ភ្នំពេញ ៖ លោកបណ្ឌិត ឥន សុផល អ្នកស្រាវជ្រាវប្រវត្តិសាស្រ្តខ្មែរ បានចូលរួមចែករំលែក នូវចំណុចសំខាន់ខ្លះៗ អំពីបញ្ហាកោះគុត ដែលក្រុមប្រឆាំង កំពុងកេញចំណេញ នយោបាយ មកលើរាជរដ្ឋាភិបាលកម្ពុជា ។
តាមរយៈសំណេរ នៅលើបណ្ដាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោកបណ្ឌិត ឥន សុផល បានលើកឡើងថា បើចង់ដឹងពីការបាត់បង់ទឹកដីកម្ពុជា នៅភាគខាងលិច សូមអានសៀវភៅ “កម្ពុជា បាត់បង់ទឹកដីភាកខាងលិច” ។
ក្នុងនាមជាអ្នកស្រាវជ្រាវ លោកបណ្ឌិត ឥន សុផល បានចែករំលែកយ៉ាងដូច្នេះថា ៖
ទី១.ព្រំដែនសមុទ្ររវាង បារាំង-សៀមឆ្នាំ១៩០៧
១.បញ្ហាកោះគុត គឺជារឿងអធិបតេយ្យភាព របស់ជាតិ ខ្មែរទាំងមូល ដូច្នេះសូមគ្រប់ភាគី កុំលាបពណ៌កេង ចំណេញលើ បញ្ហានយោបាយ !
២.យោងតាមខ្លឹមសារ នៃសន្ធិសញ្ញាបារាំង-សៀមចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩០៧ ប្រការ១ “…ព្រំប្រទល់ រវាងឥណ្ឌូចិន បារាំង និង សៀម នៃព្រំដែនសមុទ្រ គឺស្ថិតនៅត្រង់ចំណុចខ្ពស់បំផុត នៅលើកោះគុក រត់ត្រង់មក បង្គោលព្រំដែន អន្តរជាតិ រវាងរដ្ឋទាំងពីរ នៅលើឆ្នេរសមុទ្រដីគោក ដែលនៅទល់មុខកោះគុត …”។
៣.នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៤១ សង្គ្រាមបារាំង-សៀមផ្ទុះឡើងនៅលើកោះចាង ដោយសារបារាំង ការពារកោះគុត មិនឱ្យកងទ័ពថៃ ឈ្លានពានទាំងបំពាន មកលើអធិបតេយ្យភាព របស់កម្ពុជានៅលើកោះគុត ។
៤.តាំងពីឆ្នាំ១៩៥៤ នៅពេលបារាំង ដកចេញពីកម្ពុជា សៀមបានបញ្ជូនកងទ័ព ចូលកាន់កាប់កោះគុតទាំងមូល និងប្រាសាទព្រះវិហារ ។ នៅពេលនោះកម្ពុជា បានប្តឹងទៅតុលាការ ICJ ទាមទារ តែប្រាសាទព្រះវិហារទេ គឺពុំបានប្តឹង ទាមទារ យកកោះគុតឡើយ ដូច្នេះសៀម បន្តកាន់កាប់រហូតមក គឺពុំដែលមានកងទ័ព ឬប្រជាជនកម្ពុជា ទៅរស់នៅលើកោះនោះទេ ។
៥.នៅឆ្នាំ១៩៦៥ សង្គ្រាមរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ លើបញ្ហាកោះគុត ដែលភាគីកម្ពុជាទាមទារយកចំណុចខ្ពស់បំផុត នៅលើកោះគុត ដែលជាអធិបតេយ្យភាពស្របច្បាប់របស់កម្ពុជា ដោយយោងទៅលើ សន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៧។ ប៉ុន្តែសង្គ្រាមនោះត្រូវបានបញ្ចប់ ក្រោមការសម្របសម្រួល របស់អង្គការសហប្រជាជាតិ ។
៦.នៅឆ្នាំ១៩៧២ រដ្ឋាភិបាលសាធារណរដ្ឋខ្មែរ បានគូសផែនទី ដោយយោងតាមសន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៧ ចេញពីបង្គោលព្រំដែន នៅលើឆ្នេរ កាត់ត្រង់ទៅចំណុចខ្ពស់បំផុត នៅលើកោះគុត ធ្វើជាខ្សែបន្ទាត់មូលដ្ឋាន រវាងព្រំដែនសមុទ្រ ជាមួយប្រទេសថៃ ។ យោងតាមសន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៧ ភាគីកម្ពុជា បានចេញក្រឹត្យទាមទារ យកកោះគុតចំនួន៣ដងគឺ៖ Kret No.622 of 30 December 1957 , Kret No. 77 -70-CE of 6 February 1970 ,Kret No.518172-PRK of 12 August 1972 ។
