ព័ត៌មានអន្តរជាតិ

កិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលចិន ក្នុងការស្តារនិងអភិវឌ្ឍជនបទ នាំមកនូវកាលានុវត្តភាព សម្រាប់ការធ្វើទំនើបកម្មកសិកម្ម និងរួមចំណែកដល់សន្តិសុខស្បៀងសកល

ខណៈនិទាឃរដូវខិតជិតចូលមកដល់ រដ្ឋាភិបាលចិនបានបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការជំរុញប្រជាកសិករត្រៀមខ្លួនសម្រាប់ការចាប់ផ្តើមកសិកម្មនិទាឃរដូវឱ្យបានល្អ សំដៅធានាឱ្យបាននូវទិន្នផលកសិផលខ្ពស់នារដូវប្រមូលផល។ សម្រាប់ប្រទេសចិន កសិកម្មនិទាឃរដូវត្រូវបានមើលឃើញថា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រេចឱ្យបាននូវគោលដៅសន្តិសុខស្បៀង ដែលជារបៀបវារៈអភិវឌ្ឍន៍ដ៏ចំបងមួយរបស់រដ្ឋាភិបាលចិន។

ចាប់តាំងពីការចូលកាន់តំណែងជាប្រធានរដ្ឋរបស់លោក ស៊ី ជីនពីង រដ្ឋាភិបាលចិនបានផ្តល់សារៈសំខាន់ខ្ពស់ចំពោះការលើកកម្ពស់សន្តិសុខស្បៀង និងបានចាត់ទុកការស្តារ និងអភិវឌ្ឍជនបទជាអាទិភាពសំខាន់មួយនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិសម្រាប់រយៈពេលវែង។ ថ្លែងក្នុងសន្និសីទការងារជនបទមជ្ឈិមចិនកាលពីខែធ្នូ ឆ្នាំ២០២៤ លោកប្រធានរដ្ឋ ស៊ី ជីនពីង បានសង្កត់ធ្ងន់ថា “ប្រទេសចិនត្រូវតែកាន់ចានបាយរបស់ខ្លួនឱ្យណែននៅក្នុងដៃ” និងគូសបញ្ជាក់ពីតម្រូវការសម្រាប់ស្ថិរភាពស្បៀងអាហារក្នុងស្រុក ស្របពេលដែលពិភពលោកកំពុងប្រឈមមុខនឹងការកើនឡើងនៃភាពមិនប្រាកដប្រជា។

ក្នុងរយៈពេលប៉ុន្មានទស្សវត្សចុងក្រោយនេះ រដ្ឋាភិបាលចិនបានដាក់ចេញនូវកម្មវិធីគោលនយោបាយនានាជាបន្តបន្ទាប់ ដើម្បីចូលរួមលើកកម្ពស់ការស្តារ និងអភិវឌ្ឍជនបទ សំដៅបង្កើនទិន្នផលកសិកម្មជំរុញភាពគ្រប់គ្រាន់ដោយខ្លួនឯង (self-sufficiency) ក្នុងផលិតកម្មស្បៀង និងធ្វើទំនើបកម្មកសិកម្ម។ កម្មវិធីគោលនយោបាយដ៏លេចធ្លោមួយនោះគឹ “កម្មវិធីមួយពាន់ភូមិធ្វើជាគំរូ មួយម៉ឺនភូមិស្តារឡើងវិញ” ដែលត្រូវបានដាក់ចេញក្នុងឆ្នាំ២០០៣ ដោយលោកប្រធានរដ្ឋ ស៊ី ជីនពីង ក្នុងដំណើរបំពេញការងារជាលេខាធិការបក្សប្រចាំខេត្តជឺជាំង។ បច្ចុប្បន្ន កម្មវិធីនេះមិនត្រឹមតែបានក្លាយជាគំរូនៃការស្តារ និងអភិវឌ្ឍជនបទនៅប្រទេសចិនទេ ប៉ុន្តែថែមទាំងទទួលបាននូវការទទួលស្គាល់យ៉ាងទូលំទូលាយពីសំណាក់អន្តរជាតិផងដែរ។

ទន្ទឹមនឹងនេះ រដ្ឋាភិបាលចិនតែងចេញផ្សាយឯកសារមជ្ឈិមលេខ១ (No. 1 Central Document) ដែលជាផែនទីបង្ហាញផ្លូវដ៏សំខាន់ក្នុងការកំណត់ទិសដៅអាទិភាពប្រចាំឆ្នាំដើម្បីស្តារ និងអភិវឌ្ឍជនបទនៅទូទាំងប្រទេស ដែលនេះសបញ្ជាក់ឱ្យឃើញពីការប្តេជ្ញាចិត្តឥតងាករេរបស់រដ្ឋាភិបាលចិនក្នុងការជំរុញទំនើបកម្មកសិកម្ម និងការអភិវឌ្ឍជនបទ។
ជាមួយនឹងកិច្ចប្រឹងប្រែងជាបន្តបន្ទាប់ រដ្ឋាភិបាលចិនបានទទួលសមិទ្ធផលគួរឱ្យកោតស្ញប់ស្ញែង។ នៅឆ្នាំ២០២៤ ទិន្នផលស្បៀងទូទំាងប្រទេសចិនបានបំបែកកំណត់ត្រាខ្ពស់បំផុតជាលើកដំបូងជាមួយនឹងបរិមាណសរុប ៧ទ្រីលានគីឡូក្រាម កើនឡើង ១,៦% បើធៀបជាមួយឆ្នាំ២០២៣ ខណៈផ្ទៃដីដាំដុះស្បៀងទូទាំងប្រទេសចិនកើនឡើងដល់ជាង ១,១៩ រយលានហិកតា។ លើសពីនេះទៀត ប្រទេសចិនបានបង្កើតដីស្រែស្តង់ដា ៦៦៦ ម៉ឺនហិកតា ដែលអាចធានាសមត្ថភាពផលិតស្បៀងប្រមាណ ៥០ប៊ីលានគីឡូក្រាម។

