការចុះយកព័ត៌មាន និងធ្វើការផ្សព្វផ្សាយដោយត្រឹមត្រូវ យុត្តិធម៌ តម្លាភាព និងគុណភាព។

« ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន » បានផ្តើមរៀបចំចងក្រងកាលពីខែមេសា ឆ្នាំ២០២៤ ដោយមានការចូលរួមផ្តល់មតិយោបល់ពីអ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន សមាគមអ្នកសារព័ត៌មាន អង្គការ UNESCO និងអ្នកពាក់ព័ន្ធផ្សេងទៀត ៕

To Top