ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ Nobuhiro Aizawa ព្រឹទ្ធបុរស និងជាប្រធានសាលាសិក្សាអំពីរដ្ឋាភិបាលនៃវិទ្យាស្ថាន ស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា(ERIA) បានលើកឡើងពីភាពចាំបាច់ មិនអាចខ្វះបានរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលពិភពលោកគួររៀនសូត្រពីតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសការដឹកនាំដ៏ប៉ិនប្រសប់របស់ សម្តេចតេជោ ដែលត្រូវបានអនុវត្តជាក់ស្តែង នៅក្នុងប្រទេសកម្ពុជា និងតំបន់ផងដែរ។
![](https://dap-news.com/wp-content/uploads/2025/02/photo_2025-02-10_15-27-26-1024x682.jpg)
នេះការលើកឡើងរបស់លោក នាឱកាសសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានអនុញ្ញាតឲ្យប្រតិភូ ERIA ចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃ១០ កុម្ភៈ ។
លោកសាស្រ្តាចារ្យ Nobuhiro Aizawa ក៏បានគូសបញ្ជាក់បន្តថា លោកចង់ឱ្យអាស៊ាន និងតំបន់អាស៊ីអាគ្នេយ៍បានស្តាប់អំ កិច្ចការដែលសម្តេចតេជោសម្រេចបាននៅកម្ពុជា និងជាមួយដៃគូនានា រួមទាំងប្រទេសជិតខាងក្នុងការ កសាងមូលដ្ឋានគ្រឹះសេដ្ឋកិច្ច និងអនាគតរបស់កម្ពុជា និងតំបន់។ លោកសាស្រ្តាចារ្យ បានវាយតម្លៃខ្ពស់ចំពោះបាឋកថាគន្លឹះ របស់សម្តេចតេជា ថានឹងជួយឱ្យអ្នកជំនាន់ក្រោយ សិក្សារៀនសូត្រកាន់តែស៊ីជម្រៅអំពីអាស៊ាន និងថ្នាក់ដឹកនាំកំពូលរបស់អាស៊ាន តួយ៉ាង សម្តេចតេជោ។
![](https://dap-news.com/wp-content/uploads/2025/02/photo_2025-02-10_15-27-32-1024x682.jpg)
ជាកិច្ចឆ្លើយតប សម្តេចតេជោ បានអរគុណ លោកសាស្រ្តាចារ្យ Tetsuya Watanabe និង លោកសាស្រ្តាចារ្យ Nobuhiro Aizawa ចំពោះពាក្យពេចន៍ និងការវាយតម្លៃខ្ពស់ចំពោះបទពិសោធ និងតួនាទីសម្តេចតេជោ ក្នុងការកសាងសន្តិភាពនៅកម្ពុជា និងតំបន់។ សម្តេចតេជោ បានកត់សម្គាល់អំពីតួនាទីនិងសារៈសំខាន់នៃវិទ្យាស្ថាន ERIA ក្នុងការសិក្សាស្រាវជ្រាវ និងការរៀបចំវេទិកាសេដ្ឋកិច្ចតំបន់ ដោយមានការចូលរួមពីប្រទេសអាស៊ីបូព៌ា ប្រទេសសេដ្ឋកិច្ចធំ និងប្រទេសនានាលើពិភពលោកផងដែរ។ សម្តេចតេជោ បានបន្តថា ការរៀបចំវេទិកាក្នុងទម្រងង់ពីតូចទៅធំរបៀបនេះ ជាជំហានយុទ្ធសាស្រ្តដែលវិទ្យាស្ថាន ERIA គួរគិតគូរ។
![](https://dap-news.com/wp-content/uploads/2025/02/photo_2025-02-10_15-27-35-1024x682.jpg)
សម្តេចលើកឡើងថា បទពិសោធរបស់សម្តេច ក្នុងការបញ្ចប់សង្រ្គាមនៅកម្ពុជា តាមរយៈគោលនយោបាយឈ្នះ-ឈ្នះ ដោយមិនប្រើគ្រាប់កាំភ្លើងសូម្បីមួយគ្រាប់ ប្រហែលជាគ្មានទេនៅលើពិភពលោក។ សម្តេចតេជោ ក៏បានរំឭកអំពីការយកជីវិតទៅប្តូរនឹងការទទួលបាន សន្តិភាពទាំងមូលនៅកម្ពុជាសម្រាប់រយៈពេលវែងនេះ។ សម្តេចតេជោ គូសបញ្ជាក់ថា រយៈកាល ២៦ឆ្នាំកន្លងមកនេះ កម្ពុជាកសាងនិង រក្សាបានសន្តិភាព ដែលជាសន្តិភាពវែងជាងគេក្នុងប្រវត្តិសាស្រ្ត ៥០០ឆ្នាំចុងក្រោយរបស់កម្ពុជា។ សម្តេចតេជោ បានបន្ថែមថា ក្រោយពីបញ្ចប់សង្រ្គាមផ្ទៃក្នុងទាំងស្រុង សម្តេចបានដាក់ចេញនូវគោលដៅយុទ្ធសាស្រ្តប្រែក្លាយ តំបន់អតីតសមរភូមិឱ្យទៅជាទីផ្សារនិងតំបន់អភិវឌ្ឍ និងការប្រែក្លាយតំបន់តាមព្រំដែន ជាតំបន់កិច្ចសហប្រតិបត្តិការល្អ៕
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)