៧.ចាប់ពីទសវត្សរ៍ទី៧០ កម្ពុជាបានធ្លាក់ទៅក្នុងសង្គ្រាមស៊ីវីលរហូតមក ដោយពុំបានទាមទារលើអធិបតេយ្យភាព នៅលើកោះគុតនោះទេ។ ហេតុនេះភាគីថៃ ឆ្លៀតឱកាសគូសផែនទី ជាឯកតោភាគីលើកទី១ គូសក្រឡឹងយកកោះគុត, លើកទី២ គូសចេញឆ្ងាយចូលមកក្នុងដែនសមុទ្រខ្មែរ, លើកទី៣គូលចូលបន្ថែមទៀត និងលើកទី៤ខ្សែបន្ទាត់ឆ្នាំ១៩៧៣ ថៃបានគូសចូលកាន់តែជ្រៅ នៅក្នុងផែនសមុទ្រខ្មែរ ដោយគ្មានមូលដ្ឋានច្បាប់អន្តរជាតិឡើយ។ ការគូសយកដែនទឹកខ្មែរ ជាបន្តបន្ទាប់នេះ ដោយសារភាគីកម្ពុជា ពុំបានតវ៉ាឱ្យបានខ្លាំងក្លា។
៨.រាជរដ្ឋាភិបាលបច្ចុប្បន្ន ពុំទាន់បានធ្វើការចរចា ព្រំដែនទឹក ជាមួយភាគីវៀតណាម និងភាគីថៃ នៅឡើយទេ ដូច្នេះកុំឆ្លៀត ឱកាសទាញយកផល ប្រយោជន៍ យោបាយ តាមរយៈការបំភ្លៃញុះញង់ផ្សេងៗ ។ យើងត្រូវការពេលវេលា សន្សំកម្លាំង យោធា សេដ្ឋកិច្ច និង ធនធាន មនុស្ស ឱ្យបានរឹងមាំសិន ទើបចរចាក៏មិនទាន់ហួសពេលដែរ ព្រោះភាគីថៃ បានកាន់កាប់ លើកោះនេះ ច្រើនទសវត្សរ៍មកហើយ គឺពិបាកបន្តិចហើយ តែទោះបីជាយ៉ាងណាក៏ត្រូវតែទាមទារដែរ ។
៩.មានប្រទេសមួយចំនួន តែងតែរិះគន់មកលើការ អភិវឌ្ឍមូលដ្ឋានកងទ័ពជើងទឹកកំពង់ផែសមុទ្ររាម ពុំមែនខ្លាចកងទ័ពចិន អ្វីនោះទេ គឺគេខ្លាច កងទ័ពជើងទឹកកម្ពុជាខ្លាំង ការពារ និងទាមទារយកអធិបតេយ្យភាព របស់ខ្លួននៅលើដែនសមុទ្រមកវិញតែប៉ុណ្ណោះ។
ទី២.ការដោះដូរដី យោងតាមសន្ធិសញ្ញា បារាំង-សៀមឆ្នាំ១៩០៤ និង១៩០៧
លោកបន្ថែមថា យោងតាមផែនទី (៣) ដូចមានជូនភ្ជាប់បង្ហាញ ពីការដោះដូរដីរវាង បារាំង-សៀម ដែលមានសន្ធិសញ្ញា កំណត់ព្រំដែនបារាំង-សៀមឆ្នាំ១៩០៤ និង១៩០៧ ដូចតទៅ៖
សន្ធិសញ្ញាបារាំង-សៀមចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ១៩០៤ នៅចំណុច Ⓐ-Ⓑ គឺចំណុចⒶសៀម បានប្រគល់ក្រុងលួងព្រះបាង្គ ទៅឱ្យឡាវ និងចំណុច Ⓑ សៀមប្រគល់ខេត្តព្រះវិហារមកឱ្យកម្ពុជាវិញ។
សន្ធិសញ្ញាកំណត់ព្រំដែនរវាងបារាំង-សៀមចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ១៩០៤ សៀមបានប្រគល់ទឹកដីខេត្តត្រាតចំណុចⒹ, ខេត្តកោះកុងចំណុច Ⓒ មកឱ្យកម្ពុជាវិញ។ ចំណែកខេត្តដឺនសៃចំណុច Ⓔ និងចំណុច Ⓕ ដែនដីជាប់ក្រុងលួងព្រះបាង ត្រូវបានសៀមប្រគល់ទៅឱ្យឡាវវិញ ។
សន្ធិសញ្ញាកំណត់ព្រំដែនរវាងបារាំង-សៀមចុះថ្ងៃទី២៣ខែមីនា ឆ្នាំ១៩០៧ នៅត្រង់ចំណុច Ⓖ សៀមបានប្រគល់ទឹកដីខេត្តបាត់ដំបង និងសៀមរាបមកឱ្យកម្ពុជាវិញ។ ប៉ុន្តែបារាំងបានប្តូរដីទៅឱ្យសៀមវិញនៅចំណុច Ⓓ ខេត្តត្រាត និងចំណុច Ⓔ ខេត្តដឺនសៃ ។
ចំណាំៈ ការនិយាយពីបញ្ហាព្រំដែន កត្តាសំខាន់គឺមើលផែនទី ឧបសម្ព័ន្ធភ្ជាប់ ការដែលយើងអានខ្លឹមសារអក្សរ នាំឱ្យមានការប្រកែកគ្នា លើការបកស្រាយយកចំណេញរៀងៗខ្លួន៕