ព័ត៌មានអន្តរជាតិ

អ្នកនាំពាក្យវិមានក្រឹមឡាំងថា មិនទាន់មានការត្រៀមរៀបចំសម្រាប់ជំនួបរវាងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និង លោក ដូណាល់ ត្រាំ ទេ

RT News

បរទេស៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា មិនទាន់មានការត្រៀមរៀបចំសម្រាប់ជំនួបរវាងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ នៅឡើយទេ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា កាលពីថ្ងៃអាទិត្យ លោក ដូណាល់ ត្រាំ បានរំលឹកឡើងវិញថា លោកចង់ដោះស្រាយជម្លោះអ៊ុយក្រែន ដែលជាសញ្ញាថា លោកនឹងមិនបដិសេធការអង្គុយចុះជាមួយមេដឹកនាំរុស្ស៊ី ដើម្បីបញ្ឈប់ការបង្ហូរឈាមនោះទេ។ លោក ត្រាំថា ប្រធានាធិបតី ពូទីន បាននិយាយថា លោកចង់ជួបជាមួយខ្ញុំឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ដូច្នេះយើងត្រូវរង់ចាំរឿងនេះ ប៉ុន្តែយើងត្រូវតែបញ្ចប់សង្គ្រាមនោះ»។

នៅពេលសួរដោយសារព័ត៌មាន TASS កាលពីថ្ងៃចន្ទថាតើអ្នកទាំងពីរអាចជួបគ្នាទល់មុខគ្នាមុនពេល លោក ដូណាល់ ត្រាំ ស្បថចូលកាន់តំណែងនៅចុងខែមករាដែរឬទេ? លោក Peskov បានឆ្លើយតបថា “មិនមានកម្លាំងរុញច្រានពិតប្រាកដនៅពេលនេះទេ” ។ លោកធ្លាប់បានបញ្ជាក់ថា រុស្ស៊ីមិនមានទំនាក់ទំនងជាមួយក្រុមលោក ត្រាំ លើការដោះស្រាយជម្លោះអ៊ុយក្រែនទេ។

ការលើកឡើងនេះបានកើតឡើងបន្ទាប់ពីលោក ពូទីន កាលពីសប្តាហ៍មុនបានស្នើថា “នឹងមានការពិភាក្សាជាច្រើន” ជាមួយលោក ដូណាល់ ត្រាំ។ “ពិតណាស់ ខ្ញុំត្រៀមខ្លួននិយាយគ្រប់ពេល។ ខ្ញុំនឹងត្រៀមខ្លួនជួបជាមួយគាត់ ប្រសិនបើគាត់ចង់” មេដឹកនាំរុស្ស៊ីបាននិយាយនៅក្នុងវគ្គ Q&A ប្រចាំឆ្នាំរបស់គាត់បែបនេះ។ ទោះជាយ៉ាងណាក៏ដោយ លោកពូទីនបានកត់សម្គាល់ថា លោកមិនដឹងថាពេលណាទំនាក់ទំនងដំបូងអាចចាប់ផ្តើមបានទេ ដោយបានរំលឹកថា លោកមិនបាននិយាយជាមួយលោក ដូណាល់ ត្រាំ នោះទេ ចាប់តាំងពីអាណត្តិដំបូងរបស់ប្រធានាធិបតីជាប់ឆ្នោត៕

ប្រែសម្រួលៈ ណៃ តុលា

To Top