ភ្នំពេញ៖ ដើម្បីឱ្យព្រឹត្តិការណ៍បាល់ទាត់មិត្តភាព អបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» ដែលគ្រោងនឹងធ្វើឡើង នៅពហុកីឡដ្ឋានមរតកតេជោ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ខាងមុខនេះ មានភាពរលូន និងទទួលបានជោគជ័យ រដ្ឋបាលរាជធានីភ្នំពេញ បានបន្តរៀបចំកិច្ចប្រជុំជាថ្មីម្តងទៀត ដើម្បីពិនិត្យពីវឌ្ឍនភាពនៃគម្រោងនេះ ខណៈមានមហាជនចូលរួម ប្រមាណជាង៥ម៉ឺននាក់ ។
កិច្ចប្រជុំពីវឌ្ឍនភាព នៃព្រឹត្តិការណ៍បាល់ទាត់មិត្តភាពខាងលើនេះ បានធ្វើឡើងនារសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤នេះ នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាព លោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី, លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា,លោកនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
ក្នុងឱកាសនោះ លោកសន្តិបណ្ឌិត នេត សាវឿន បានលើកឡើងថា ការរៀបចំឡើងនូវព្រឹត្តិការណ៍បាល់ទាត់នេះ គឺដើម្បីអបអរសាទរខួប២៦ឆ្នាំ ទិវាសន្តិភាពនៅកម្ពុជា។ ដូច្នេះព្រឹត្តិការណ៍បាល់ទាត់នេះ ត្រូវតែធ្វើឡើងដោយភាពគគ្រឹកគ្រេង ជាមួយការប្រគុំតន្ត្រី បុរាណ សម័យ ដែលរៀបចំឡើងដោយស្ថានីយ៍ទូរទស្សន៍បាយ័ន។ ចំពោះការងារសន្តិសុខ សណ្តាប់ធ្នាប់វិញ ត្រូវតែពង្រឹងឱ្យបានម៉ឹងម៉ាត់បំផុត ដោយព្រឹត្តិការណ៍នេះ នឹងមានមហាជនចូលរួម ប្រមាណជាង៥ម៉ឺននាក់ តំណាងអង្គទូតនានាប្រចាំនៅកម្ពុជាក៏បានចូលរួម ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ខណៈសម្ដេចនឹងមានការអញ្ជើញប្រគល់បាល់ ជូនក្រុមកីឡា ថតរូបអនុស្សាវរីយ៍ និងសំណេះសំណាលផងដែរ ។
ក្នុងកិច្ចប្រជុំខាងលើនេះ លោក ឃួង ស្រេង បានលើកឡើងដែរថា ចំពោះព្រឹត្តិការណ៍បាល់ទាត់នេះ រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមរួចរាល់ ទាំងការរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយ ការតុបតែង ការដាក់ភ្លើងបំភ្លឺសាធារណៈ ការរៀបចំចំណតយានយន្ត និងការត្រៀមកម្លាំងកម្មករ ដើម្បីសំអាតអនាម័យបរិស្ថានជាដើម។ ព្រឹត្តិការណ៍នេះ ដោយមានអ្នកចូលរួមទស្សនា ប្រមាណ ៥ម៉ឺននាក់ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានត្រៀមអាវយឺតចំនួន៥ម៉ឺនអាវ ដើម្បីចែកជូនផងដែរ។
ថ្លែងក្នុងកិច្ចប្រជុំនេះដែរ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានស្នើឱ្យធ្វើការផ្សព្វផ្សាយ ពីព្រឹត្តិការណ៍បាល់ទាត់មិត្តភាពនេះ ឱ្យបានទូលំទូលាយ ដើម្បីឱ្យប្រជាពលរដ្ឋ បានយល់ពីខ្លឹមសារនៃព្រឹត្តិការណ៍នេះច្បាស់ នោះគឺ ការអបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» ថ្ងៃទី២៩ ខែធ្នូ ១៩៩៨ ខួបទី ២៦ឆ្នាំ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍បាល់ទាត់មិត្តភាព ដើម្បីអបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ សាលារាជធានីភ្នំពេញ សហការជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ក្រុមបាល់ទាត់តារាកម្ពុជា និងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ នឹងរៀបចំព្រឹត្តិការណ៍បាល់ទាត់មិត្តភាព នៅពហុកីឡដ្ឋានមរតកតេជោ ដោយមានការប្រកួតចំនួន២គូ ដោយគូទី១ ក្រុមបាល់ទាត់គុនខ្មែរ ប្រកួតជាមួយក្រុមបាល់ទាត់ តារាកម្ពុជា និងគូទី២ ក្រុមបាល់ទាត់ ស.ស.យ.ក. ប្រកួតជាមួយក្រុមបាល់ទាត់តារាកម្ពុជា ក្នុងនោះសម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ សម្រាប់ការប្រកួតគូទី២ រវាងក្រុមបាល់ទាត់ ស.ស.យ.ក. និងក្រុមបាល់ទាត់តារាកម្ពុជា នៅវេលាម៉ោង ១៧:០០នាទី៕