លក្ខណៈពិសេសនៃយុទ្ធសាស្ត្រស្តារ និងអភិវឌ្ឍជនបទរបស់ចិន គឺការផ្តោតទៅលើនវានុវត្តន៍ និងបច្ចេកវិទ្យា។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលចិនបានវិនិយោគយ៉ាងច្រើនលើបច្ចេកវិទ្យា កសិកម្មឆ្លាតវៃ និងកសិកម្មឌីជីថល ដើម្បីបង្កើនប្រសិទ្ធភាព និងផលិតភាព ។ ការអនុវត្តផែនការសកម្មភាពកសិកម្មឆ្លាតវៃថ្នាក់ជាតិ (ឆ្នាំ២០២៤-២០២៨) និងផែនការ ៥ ប្រាំឆ្នាំលើកទី១៤ (ឆ្នាំ២០២១-២០២៥) បាន និងកំពុងផ្លាស់ប្តូរកសិកម្មបែបប្រពៃណីឱ្យក្លាយទៅជាកសិកម្មទំនើបដែលជំរុញដោយទិន្នន័យ និងបច្ចេកវិទ្យា។ ទន្ទឹមនឹងនេះ គំនិតផ្តួចផ្តើមនានាដូចជាការបង្កើតភូមិឌីជីថល និងសួនកសិកម្មទំនើប បានផ្តល់អំណាចដល់ប្រជាកសិករចិនជាមួយនឹងមធ្យោបាយប្រកបដោយបរិវត្តកម្ម ក្នុងការបង្កើនប្រសិទ្ធភាព និងទិន្នផលដំណាំ ជាពិសេសតាមរយៈការបង្កើតប្រព័ន្ធធារាសាស្រ្តស្វ័យប្រវត្តិ និងប្រព័ន្ធត្រួតពិនិត្យដើរដោយបញ្ញាសិប្បនិម្មិត។

កិច្ចប្រឹងប្រែងខាងលើមិនត្រឹមតែអនុញ្ញាតឱ្យចិនសម្រេចបាននូវសន្តិសុខស្បៀងក្នុងស្រុកនោះទេ ប៉ុន្តែថែមទាំងរួមចំណែកយ៉ាងសំខាន់ដល់សន្តិសុខស្បៀងសកលផងដែរ។ ក្នុងបរិបទនៃការកើនឡើងនៃភាពមិនប្រាកដប្រជា ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ និងភាពតានតឹងនៃភូមិសាស្ត្រនយោបាយ ពិភពលោកកំពុងតែប្រឈមមុខនឹងការធ្លាក់ចុះនៃទិន្នផលដំណាំ និងការរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់សកល។ ជាមួយនឹងវឌ្ឍនភាពដ៏ឆាប់រហ័សក្នុងការធ្វើទំនើបកម្មកសិកម្ម ប្រទេសចិនមានសក្តានុពលគ្រប់គ្រាន់ក្នុងការដើរតួនាទីជាអ្នករួមចំណែកដ៏សំខាន់ដល់សន្តិសុខស្បៀងសកល។ ក្នុងនាមជាប្រទេសផលិតគ្រាប់ធញ្ញជាតិធំជាងគេមួយដែលក្តោបក្តាប់ ២៥% នៃគ្រាប់ធញ្ញជាតិលើពិភពលោក ប្រទេសចិនក៏ជាអ្នកនាំមុខក្នុងការផលិតកប្បាស ផ្លែឈើ បន្លែ សាច់ និងស៊ុតផងដែរ។

សរុបមក កិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលចិនក្នុងការស្តារ និងអភិវឌ្ឍជនបទមិនត្រឹមតែនាំមកនូវសមិទ្ធផលដ៏អស្ចារ្យដល់ប្រជាជនចិនទាំង ១,៤ ពាន់លាននាក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកជាវិជ្ជមានដល់សន្តិសុខស្បៀងសកលផងដែរ។ ភាពជោគជ័យរបស់ប្រទេសចិននឹងក្លាយជាគំរូអភិវឌ្ឍន៍សម្រាប់ ពិភពលោក ជាពិសេសប្រទេសសកលខាងត្បូង ដែលកំពុងស្វែងរកមធ្យោបាយនានាក្នុងការលើកកម្ពស់ការស្តារ និងអភិវឌ្ឍជនបទ។

ដោយលោក ហ៊ូ ចំរើន អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា
To Top