ព័ត៌មានអន្តរជាតិ

ឥណ្ឌា បានទទួលសំណើសុំធ្វើបត្យាប័ន លោកស្រី Sheikh Hasina ពីរដ្ឋាភិបាលបង់ក្លាដែសរួចហើយ ប៉ុន្តែមិនទាន់ផ្តល់ការអត្ថាធិប្បាយ

RT News

បរទេស៖ រដ្ឋាភិបាលបណ្តោះអាសន្ន របស់បង់ក្លាដែសបានស្នើជាផ្លូវការ ឱ្យប្រទេសឥណ្ឌាធ្វើបត្យាប័ន អតីតនាយករដ្ឋមន្ត្រី លោកស្រី Sheikh Hasina ដែលបានភៀសខ្លួនទៅកាន់ ប្រទេសឥណ្ឌាកាលពីថ្ងៃទី ៥ ខែសីហា បន្ទាប់ពីត្រូវបានបណ្តេញចេញពីអំណាចអំឡុងពេល បាតុកម្មទ្រង់ទ្រាយធំ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា សំណើនេះធ្វើឡើងបន្ទាប់ពីការអត្ថាធិប្បាយថ្មីៗរបស់ម្ចាស់រង្វាន់ណូបែល និងជាមេដឹកនាំបណ្ដោះអាសន្នរបស់បង់ក្លាដេស លោក Muhammad Yunus ដែលបានហៅវត្តមានរបស់លោកស្រី Hasina នៅក្នុងប្រទេសឥណ្ឌាថា ជាបញ្ហាសម្រាប់ក្រុងដាកា ហើយបានសន្យាថា នឹងដោះស្រាយបញ្ហាជាមួយក្រុងញូវដែលី។

ទីប្រឹក្សាកិច្ចការបរទេសរបស់រដ្ឋាភិបាល បណ្តោះអាសន្នបង់ក្លាដែស លោក Touhid Hossain បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃចន្ទថា ទីក្រុងដាកាបានផ្ញើ ‘ពាក្យសំដី’ (សារការទូត) ទៅកាន់រដ្ឋាភិបាលឥណ្ឌា ដោយស្នើសុំឱ្យបញ្ជូនលោកស្រី Hasina ត្រឡប់មកវិញសម្រាប់ “ដំណើរការតុលាការ” ។ មុននេះ ទីប្រឹក្សាកិច្ចការមហាផ្ទៃបង់ក្លាដែស Jahangir Alam ក៏បានចង្អុលបង្ហាញថា លិខិតផ្លូវការមួយត្រូវបានផ្ញើទៅ ក្រសួងកិច្ចការបរទេសរបស់ឥណ្ឌាផងដែរ ដើម្បីស្វែងរកការធ្វើបត្យាប័នលោកស្រី Hasina ដោយគូសបញ្ជាក់ពីសន្ធិសញ្ញា ដែលមានស្រាប់រវាងប្រទេសទាំងពីរ ដែលអាចជួយសម្រួលដល់ការវិលត្រឡប់មកវិញរបស់លោកស្រី។

យោងតាមរបាយការណ៍ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយបង់ក្លាដែស តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICT) ដែលមានមូលដ្ឋាននៅទីក្រុង ដាកា បានចេញដីកាចាប់ខ្លួនលោកស្រី Hasina និងអតីតរដ្ឋមន្ត្រី និងទីប្រឹក្សាជាច្រើននាក់របស់លោកស្រី ដោយចោទប្រកាន់ពួកគេពីបទ “ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងអំពើប្រល័យពូជសាសន៍”។

ទីក្រុងញូវដែលី (ឥណ្ឌា) បានបញ្ជាក់ថា បានទទួលសំណើនេះ ប៉ុន្តែមិនទាន់បានផ្តល់ការ អត្ថាធិប្បាយនៅឡើយទេ នេះបើយោងតាមកាសែត Times of India ។

សូមជម្រាបថា ការទំនាក់ទំនងការទូតនេះ កើតឡើងភ្លាមៗបន្ទាប់ពីដំណើរ ទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសឥណ្ឌាលោក Vikram Misri ទៅកាន់ប្រទេសបង់ក្លាដែស ជាកន្លែងដែលលោកបាន ពិភាក្សាជាមួយលោក Yunus និងមន្ត្រីដទៃទៀត។ បន្ទាប់ពីកិច្ចប្រជុំរបស់ពួកគេ លោក Misri បានកំណត់លក្ខណៈនៃកិច្ចពិភាក្សានេះថា មានភាពស្មោះត្រង់ និងស្ថាបនា ដោយបានដោះស្រាយបញ្ហាផ្សេងៗ នៅក្នុងទំនាក់ទំនងទ្វេភាគីដ៏សំខាន់ រួមទាំងស្ថានភាពដែលកំពុងប្រឈមមុខ នឹងជនជាតិភាគតិចនៅក្នុងប្រទេសបង់ក្លាដែស៕

ប្រែសម្រួលៈ ណៃ តុលា

To Top