ព័ត៌មានជាតិ

ច្រកចេញ-ចូលតែមួយសេវាអត្តសញ្ញាណកម្ម និងចុះបញ្ជីអត្រានុកូលដ្ឋាន តាមប្រព័ន្ធ ថ្នាក់ឃុំ-សង្កាត់ នឹងត្រូវលើកសំណើ ពង្រីក៥០០ថែមទៀត

ភ្នំពេញ ៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម កំពុងសិក្សាលើកសំណើដាក់ឃុំ-សង្កាត់ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ប្រមាណ៥០០ឃុំ-សង្កាត់ ទៀត ដើម្បីឲ្យដំណើរការយន្តការច្រកចេញចូលតែមួយសេវាអត្តសញ្ញាណកម្ម និងការចុះបញ្ជីអត្រានុកូលដ្ឋាន តាមប្រព័ន្ធនៅថ្នាក់ឃុំ-សង្កាត់ ។ នេះបើតាមលោកបណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយករដ្ឋាន អត្តសញ្ញាណកម្ម ថ្លែងក្នុងកិច្ចប្រជុំសាមញ្ញលើកទី៨ នៃគណៈកម្មការដឹកនាំតម្រង់ទិស ការងារអត្រានុកូដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤។

លោកបណ្ឌិត តុប នេត ឲ្យដឹងទៀតថា នៅខែឧសភា ឆ្នាំ២០២១ ក្រសួងមហាផ្ទៃ បានសម្រេចបង្កើតយន្ដការ ច្រកចេញចូលតែមួយសេវាអត្តសញ្ញាណកម្ម នៅ២៤ឃុំ-សង្កាត់ ក្នុងជំហានបឋម រួមមាន ៖ ឃុំ សង្កាត់៥ ក្នុងខេត្តកែប , សង្កាត់៥ ក្នុងក្រុងកំពត ខេត្តកំពត និងសង្កាត់១៤ ក្នុងខណ្ឌទាំង១៤ នៅរាជធានីភ្នំពេញ ដើម្បីផ្ដល់សេវាចុះបញ្ជីអត្រានុកូលដ្ឋាន សេវាចុះបញ្ជីស្នាក់នៅ និងសេវាការចុះបញ្ជីអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ។

លោកថា យន្តការនេះបានដំណើរការដោយជោគជ័យ និងទទួលនូវការគាំទ្រ យ៉ាងខ្លាំងក្លាពីប្រជាពលរដ្ឋ។ ចំណុចស្នូល ដែលទទួលបានការសាទរ ពីប្រជាពលរដ្ឋ គឺពួកគាត់ទទួលបានដំណោះស្រាយសេវាទាំងអស់នៅកន្លែងតែមួយ (ច្រកចេញ-ចូលតែមួយ) ងាយស្រួល និងឆាប់រហ័ស ជាពិសេសការបោះពុម្ពផ្តល់សំបុត្រអត្រានុកូលដ្ឋាន និងសៀវភៅស្នាក់នៅ អាចធ្វើឡើងដោយផ្ទាល់ចេញពីប្រព័ន្ធ ជូនទៅប្រជាពលរដ្ឋតែម្តងក្រោយ បំពេញបែបបទគ្រប់គ្រាន់។

សូមបញ្ជាក់ថា ឆ្នាំ២០២៣ គឺជាឆ្នាំទី៧ នៃការអនុវត្តផែនការយុទ្ធសាស្រ្តជាតិស្តីពីអត្តសញ្ញាណកម្ម ២០១៧-២០២៦៕

To Top