ព័ត៌មានជាតិ

លោក សេង ឌីណា ៖ ពលរដ្ឋកាន់តែច្រើនដាក់ពាក្យ សុំកែតម្រូវអត្រានុកូលដ្ឋាន នៅតាមតុលាការ

ភ្នំពេញ ៖ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក សេង ឌីណា បានមានប្រសាសន៍ថា បច្ចុប្បន្នមានប្រជាពលរដ្ឋកាន់តែច្រើនឡើង ដែលមានទំនុកចិត្តលើប្រព័ន្ធ បានដាក់ពាក្យមកខាងប្រព័ន្ធតុលាការ ដើម្បីស្នើសុំកែតម្រូវអត្រានុកូលដ្ឋានឡើងវិញ ។

ការលើកឡើងរបស់លោកអ្នកនាំពាក្យនេះ បន្ទាប់ពីយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយ រឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតី នៅតាមតុលាការផ្តោតសំខាន់លើសំណុំរឿងគ្រឿងញៀន ក្មេងទំនើង គ្រោះថ្នាក់ចរាចរណ៍ និងអត្រានុកូលដ្ឋាន ត្រូវបានក្រសូងយុត្តិធម៌ប្រកាសបើក កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ ។ ក្នុងនោះបានដោះស្រាយបញ្ហាអត្រានុកូលដ្ឋាន ទទួលលទ្ធផលល្អជាទីប្រសើរនៅសេសសល់ តែបន្តិចបន្តួចប៉ុណ្ណោះប្រហែលតែ២%ទៀត កំពុងដំណើរការដោះស្រាយ។

លោក សេង ឌីណា បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា សំណុំរឿងអត្រានុកូលដ្ឋានចាស់មុនដាក់ចេញ យុទ្ធការមានចំនួន៤៩៨៣សំណុំរឿង បានដោះស្រាយចប់សព្វគ្រប់ទាំង១០០% តាំងពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤មកម្ល៉េះ មានន័យថា ត្រឹមតែ៣ខែក្រោយដាក់ចេញយុទ្ធនាការ ។ ចំពោះសំណុំរឿងថ្មីដែលដាក់ឲ្យដោះស្រាយក្រោយពេល បង្កើតយុទ្ធនាការមានចំនួន៥២៦០១សំណុំរឿង បានដោះស្រាយចប់សព្វគ្រប់ជិត៩៨% នៅសល់២%កំពុងចាត់ការ។

លោកថា ការដោះស្រាយបានលទ្ធផលល្អប្រសើរនេះហើយ ពលរដ្ឋបានថ្លែងសារអរគុណដល់ប្រព័ន្ធតុលាការ និងមានជំនឿលើប្រព័ន្ធតុលាការ បាននាំគ្នាមកដាក់ពាក្យកែតម្រូវអត្រានុកូលដ្ឋាន តាមប្រព័ន្ធតុលាការគ្រប់រាជធានី-ខេត្ត កាន់តែមានសន្ទុះខ្លាំងជាមុន ពោលគឺមានចំនួនមុនដាក់ចេញយុទ្ធនាការ ដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌បន្តថា “អីចឹងហើយបានជាយើងឃើញថាបន្តិចម្តងៗ តាំងពីដាក់ចេញនូវយុទ្ធនាការនេះមក យើងឃើញប្រជាពលរដ្ឋកាន់តែច្រើន ដាក់ពាក្យសុំកែអត្រានុកូលដ្ឋាន ទៅតុលាការ ដោយសារពេលខ្លះប្រជាពលរដ្ឋមានជម្រើស ឬមួយដាក់ពាក្យសុំកែអត្រានុកូលដ្ឋានទៅអាជ្ញាធរក៏បាន ឬក៏ដាក់មកតុលាការក៏បាន ។ ប៉ុន្តែប្រជាពលរដ្ឋគាត់មើលឃើញពីចំណាត់ការបានលឿន និងត្រឹមត្រូវរបស់តុលាការក៏នាំគ្នាមកដាក់ពាក្យសុំ កែអត្រានុកូលដ្ឋាននៅតុលាការទៅវិញ ហើយសំណុំរឿងកែអត្រានុកូលដ្ឋាន គឺមានកាន់តែច្រើនឡើងៗ”។

លោកអះអាងទៀតថា ទោះបីជាមានសំណុំរឿង កែអត្រានុកូលដ្ឋានច្រើនជាងមុនក៏ដោយ ក៏តុលាការ និងគណៈកម្មការដោះស្រាយភាពមិនប្រក្រតីនៅតុលាការ នៅតែបន្តយកចិត្តដោះស្រាយជូនពួកគាត់ជាហូរហែរ ដោយគ្មានការបន្ថយដៃនោះទេ។ ក្នុងនោះជាទូទៅនៅតាមតុលាការគ្រប់ជាន់ថ្នាក់ បានចាត់តាំងចៅក្រមឲ្យទទួលបន្ទុកចាំដោះស្រាយ ៕

To Top